ភ្នំពេញ ៖ បុរសម្នាក់ឡើងទៅលេងមិត្តភក្តិស្រីនៅបន្ទប់ជាន់ទី៣ ឃើញស្រ្តីម្នាក់អង្គុយមាត់បន្ទប់បន្លំជាសុំទឹកផឹក រួចហើយចាប់នាងថើបសុដន់ ប៉ុនប៉ងរំលោភ ខ្លាចប្តីគេមកទាន់ បានរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលបន្ទប់លេខ៦ ជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ផន ស្រីម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅ បន្ទប់ជួលជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យមានឈ្មោះ ផួង វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយមុខបន្ទប់ជួលលេខ៦ ជាន់ទី៣ ស្រាប់តែជនសង្ស័យស្នាក់នៅបន្ទប់ជួលជាន់ទី២ បានឡើងទៅរកមិត្តស្រីរបស់ខ្លួននៅជាន់ទី៣ដែរ ប៉ុន្តែពេលឡើងទៅដល់ មិត្តស្រីបានចេញទៅធ្វើការបាត់ ហើយបានឃើញស្រ្តីរងគ្រោះក៏សុំទឹកហូបមួយកែវ ខណៈពេលស្រ្តីរងគ្រោះដើរចូលទៅចាក់ទឹកឲ្យ ស្រាប់តែជនសង្ស័យបានដើរតាមពីក្រោយជនរងគ្រោះ ហើយបានចាប់ឱបពីក្រោយ រួចចាប់ថើបសុដន់ស្រ្តីរងគ្រោះ។
ស្រ្តីរងគ្រោះបាននិយាយថា កុំធ្វើអីចឹង ប្តីខ្ញុំមកមកដល់អីលូវហើយ ទើបជនសង្ស័យចេញទៅក្រៅបាត់ទៅ បន្ទាប់មកស្រ្តីរងគ្រោះបានទៅខ្ចីទូរស័ព្ទម្ចាស់ផ្ទះ ទូរស័ព្ទប្រាប់ប្តីថា ខ្លួនត្រូវបុរសម្នាក់ចាប់ឱប និងចាប់ថើបដោះនាង។
ប្រភពដដែលបានបន្តទៀតថា ខណៈពេលប្តីបានចេញពីធ្វើការ ហើយមកដល់ផ្ទះ បានសួរនាំបន្ថែមរឿងរ៉ាវខាងលើ ។ លុះនៅវេលាម៉ោង១២និងង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ប្តីជនរងគ្រោះបានឃាត់ជនសង្ស័យ នៅបន្ទប់ជួលជាន់ទី២ ហើយប្តឹងសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរចោមចៅ១ ដើម្បីសួរនាំ។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ស្រ្តីរងគ្រោះទេ គ្រាន់តែសួរនាងថា ហូបបាយនៅ? ហើយនាងប្រាប់ថា អត់ទាន់ហូបបាយខ្លួនក៏យកបាយឲ្យនាងហូបតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹង ហើយជំនាញព្រហ្មទណ្ឌប៉ុសិ៍្តចោមចៅបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់ ៕