Tuesday, September 30, 2025
Homeព័ត៌មានជាតិស្នេហាខកបំណង!!! ប្រុសអាយុ២០ឆ្នាំ លេបថ្នាំ ស្រីអាយុ១៣ឆ្នាំ ចងក

ស្នេហាខកបំណង!!! ប្រុសអាយុ២០ឆ្នាំ លេបថ្នាំ ស្រីអាយុ១៣ឆ្នាំ ចងក

ខេត្តបន្ទាយមានជ័យ ៖ យុវវ័យមួយគូនេះ បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាមួយរយៈមកហើយ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកម្តាយខាងស្រី ក៏ស្តីបន្ទោស និងវាយព្រមានកូនស្រីរបស់ខ្លួនបន្តិចបន្តួច ស្រាប់តែធ្វើឱ្យកូនស្រីខឹង ក៏រត់ទៅប្រាប់ប្រុសស្នេហ៍ និងបានបបួលគ្នា គិតខ្លីបញ្ចប់ជីវិតទាំងពីរនាក់ ដើម្បីចាប់ជាតិថ្មីក្រែងជួបស្នេហ៍សមបំណង ដោយខាងស្រីបានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្ទះអ្នកជិតខាង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម រីឯខាងប្រុសបានយកថ្នាំមកលេបសម្លាប់ខ្លួន លុះជាតិថ្នាំធ្វើទុក្ខខ្លាចស្លាប់ ក៏រត់ទាំងបែកពពុះមាត់ហៅក្រុមគ្រួសារឱ្យជួយដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះជីវិតបានទាន់ពេលវេលា។

ករណីគូស្នេហ៍វ័យក្មេងខ្ចីបបួលគ្នាធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងរឿងរ៉ាវស្នេហារបស់ខ្លួនខកបំណងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹកផ្ទះអ្នកជិតខាងមួយកន្លែង គ្មានមនុស្សនៅចាក់សោទុកចោល ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្មេងស្រីគំនិតខ្លីដែលបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួននោះ មានឈ្មោះសែម សុធារ៉ា ហៅនិត អាយុ១៣ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី៧ នៃសាលាបឋមសិក្សាសិរីសោភ័ណ មានឪពុកឈ្មោះសែម ហា អាយុ៣៧ឆ្នាំ មុខរបររត់តាក់ស៊ី ម្តាយឈ្មោះគឹម សុផានី អាយុ៣៧ឆ្នាំ មុខរបរលក់បាយនៅបេនឡាន និងស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកយុវជនជាគូស្នេហ៍ដែលបានលេបថ្នាំសម្លាប់ខ្លួន ដែរ តែមិនបានសម្រេចដូចបំណង មានឈ្មោះ រឿន សីហា អាយុ២០ឆ្នាំ ជាកូនកំព្រាឪពុកម្តាយ សព្វថ្ងៃស្នាក់នៅជាមួយបងស្រីក្នុងភូមិជាមួយក្មេងស្រីរងគ្រោះ (ផ្ទះទល់មុខគ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានមកជួលផ្ទះស្នាក់នៅក្នុងមូលដ្ឋានខាងលើ អស់រយៈពេលប្រមាណ៣ខែមកហើយ ចំណែកក្មេងស្រីរងគ្រោះ និងយុវជនឈ្មោះសីហា នោះ មិនដឹងថា បានទាក់ទងស្រលាញ់គ្នាអស់រយៈពេលប៉ុន្មានខែមកហើយនោះទេ គ្រាន់តែដឹងថា ឱ្យតែក្មេងស្រីរងគ្រោះត្រឡប់មកពីសាលារៀនវិញ តែងប្រលែងលេងជាមួយគ្នាជារៀងរាល់ថ្ងៃ ខណៈដែលឪពុកម្តាយក្មេងស្រីរងគ្រោះ មិនសូវនៅផ្ទះជាប់លាប់ផង ព្រោះតែរវល់ចេញទៅធ្វើការរកស៊ីរៀងៗខ្លួន។ យ៉ាងណា អ្នកជិតខាង ក៏មិនបានចាប់អារម្មណ៍ ឬនឹកគិតដល់ថា អ្នកទាំងពីរមានទំនាក់ទំនងគ្នាក្នុងផ្លូវស្នេហាដែរ ព្រោះឃើញពួកគេនៅវ័យក្មេងៗ នឹកស្មានថារាប់អានប្រលែងលេងនឹងគ្នាធម្មតាៗប៉ុណ្ណោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ប្អូនស្រីរបស់ក្មេងស្រីរងគ្រោះ បានប្រាប់ថា បងស្រីរបស់នាងបានទូរស័ព្ទហៅសង្សារឱ្យមកជួប ហើយបានឱ្យទិញថ្នាំមកជាមួយផង លុះមកដល់វេលាម៉ោងប្រមាណ៣រសៀល ស្រាប់តែគេឃើញយុវជនឈ្មោះរឿន សីហា បានរត់ចេញពីផ្ទះកើតហេតុខាងលើ ទាំងបែកពពុះមាត់ និងហៅក្រុមគ្រួសារឱ្យជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ។ ចំណែកក្រុមគ្រួសារក្មេងស្រីរងគ្រោះបានខិតខំដើររកកូនស្រី តាំងពីវេលាម៉ោង៣រសៀល រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញក្មេងស្រីរងគ្រោះចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។

តាមសម្តីបុរសជាឪពុកមារបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្មួយស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានបាត់ពីផ្ទះតាំងពីម៉ោង៣រសៀល ជាមួយនឹងឈ្មោះរឿន សីហា លុះក្រោយមកគេឃើញក្មេងប្រុសឈ្មោះរឿន  សីហា បានរត់ចេញមកពីបន្ទប់ទឹកផ្ទះជិតខាង (ទីតាំងកើតហេតុ) ទាំងអាការបែកពពុះមាត់ និងត្រដរខ្យល់ ហើយត្រូវបានបងស្រីរបស់ក្មេងប្រុសនោះ ជួយដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ បាត់ទៅ។ បន្ទាប់មក ពួកគាត់បាននាំគ្នាដើរតាមស្វែងរកក្មួយស្រីដែរ តែរកមិនឃើញសោះ រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល ដោយមានការសង្ស័យ គាត់បានទៅមើលក្នុងបន្ទប់ទឹកផ្ទះអ្នកជិតខាង ដែលជាកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញក្មួយស្រីរបស់គាត់ បានយកអាវចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹកមិនដឹងស្លាប់តាំងពីពេលនោះទេ។

ក្រោយកើតហេតុ ក្រុមគ្រួសាក្មេងស្រីរងគ្រោះបាននាំគ្នាជួយស្រាយចំណងដាក់ក្មេងស្រីរងគ្រោះចុះមកក្រោម ក្រែងអាចសង្គ្រោះបាន ប៉ុន្តែយឺតពេលទៅហើយ ដោយឪពុកម្តាយបានត្រឹមស្រែកទ្រហោយំឱបសពកូនស្រីដោយក្តីសង្វេគប៉ុណ្ណោះ។ បន្ទាប់មក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

បន្ទាប់ពីពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើអាវសិស្សសាលាចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹកដំបូលស័ង្កសី។ ចំណែកនៅកន្លែងកើតហេតុគេឃើញមានថ្នាំប៉ារ៉ានៅរាយប៉ាយ និងដបថ្នាំ១ដប រួមទាំងមានលុយមួយចំនួននៅក្រោមសពក្មេងស្រីរងគ្រោះផងដែរ។ យ៉ាងណា សមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ថា ករណីនេះមិនពាក់ព័ន្ធទៅនឹងអំពើឃាតកម្មរំលោភសេពសន្ថវៈសម្លាប់នោះទេ ព្រោះថា សន្ទះព្រហ្មចារីរបស់ក្មេងស្រីរងគ្រោះនៅល្អដដែល មិនមានទទួលរងការប៉ះពាល់ ឬរំលោភសេពសន្ថវៈនោះឡើយ។

ពាក់ព័ន្ធនឹងករណីក្មេងស្រីចងកសម្លាប់ខ្លួន ចំណែកក្មេងប្រុសលេបថ្នាំប៉ងសម្លាប់ខ្លួននេះ មានប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា រឿងនេះ គឺបណ្តាលមកពីអ្នកទាំងពីរខកចិត្តចំពោះស្នេហារបស់ពួកគេ ដែលមិនសមបំណង  ដោយសារក្មេងប្រុសស្រីទាំង២នាក់ខាងលើនេះ បានទាក់ទងស្រលាញ់គ្នាជាយូរមកហើយ តែរឿងនេះបានបែកធ្លាយដឹងដល់ឪពុកម្តាយខាងស្រី និងត្រូវបានឪពុកម្តាយខាងស្រី ស្តីបន្ទោស ព្រមទាំងវ៉ៃព្រមានកូនស្រីខ្លះផង ទើបបានជាធ្វើឱ្យកូនស្រីតូចចិត្ត ក៏ហៅប្រុសស្នេហ៍មកសម្លាប់ខ្លួនជាមួយគ្នាដោយខាងស្រីសម្រេចចិត្តចងកស្លាប់ក្នុងបន្ទប់ទឹក ចំណែកខាងប្រុសសុខចិត្តលេបថ្នាំសម្លាប់ខ្លួន តែមិនស្លាប់ដូចបំណង ក៏រត់ទៅហៅបងស្រីឱ្យជួយដឹកទៅពេទ្យសង្គ្រោះ បានទាន់ពេលវេលា។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងដាក់វិធានការដល់កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយកម្លាំងនគរបាលជំនាញក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវជុំវិញករណីអត្តឃាតនេះឱ្យបានហ្មត់ចត់ ដើម្បីស្វែងរកការពិតជូនដល់គ្រួសារក្មេងស្រីរងគ្រោះ បានអស់ចិត្ត។

ដោយឡែក យុវជនជាសង្សារដែលកំពុងដេកសម្រាកនៅក្នុងមន្ទីរពេទ្យ ត្រូវបានសមត្ថកិច្ចធ្វើការយាមកាមយ៉ាងតឹងរឹងបំផុត ដើម្បីរង់ចាំឱ្យស្ថានភាពយុវជននេះ បានធូរស្រាល នឹងធ្វើការសាកសួរបញ្ជាក់ពីដំណើរដើមរឿងឱ្យបានច្បាស់លាស់៕

RELATED ARTICLES