ភ្នំពេញ ៖ បុរសម្នាក់បានស្រែកឆោឡោ ចោទប្រកាន់ប្រពន្ធរបស់ខ្លួនថា បានចុះចោលផ្ទះអស់រយៈពេលជាង១ខែមកហើយ ធ្វើឱ្យខ្លួនជាប្តីតាមរកវក់វី ទីបំផុត ស្រាប់តែមកប្រទះឃើញកំពុងសម្ងំរួមរស់ជាមួយប្រុសសហាយក្នុងបន្ទប់ជួល ប៉ុន្តែត្រូវបានភាគីស្ត្រីជាប្រពន្ធបដិសេធថា នាងចុះចោលផ្ទះ ព្រោះតែគេចពីប្តីកំណាចវាយដំធ្វើបាប និងបានមករស់នៅជាមួយមិត្តភក្តិស្រីដែលមានប្តី និងកូនៗស្នាក់នៅជុំគ្នា មិនដូចអ្វីដែលប្តីចោទប្រកាន់ថា សម្ងំនៅជាមួយប្រុសសហាយនោះទេ។
ហេតុការណ៍ជម្លោះក្នុងគ្រួសារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ A៦២៤ ជាន់ទី៦ ខាងក្រោយផ្ទះឡ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ភាគីខាងប្រពន្ធដែលត្រូវប្តីចោទប្រកាន់ថា មានប្រុសសហាយ មានឈ្មោះពៅ ចន្តា ហៅស្រីនាង អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ជាមួយមិត្តភក្តិ និងមានស្រុកកំណើតនៅភូមិស្នាយពរឹម ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកភាគីបុរសជាប្តី មានឈ្មោះយឹម រិទ្ធី អាយុ២៧ឆ្នាំ មុខរបររដ្ឋបាលក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតស្រុកកំពង់បាយ ខេត្តកំពត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីបុរសជាប្តីបានឡើងទៅរករឿងឈ្លោះប្រកែកជាមួយភាគីស្ត្រីជាប្រពន្ធ ដោយបានស្រែកឡូឡាថា ស្ត្រីជាប្រពន្ធរូបនេះបានចុះចោលផ្ទះជាង១ខែមកហើយ ធ្វើឱ្យខ្លួនជាប្តីដើរតាមស្វែងរក រហូតប្រទះឃើញប្រពន្ធកំពុងសម្ងំរួមរស់ជាមួយប្រុសសហាយនៅក្នុងបន្ទប់ជួលខាងលើទៅវិញ។ ដោយសារតែឃើញភាគីទាំងពីរ បានឈ្លោះតឹងសរសៃកដាក់គ្នា ខ្លាចកើតមានអំពើហិង្សាផងនោះ ទើបអ្នកជិតខាងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចផ្អើលដល់អ្នកសារព័ត៌មានចុះ ទៅដល់ទីតាំងកើតហេតុខាងលើ។ លុះទៅដល់សមត្ថកិច្ចធ្វើការសាកសួរ ទើបដឹងថា តាមពិត ជារឿងជម្លោះផ្ទៃក្នុងគ្រួសារ ដោយសារតែការរួមរស់មិនចុះសម្រុងនឹងគ្នា តែបែរជាភាគីប្តីប្តឹងរាយការណ៍ថា ប្រពន្ធមានសហាយទៅវិញ។ បន្ទាប់មកសមត្ថកិច្ចក៏សម្រេចនាំភាគីទាំងពីរទៅធ្វើការសម្របសម្រួលនៅសាលាសង្កាត់ចោមចៅ១តែម្តង។
តាមសម្តីភាគីបុរសជាប្តី បានរៀបរាប់ប្រាប់ថា តាមពិតខ្លួនមានប្រពន្ធទី១ និងមានកូនរួចទៅហើយ តែក្រោយមកក៏បានយកនារីខាងលើធ្វើជាប្រពន្ធម្នាក់ទៀត ដោយបានរួមរស់នឹងគ្នា អស់រយៈពេល៧ឆ្នាំមកហើយ និងមានកូនប្រុសម្នាក់ អាយុ៥ឆ្នាំ សព្វថ្ងៃកំពុងរស់នៅឯស្រុកជាមួយជីដូនខាងស្រី។ ដោយសារមួយរយៈនេះ សង្ស័យថា ប្រពន្ធខ្លួនលួចមានសាហាយ ទើបចេះតែគេចមុខពីខ្លួន និងបានចុះចោលផ្ទះអស់រយៈពេល១ខែមកហើយ ទើបខ្លួនតាមស្វែងរក ទីបំផុតរកឃើញបន្ទប់ជួលកើតហេតុខាងលើ ក៏ប្តឹងប៉ូលិសថា មានសាហាយតែម្តង ហេតុនេះខ្លួនមិនសុខចិត្តទេ ត្រូវតែទាមទារយកកូន និងប្តឹងឱ្យប្រពន្ធនេះសងជំងឺចិត្តមកខ្លួនជាប្តី ទើបបាន។
ចំណែកភាគីស្ត្រីជាប្រពន្ធវិញ បានច្រានចោលរាល់ការចោទប្រកាន់របស់បុរសជាប្តី ដែលបានចោទថានាងមានសាហាយ គឺមិនពិតឡើយ។ តាមពិតក្រោយពីបានគ្នាជាមួយប្តីហេងស៊យនេះមក ពួកនាងរស់នៅមិនចុះសម្រុងគ្នាប៉ុន្មានទេ ដោយសារតែប្តីតែងតែប្រើអំពើហិង្សាមកលើនាងជាប្រពន្ធមិនឈប់ រហូតធ្វើឱ្យនាងទ្រាំលែងបានសុំដើរចាកចេញមកស្នាក់នៅបន្ទប់ជាមួយមិត្តភក្តិ ដែលជាមនុស្សស្រីមានប្តី ព្រមទាំងមានកូនរស់នៅជុំគ្នាទៀតផង ពោលគឺមិនមែនមកសម្ងំរួមរស់ជាមួយប្រុសសហាយដូចប្តីចោទប្រកាន់នោះទេ។
ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា តាមពិត មូលហេតុដែលនាងចុះចេញពីផ្ទះចោលប្តីនោះ ក៏ព្រោះតែដើម្បីគេចពីទារុណកម្មផ្លូវចិត្ត ផ្លូវកាយ ដែលប្តីបានប្រព្រឹត្តមកលើនាងប៉ុណ្ណោះ ហើយទើបតែនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ប្តីហេងស៊យរូបនេះតាមរកនាងឃើញ ក៏ស្រាប់តែចោទប្រកាន់ថា នាងនាំសហាយមកដេកទៅវិញ។
ភាពចម្រូងចម្រាស់រវាងប្តីប្រពន្ធខាងលើ បានផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍មកសម្របសម្រួលគ្នានៅសាលាសង្កាត់ចោមចៅ១។ លុះក្រោយពីសាកសួរដឹងសព្វរឿង ហើយមន្ត្រីសាលាសង្កាត់បានព្យាយាមពន្យល់អប់រំណែនាំ ចៀសវាងការប្រើអំពើហិង្សាក្នុងគ្រួសារតទៅទៀតហើយ ទោះមានរឿងអ្វីត្រូវចេះដោះស្រាយគ្នាដោយសន្តិវិធី។ លុះមួយសន្ទុះក្រោយមក ភាគីខាងប្តីបានឡើងជិះម៉ូតូឌុបចាកចេញទៅបាត់ នៅសល់តែភាគីខាងប្រពន្ធដែលមានអារម្មណ៍ភ័យខ្លាចបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននាងមិនទាន់បាននៅឡើយ នៅអង្គុយរង់ចាំសាច់ញាតិ ក្រុមគ្រួសារមកទទួលវិលត្រឡប់ទៅស្រុកកំណើតវិញ ក្នុងគោលបំណងឈប់ទទួលយកប្តីធុននេះទៀតហើយ៕