ភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីឈ្លោះប្រកែកជាមួយប្រពន្ធរួចហើយ បានឈានទៅដល់ទាញ់កាំបិតបុ័ងតោអារក បណ្តាលឲ្យរងរបួសធ្ងន់ផងដែរ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅកន្លែងលក់ត្រីផ្សារដើមពោធី៍ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ញ៉ាញ់ មុំ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះជួលភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកំពត ចំណែកជនសង្ស័យជាប្តីមានឈ្មោះ រី ភារះ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល ដកហូតកាំបិតបុ័ងតោ១ ដែលជនសង្ស័យយកទៅអាកប្រពន្ធ។
តាមសម្តីស្ត្រីជនរងគ្រោះជាប្រពន្ធដែលបានព្យាបាលរួចរាល់ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលពេលកើតហេតុ រូបគាត់កំពុងតែលក់ត្រីនៅផ្សារដើមពោធិ៍ ផ្លូវ២១៧ ភូមិឬស្សី ខណ្ឌមានជ័យ៣ខណ្ឌមានជ័យ នៅក្បាលព្រលប់ ក៍ស្រាប់តែបុរសជាប្តីនិងជាជនដៃដល់ មិនដឹងចេញពីផឹកស៊ីវិញជាមួយមិត្តភក្តិនៅទីណានោះទេ គឺបានមកសុំលុយគាត់ចំនួន៥ពាន់រៀលម្តងរួចហើយ តែរូបគាត់ជាប្រពន្ធមិនព្រមឲ្យ រហូតដល់ម៉ោងកើតហេតុ ក៍ស្រាប់តែប្តីរបស់គាត់បានមកកន្លែងលក់ត្រីម្តងទៀត ព្រមទាំងមានស្ថានភាពស្រវឹង ហើយបានបបួលរូបគាត់ជាប្រពន្ធឲ្យទៅផ្ទះ តែរូបគាត់ជាប្រពន្ធបានប្រកែកថា អត់ទាន់ទៅទេ ព្រោះលក់ត្រីមិនទាន់អស់ ព្រមទាំងសម្តីមិនសមរម្យផងនោះ ស្រាប់តែបុរសជាប្តីមិនព្រមស្តាប់ បានកើតជារឿងទាស់ពាក្យសំដីគ្នាបន្តិចបន្តួច បុរសជាប្តី បានទាញ់កាំបិតបុ័ងតោធ្វើត្រីរបស់គាត់ យកមកអារកគាត់ បណ្តាលឲ្យរយះហូរឈាមពេញខ្លួន។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីប្តីរបស់គាត់ចាប់អារកគាត់ហើយ រូបគាត់ជាប្រពន្ធមិនចង់រស់នៅទៀតទេ គឺរូបគាត់បំរុងរត់ចូលឡានឲ្យបុកស្លាប់តែម្តង តែត្រូវបានអ្នកជិតខាងជួយឃាត់ទាន់ ហើយពេលនោះដែរ ប្តីរបស់គាត់ក៍បានជួយគ្រៀកគាត់យកមកគ្លីនិកឯកជនដែលនៅក្បែរនោះ ដើម្បីជួយសង្គ្រោះផងដែរ ។
បន្ទាប់ពីហេតុការណ៍កើតឡើងរួចហើយ ដំណឹងនេះបានដឹងដល់សមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនបុរសជាប្តីដែលជាជនដៃដល់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគបាលស្ទឹងមានជ័យ៣ តែម្តង។
ក្នុងហេតុការណ៍នេះដែរ ស្ត្រីជាប្រពន្ធបានឲ្យដឹងបន្ថែមទៀតថា ពួកគាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធ បានរយៈពេល១០ឆ្នាំមកហើយ ហើយថែមទាំងបានបង្កើតបានកូនប្រុសអាយុ៥ឆ្នាំម្នាក់ផងដែរ។ តែរយៈពេល១ខែកន្លងមកនេះ ប្តីរបស់គាត់មិនសូវចូលផ្ទះប៉ុន្មាននោះទេ បែរជាទៅលួចមានស្រីម្នាក់ទៀតរួចហើយ បានមកលួងលោមរូបគាត់ប្រពន្ធ ថានឹងយកស្រីម្នាក់ទៀតឲ្យមករស់នៅរួមគ្នា តែគាត់ជាប្រពន្ធមិនព្រម ហើយរូបគាត់បានប្រាប់ទៅប្តីថា បើមានគាត់ត្រូវអត់គេ បើមានគេ ត្រូវអត់រូបគាត់ផងដែរ។
នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពអារកប្រពន្ធ ដោយខឹងស្ត្រីជាប្រពន្ធបបួលទៅផ្ទះ តែមិនព្រមទៅ ព្រមទាំងរករឿងគាត់ថែមទៀត ទើបទប់កំហឹងមិនបាន ក៏ជ្រុលដៃបែបនេះទៅ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួរជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការតាមច្បាប់ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕