ភ្នំពេញ ៖ ប្រជាពលរដ្ឋបានទូរស័ព្ទប្តឹងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឲ្យចុះទៅបង្ក្រាបអ្នកលេង
ល្បែងស៊ីសង ម្តង២វង់ ឃាត់ខ្លួនបានស្ត្រី៣នាក់ និងបៀរចំនួន៣ហ៊ូ យកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៥៤ នៅចំណុចផ្លូវឌឿងហែម ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ
មានប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុ បានទូរស័ព្ទរាយការណ៍ប្រាប់ថា នៅផ្លូវ១៥៤ ចំណុចផ្លូវឌឿងហែមមួយកន្លែង មានអ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង គឺលេងបៀម្តង២វង់ និងមួយវង់ទៀត ជាវង់ផឹកស៊ី មើលទៅរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ទើបកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះមកធ្វើការបង្ក្រាបជាក់ស្តែង ឃាត់បានស្ត្រី៣នាក់ មិនស្គាល់អត្តសញ្ញាណដកហូតបានវត្ថុតាងបៀរចំនួន២ទៅ៣ហ៊ូ និងលុយមួយចំនួន យកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ។
តាមចម្លើយសារភាពរបស់ស្ត្រី៣នាក់នោះ បានឲ្យដឹងថា ពួកគាត់មិនមែនជាអ្នកលេងបៀធំដុំអីទេ គឺគ្រាន់តែលេងឌូ៥រយរៀល ទៅ១ពាន់រៀល ដើម្បីសប្បាយតែប៉ុណ្ណោះ ចំណែកឯមួយវង់ទៀតបានលេងធំ លេងមួយដង២ទៅ៣ម៉ឺនរៀល។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ ត្រូវអាវុធហត្ថខណ្ឌដូនពេញ កសាងសំណុំរឿងបញ្ចូនទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតានីតិវិធី៕