Monday, September 29, 2025
Homeព័ត៌មានជាតិជាងផ្សារដែកផឹកសុីជាមួយជាងម៉ូតូ ម្នាក់រត់ចោលស្រុក ម្នាក់ចូលពេទ្យ

ជាងផ្សារដែកផឹកសុីជាមួយជាងម៉ូតូ ម្នាក់រត់ចោលស្រុក ម្នាក់ចូលពេទ្យ

ខេត្តព្រះវិហារ ៖ បុរសជាជាងផ្សារដែកម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយនឹងបុរសជាជាងម៉ូតូ រហូតដល់ទប់កំហឹងមិនបានក៏ទាញកាំបិតប៉័ងតោទៅកាប់ប្រហារបុរសជាជាងម៉ូតូ ចំនួន៥កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្សារ ស្ថិតក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

 

ជនសង្ស័យដែលផឹកស៊ីស្រវឹងផ្ទុះកំហឹង ទាញកាំបិតកាប់ប្រហារគូទំនាស់ឱ្យរងរបួសធ្ងន់ មានឈ្មោះពិច ចន្ថា ហៅជាងទីន អាយុ៣៥ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើតនៅខេត្តព្រៃវែង តែបានធ្វើចំណាកស្រុកមកស្នាក់នៅ និងធ្វើការនៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉េង ត្រាយ ហៅឆ្លូញ អាយុ៣២ឆ្នាំ មុខរបរជាងម៉ូតូ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជុំគ្នា លុះក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏ស្រាប់តែកើតមានទំនាស់ពាក្យសម្តីនឹងគ្នា តែមិនដឹងជាឈ្លោះគ្នាពីរឿងអ្វីឱ្យប្រាកដនោះទេ។ ក្រោយពីឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែជនសង្ស័យដើរតាមពីក្រោយ រួចក៏ទាញកាំបិតកាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៥កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ក្បាល៣កាំបិត និងដៃទាំងសងខាង ធ្វើឱ្យដេកដួលក្នុងថ្លុកឈាមតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ ដើម្បីព្យាបាលរបួស។ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់។

ជុំវិញករណីហិង្សាខាងលើនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES