ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ២នាក់ បានទិញស្រាយកមកអង្គុយផឹកស៊ីជុំគ្នា លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្ត្រីជាប្រពន្ធក៏ស្រាប់តែជេរប្រមាថមើលងាយប្តី ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់បុរសជាប្តីទប់ចិត្តមិនបាន ក៏ទាញចបជីកមកវាយសំពងប្រពន្ធ បណ្តាលឱ្យបែកចិញ្ចើមរងរបួសធ្ងន់ ចំណែកបុរសជាប្តីត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ។
ករណីប្តីប្រពន្ធផឹកស៊ីស្រវឹងផ្ទុះជម្លោះ ឈានដល់ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥៨នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចដងឬស្សីធំ ស្ថិតក្នុងភូមិបាត់ផ្តៅ ឃុំចុងកាល់ ស្រុកចុងកាល់។
ជនបង្កហេតុជាប្តីដែលសំពងប្រពន្ធ១ចបជីកបែកចិញ្ចើមនោះ មានឈ្មោះសែម ប្រម អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះកាច សុឃឿន អាយុ៥២ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធអ្នកទាំងពីរនេះ រាល់ថ្ងៃស្នាក់នៅតែ២នាក់ប៉ុណ្ណោះ ព្រោះកូនៗបាននាំគ្នាចេញទៅធ្វើការនៅប្រទេសថៃ អស់ទៅហើយ។ កន្លងមក ទាំងប្តីទាំងប្រពន្ធចេះផឹកស៊ីស្មើដៃគ្នា និងតែងផឹកស្រាស្រវឹងអួទីនួសឹងរាល់ថ្ងៃ ហើយក៏ឧស្សាហ៍មានជម្លោះនឹងគ្នាដែរ ដោយសារតែស្រាចូលខ្លួនចេះតែធ្វើឱ្យម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួន។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គេឃើញប្តីប្រពន្ធខាងលើ បានទិញស្រាមកអង្គុយផឹកស៊ីតទល់គ្នា រហូតដល់យប់ជ្រៅ ក្រោយពីស្រវឹងធ្លាក់ភ្នែក មិនដឹងជានិយាយទាក់ពាក្យសម្តីនឹងគ្នារឿងអ្វីមិនដឹង ស្រាប់តែស្ត្រីជាប្រពន្ធបានជេរប្រមាថទៅលើប្តីយ៉ាងខ្លាំង រហូតធ្វើឱ្យបុរសជាប្តីទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញចបជីកមកវាយសំពងទៅលើប្រពន្ធចំចិញ្ចើមផ្នែកខាងស្តាំ បណ្តាលឱ្យបែកយ៉ាងធំ ហូរឈាមស្រោចខ្លួន។
ក្រោយកើតហេតុ អ្នកជិតខាងបាននាំគ្នាចូលទៅឃាត់ រួចប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធទៅកាន់មណ្ឌលសុខភាពស្រុកចុងកាល់ ដើម្បីព្យាបាលរបួស។ ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួននាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចុងកាល់។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ប្តីបានសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធ១ចបជីកប្រាកដមែន មូលហេតុដោយសារតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងប្រពន្ធជេរប្រមាថ ទើបទប់ចិត្តមិនបានក៏ប្រដៅខ្លះទៅ។
ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕