Monday, September 29, 2025
Homeព័ត៌មានជាតិនារីម្នាក់ស្នើសម្តេចហ៊ុន សែន ចាត់វិធានការគ្រូពេទ្យគន្ធបុប្ផា៤ មិនយកចិត្តទុកដាក់អ្នកជំងឺ

នារីម្នាក់ស្នើសម្តេចហ៊ុន សែន ចាត់វិធានការគ្រូពេទ្យគន្ធបុប្ផា៤ មិនយកចិត្តទុកដាក់អ្នកជំងឺ

ភ្នំពេញ ៖ នារីម្នាក់បានស្នើសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការចំពោះគ្រូពេទ្យដែលមិនយកចិត្តទុកដាក់អ្នកជំងឺ ខណៈដែលនាងបានយកកូនតូចដែលទើបសម្រាលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា៤ ហើយពុំបានទទួលការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនោះ។

នារីដែលស្នើសម្តេចហ៊ុន សែន ចាត់វិធានការចំពោះគ្រូពេទ្យដែលមិនយកចិត្តទុកដាក់អ្នកជំងឺនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណជាង២០ឆ្នាំ មុខរបរជាបុគ្គលិករដ្ឋបាល ក្រុមហ៊ុនរោងចក្រកាត់ដេរមួយ។

នារីខាងលើបានបង្ហោះរូបថតនាងជាមួយសម្តេចហ៊ុន សែន ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ឈ្មោះ “Honey Tey” ដោយសរសេរ Comment ក្នុងទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន ដែលសរសេរផ្សាយអំពី “សម្តេចហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅតំបន់រោងចក្របៃតង ខណ្ឌសែនសុខ” នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “១ខែមុន នាងខ្ញុំមានសំណាងដែលបានជួបសម្តេច តែថ្ងៃនេះ នាងខ្ញុំមានទុក្ខជាទម្ងន់ ដោយសារពេលនាងខ្ញុំសម្រាលកូន នាងខ្ញុំសុខភាពមិនរឹងមាំ ត្រូវបញ្ជូនទៅមន្ទីពេទ្យគន្ធបុប្ផា៤ ប៉ុន្តែនៅមន្ទីរពេទ្យនេះ ពុំបានយកចិត្តទុក្ខដាក់លើអ្នកជំងឺទេ សូមសម្តេចជួយចាត់វិធានការក្នុងការកែសម្រួលឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ យកចិត្តទុកដាក់ចំពោះអ្នកជំងឺផង”។

គួរបញ្ជាក់ថា នេះពុំមែនជាលើកទី១ទេ ដែលមានការរិះគន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា យកចិត្តទុកដាក់ចំពោះអ្នកជំងឺ ព្រោះកន្លងមកជារឿយៗតែងមានការរិះគន់បែបនេះទៅលើអត្តចរិតរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនតូច ដែលហាក់មិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺដោយខ្លះមានសម្តីគំរោះគំរើយ (ឈ្លើយ) ដាក់អ្នកជំងឺ និងមាតាបិតា អ្នកជំងឺ សូម្បីសន្តិសុខនៃមន្ទីរពេទ្យនេះ ក៏ធ្លាប់ទទួលការរិះគន់ថា សម្តីគំរោះគំរើយ (ឈ្លើយហួស) ផងដែរ ដោយប្រជាពលរដ្ឋជាឪពុកម្តាយកុមារជាអ្នកជំងឺតែងអំពាវនាវស្នើសុំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារនេះពិនិត្យ និងកែលម្អទៅលើអត្តចរិតរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនតូចនោះផង ដើម្បីកុំឱ្យខូចដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនធំផ្សេងទៀតដែលល្អ និងខូចដល់ឈ្មោះនៃមន្ទីពេទ្យដ៏សប្បុរសធម៌នេះ ដែលបានជួយព្យាបាលជំងឺជូនកុមារកម្ពុជា ដោយមិនមានការបង់ប្រាក់ ពិសេសគឺការលះបង់ដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរកមូលនិធិដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ជួយព្យាបាលជំងឺជូនកុមារកម្ពុជា បានយ៉ាងច្រើនមកទល់សព្វថ្ងៃនេះ។

ទោះជាយ៉ាងណា ជុំវិញសំណូមពររបស់នារីខាងលើនេះ មិនទាន់មានការឆ្លើយតបពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា នៅឡើយទេ កាលពីម្សិលមិញ។

ប៉ុន្តែសម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃដែលសម្តេចអញ្ជើញជួបសួរសុខទុក្ខកម្មករ-កម្មការិនី ចំនួន១៣៥៦៥នាក់ មកពីរោងចក្រចំនួន២៥ ស្ថិត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧  នោះថា “ពូត្រេកអរខ្លាំងណាស់ដែលបានឃើញកូនក្មួយកម្មការិនីមានផ្ទៃពោះមានសុខភាពល្អរឹងមាំគ្រប់ៗគ្នា។ ការខិតខំប្រឹងប្រែងធ្វើការងាររបស់ក្មួយៗ គឺនឹងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរ។ ពូដឹងច្បាស់ណាស់ អំពីការត្រៀមរៀបចំរបស់កូនក្មួយ ក្នុងអំឡុងមានផ្ទៃពោះ។ ពូសប្បាយចិត្តដែលបានជួបក្មួយៗ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនដោយផ្ទាល់ដៃ ដើម្បីជួយសម្រួលដល់ការថែទាំសុខភាពសម្រាប់ក្មួយជាម្តាយផ្ទាល់ និងសម្រាប់ថែរក្សាកូនក្នុងផ្ទៃផង។

ពូសូមជូនពរកូនក្មួយៗជាទីស្រឡាញ់ មានសុខភាពល្អ សំណាងល្អ និងសម្រាលបានកូនល្អ ឆ្លាត មានកាយសម្បទាមាំមួន ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា”៕

RELATED ARTICLES