ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា ចូលសុំផ្ទះអ្នកលក់ថ្នាំពេទ្យស្នាក់នៅ បានស្ទុះទៅឱបរឹតគ្រូពេទ្យដែលជាអ្នកលក់ រហូតមានការភិតភ័យ មិនសូវស្រួលខ្លួន សង្ស័យដាក់ថ្នាំសណ្តំ បានស្រែកថាចោរភ្លាមៗនោះ ប្រជាពលរដ្ឋបានឃាត់ឲ្យសមត្ថកិច្ច ហេតុការន៍នេះបង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារទួលពង្រ ស្ថិតនៅផ្ទះលក់ថ្នាំពេទ្យ យីហោ វិជ្ជ ឡេងរតនៈ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលចាប់ឱបគ្រូពេទ្យ មានឈ្មោះ ប៉ាវ ខុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅភូមិខ្វាវ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះឡេង រតនៈ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែឈរលក់ថ្នាំ បន្ទាប់មកទៀត ស្រាប់តែឃើញជនសង្ស័យខាងលើបានមកសុំផ្ទះស្នាក់អាស្រ័យ ហើយបានចូលទៅឱបដើមទ្រូងគាត់ ហើយនិយាយប្រាប់ថា បងៗខ្ញុំសុំផ្ទះ
សម្រាកមួយយប់សិន ព្រោះអីមានគេតាមរករឿងគាត់ ហើយបន្ទាប់មកកូនស្រីរបស់ជនរងគ្រោះ បាននិយាយប្រាប់ទៅបុរសនោថា លោកអ៊ំៗជួលផ្ទះសំណាក់សម្រាកកទៅ ព្រោះមិនថ្លៃទេ ១យប់ តែជាង១ម៉ឺនរៀលតែប៉ុណ្ណោះ ព្រោះអីផ្ទះខ្ញុំមិនមានកន្លែងឲ្យសម្រាកទេ ។ បន្ទាប់មកទៀត ជនសង្ស័យបាននិយាយថា មិនអីទេ ឲ្យខ្ញុំសំរាកទៅ ចាំខ្ញុំអោយ៣០ទៅ៤០ដុល្លារក៏បានដែរ ឲ្យតែខ្ញុំបានសម្រាក ព្រោះអីគាត់ខ្លាចគេរករឿងគាត់។

ជនរងគ្រោះបានបន្តទៀតថា ខណៈពេលជនសង្ស័យខាងលើសុំសម្រាក ហើយឱបដើមទ្រូងរបស់គាត់បានមួយភ្លែត គាត់មានអារម្មណ៍មិនសូវស្រួលខ្លួន ចុកណែនពេញដើមទ្រូង ហើយគាត់សង្ស័យថា ជនសង្ស័យត្រូវថ្នាំសណ្តំ ក៏បានហៅកូនៗឲ្យជួយយកក្រូចឆ្មារ និងខ្ទឹមស មកញីលើផ្ទៃមុខគាត់ ទើបបានស្រឡះខ្លួនឡើងវិញ។

ភ្លាមៗនោះដែរ ជនសង្ស័យខាងលើបានហៅម៉ូតូឌុបឲ្យឌុបទៅចំការដូង ក្នុងតម្លៃ១ម៉ឺនរៀល ខណៈពេលអ្នករត់ម៉ូតូឌុបដឹកចេញបានប្រមាណជិត១០ម៉ែត្រ ជនសង្ស័យបានចាប់ច្របាច់ដើមទ្រូងអ្នករត់ម៉ូតូឌុប ធ្វើឲ្យអ្នករត់ម៉ូតូភ័យពេក ស្មានថាជាចោរ ព្រោះគាត់ទើបនឹងរត់ម៉ូតូឌុបថ្មីផង ក៏ឈប់ឌុបទៅ ពេលនោះដែរជនរងគ្រោះជាពេទ្យលក់ថ្នាំ បានស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់ថា រឿងដាក់ថ្នាំសណ្តំ គាត់មិនដែលជឿឡើយកន្លងមក តែថ្ងៃនេះហាក់បីដូចជឿទាំងស្រុងតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើបានរាយការណ៍ដល់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ភ្លាមផងដែរ ហើយឃាត់ជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលប៉ុសិ៍្តចោមចៅ១បន្ទាប់មកជនរងគ្រោះខាងលើ ដោយពុំមានភស្តុតាងនិងសាក្សីពិតប្រាកដ គាត់បានដាក់ពាក្យបណ្តឹងឡើយ គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការអប់រំ និងឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ ៕