Tuesday, September 30, 2025
Homeព័ត៌មានជាតិអាណិតនាងណាស់!!! ១ខែ ប្រកាច់៤ដង ម្តងនេះដាំក្បាលចូលធុងទឹកស្លាប់ ដោយសារជំងឺតេតាណូស

អាណិតនាងណាស់!!! ១ខែ ប្រកាច់៤ដង ម្តងនេះដាំក្បាលចូលធុងទឹកស្លាប់ ដោយសារជំងឺតេតាណូស

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ បានកើតមានជំងឺតេតាណូសជាយូរមកហើយ ដោយក្នុងរយៈពេល១ខែៗ នាងបានប្រកាច់៣ទៅ៤ដង លុះក្រោយពីចូលបន្ទប់ទឹកយូរពេក បុរសជាឪពុកនឹកឆ្ងល់ ដើរទៅតាមហៅ ក៏ស្រាប់តែប្រទះឃើញកូនស្រីដាំក្បាលចូលធុងទឹក ក្នុងបន្ទប់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។

នារីរងគ្រោះដែលដាំក្បាលចូលធុងទឹកស្លាប់យ៉ាងអាណោចអាធ័មនោះ មានឈ្មោះនាង វិច្ចរ៉ា អាយុ២៣ឆ្នាំ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។

តាមសម្តីលោកថោង ណារិទ្ធ អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ត្រូវជាឪពុកបង្កើតរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (នារីរងគ្រោះ) មានជម្ងឺតេតាណូសយូរមកហើយ ហើយកន្លងមកនាងធ្លាប់កើតមានអាការប្រកាច់ ក្នុង១ខែ ចំនួន៣ទៅ៤ដងឯណោះ តែមិនធ្លាប់មានបញ្ហាអ្វីធ្ងន់ធ្ងរដូចលើកនេះទេ។

បុរសជាឪពុកនារីរងគ្រោះ បន្តថា លុះមកដល់ថ្ងៃកើតហេតុ កូនស្រីរបស់គាត់បានចូលទៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ហើយក៏បាត់រហូត មិនឃើញចេញក្រៅវិញសោះ ចំណែកគាត់ដោយសង្ស័យព្រោះបាត់កូនស្រីយូរពេក ក៏តាមទៅហៅ តែមិនឮសូរសំឡេងឆ្លើយតបសោះ ទើបសម្រេចចិត្តបើកទ្វារបន្ទប់ទឹកចូលទៅមើល ស្រាប់តែប្រទះឃើញកូនស្រីផ្កាប់មុខក្នុងធុងជ័រ ដែលមានទឹកពេញបាត់ទៅហើយ។ ភ្លាមនោះ គាត់បានស្ទុះទៅលើកកូនស្រីចេញពីក្នុងធុងទឹក ហើយដោយមិនអស់ចិត្តថា កូនស្រីស្លាប់ ទើបគាត់បានដឹកបញ្ជូនទៅកាន់គ្លីនិក ដើម្បីសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែពេលទៅដល់ក្រុមគ្រូពេទ្យពិនិត្យ រួចបានប្រាប់ថា កូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ ទើបគាត់បានដឹកសពកូនស្រីត្រឡប់មកផ្ទះវិញ បន្ទាប់មករាយការណ៍ជូននគរបាល ចុះទៅពិនិត្យតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល រួមជាមួយនគរបាលប៉ុស្តិ៍ មន្ត្រីក្រុមប្រឹក្សាឃុំបែកចាន លោកមេភូមិស្វាយជ្រំ សាច់ញាតិនារីរងគ្រោះ បានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះបានស្លាប់ដោយសារតែជម្ងឺតេតាណូសរើឡើងវិញ ធ្វើឱ្យកើតអាការប្រកាច់ដាំក្បាល ចូលទៅក្នុងទឹកធុងខាងលើ បណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង ពោលគឺមិនមានជាប់ពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្មអ្វីឡើយ។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”

RELATED ARTICLES