ភ្នំពេញ ៖ ស្ត្រី២នាក់ជិះម៉ូតូចេញពីធ្វើការរោងចក្រ ត្រឡប់ទៅផ្ទះវិញ ក៍ត្រូវរថយន្តបើកបរដោយជនជាតិចិនម្នាក់ បានជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូអូសចូលក្រោមរថយន្ត៥ម៉ែត្រ និងធ្វើឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលា៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្លូវ៦០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ ឆុន លីដា ភេទស្រី អាយុ២២ឆ្នាំ ពោះធំ៦ខែ រងរបួសស្រាលនិងម្នាក់ទៀតមានឈ្មោះ ទួន ណារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ស្ពាន់ថ្ម ខណ្ឌដង្កោ រងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះទាំងពីរនាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជនរងគ្រោះទាំងពីរនាក់ មិនបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GL-1337 ចេញពីធ្វើការរោងចក្រនៅម្តុំទួលពង្រ គោលបំណងត្រឡប់ទៅវិញភូមិស្ពាន់ថ្ម សង្កាត់ស្ពាន់ថ្ម ខណ្ឌដង្កោ ដោយបានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ងងឹតហើយស្ងាត់ទៀតនោះ ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ មិនដឹងថា គោលបំណងទៅណានោះទេ បានបើករថយន្តម៉ាកកូរ៉ូឡាពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2G-4843 ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន បានរេចង្កូតចូលទៅផ្លូវបុកចំពីមុខពេញទំហឹង បណ្តាលឲ្យអូសចូលក្រោមប្រហែល៥ម៉ែត្រ និងធ្វើឲ្យស្ត្រីជាអ្នកឌុបរងរបួស រយះកំភួនជើងខាងឆ្វេងរបួសធ្ងន់ធ្ងរ ចំណែកស្ត្រីអង្គុយខាងក្រោយ ព្រមទាំងមានផ្ទៃពោះចំនួន៦ខែ រងរបួសរលាត់ដៃរលាត់ជើងនិងមុខ ហើយភ្លាមៗនោះដែរ ជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅព្យាបាលនៅគ្លិនិក សួគា៌ ចំណែកម៉ូតូរងការខូចខាត មួយចំហៀងខាងស្តាំ ។
ដោយឡែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងបន្តិចបន្តួច តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបររថយន្តនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅដល់កន្លែងកើតហេតុរួចហើយបានធ្វើការវាស់វែងយកទៅរថយន្តនិងម៉ូតូទៅរក្សារទុកនៅអធិការដ្ធានខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕