ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទទំនើប១គ្រឿង ពីហាងលក់ទូរស័ព្ទមួយកន្លែង រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវម្ចាស់ទូរស័ព្ទដឹងទាន់ ប្រដេញតាមចាប់បាន ស្រាប់តែបុរសសង្ស័យរូបនោះបែរជាឆ្លើយថា តាមពិតមូលហេតុដែលរូបគេលួចទូរស័ព្ទនេះ គឺព្រោះតែឈឺចិត្តស្អិតទ្រូងនឹងរឿងស្រីស្នេហ៍សុំបែកផ្លូវ ទើបធ្វើឱ្យរូបគេវិលវល់អារម្មណ៍គិតអ្វីមិនចេញ រហូតដល់បែកគំនិតលួចទូរស័ព្ទបែបនេះតែម្តង។

ករណីបុរសតូចចិត្តស្រីស្នេហ៍បែកចិត្ត បែរជាបែកគំនិតលួចទូរស័ព្ទគេនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះលេខ២០៥ តាមបណ្តោយផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ប៉ុន្តែក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទបានហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួន មកដល់មុខមន្ទីរពេទ្យរុស្ស៊ី ក៏ត្រូវម្ចាស់ទូរស័ព្ទតាមទាន់ចាប់ក្របួចជាប់ នៅតាមបណ្តោយផ្លូវលេខ២៧១ ចំណុចមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យជាចោរលួចទូរស័ព្ទខាងលើនេះ មានឈ្មោះគង វណ្ណៈ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅភូមិ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះសុខ លាភ អាយុ៣១ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវលេខ២០៥ កែងផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ដោយឡែកទូរស័ព្ទទំនើបដែលជនសង្ស័យលួចនោះ ម៉ាក iPhone 7Plus ពណ៌ក្រហម។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BS-6844 ចូលមកកន្លែងលក់ទូរស័ព្ទរបស់គាត់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវលេខ៣៨៨។ លុះពេលចូលមកដល់ ដោយមិនឃើញគាត់ម្ចាស់ហាងនៅយាមកន្លែង ព្រោះរវល់ធ្វើទូរស័ព្ទនៅខាងក្នុង ហើយស្របពេលដែលគាត់បានដាក់ទូរស័ព្ទម៉ាក iPhone 7Plus ពណ៌ក្រហមមួយគ្រឿង សាកថ្មចោលនៅក្បែរទូខាងមុខនោះផង ទើបធ្វើឱ្យជនសង្ស័យឆ្លៀតឱកាសលួចយកទូរស័ព្ទ១គ្រឿងនោះបានសម្រេច តែពេលដកទូរស័ព្ទចេញពីខ្សែសាកថ្ម បានធ្វើឱ្យជ្រុះឆ្នាំងសាកលាន់សំឡេងឮដល់គាត់នៅខាងក្នុងចេញមកមើល ទើបដឹងថា ជនសង្ស័យបានលួចទូរស័ព្ទរបស់គាត់ឡើងជិះម៉ូតូគេចខ្លួន។ ភ្លាមនោះ គាត់ក៏ប្រញាប់ជិះម៉ូតូប្រដេញតាមជនសង្ស័យ រហូតមកដល់ចំណុចខាងមុខមន្ទីពេទ្យរុស្សី ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក កំពុងល្បាតជួយដេញតាម ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង និងត្រូវប្រជាពលរដ្ឋខ្លះផ្ទុះកំហឹង ក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្តាលឱ្យបែកមាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានដកហូតទូរស័ព្ទ iPhone 7Plus នោះទៅឱ្យម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទមុនៗ
សាយប៉ាន អាចមានទោសរឿងបង្ហោះប្រដាប់ភេទសង្សារ
មានសង្សាររូបសង្ហា ត្រូវចិត្តខ្លាំងពេក ធ្វើឱ្យតារាឯកស្រី សាយប៉ាន អភិនយ៉ា ងាកបង្ហោះៗមិនឈប់ឈរ ហើយមិនដឹងជាប្រើស្នៀតបង្ហោះ របៀបណាបានជាដោយទាំងប្រដាប់ភេទសង្សារផង បណ្តាលឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម ។
ក្រោយពេលបង្ហោះរូបក្នុងអ៊ីនស្តាក្រាម ដោយទាំងប្រដាប់ភេទសង្សារ សាយប៉ាន ក៏បានចេញមកបកស្រាយ និងសុំទោសមហាជនថា “ចេញពីគណនី IG Story ដែលខ្ញុំបានបង្ហោះ ខ្ញុំត្រូវសុំទោសជាទីបំផុត។ ទាំងអស់នេះ កើតឡើងដោយអចេតនា និងគ្មានភាពហ្មត់ចត់ ទើបបណ្តាលឱ្យមានកំហុសថ្លោះធ្លោយ។ នាងខ្ញុំសូមអនុញ្ញាតបកស្រាយដូចតទៅ ៖
១.ខ្ញុំតាំងចិត្តថត Story ខ្លីៗនៅក្នុងអ៊ីនស្តារក្រាមមួយទៀតដែលខ្ញុំប្រើលេងជាមួយមិត្តភក្តិ៥នាក់ ហើយតាំងចិត្តថា ទុកជារឿងផ្ទាល់ខ្លួន ដោយមិនមានចេតនា ចង់ឱ្យឃើញអ្វីនោះឡើយ។
២.ខ្ញុំមិនទាន់បានសង្កេតថា នៅក្នុងឃ្លីបខ្លីៗនោះ មានថតអ្វីខ្លះ ព្រោះខ្ញុំរវល់តែផ្តោតទៅលើអេក្រង់ទូរស័ព្ទនៅក្នុងដៃ។
៣.នៅពេលដឹងខ្លួនភ្លាម ខ្ញុំក៏ប្រញាប់លុប Story ដូចដែលបានពេលនោះ។ ប៉ុន្តែដោយសារភាពលឿននៃបណ្តាញសង្គម ធ្វើឱ្យរឿងនេះត្រូវគេផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ហួសពីលទ្ធភាពដែលខ្ញុំអាចកែខៃបាន។
ដូចដែលបានពោលទាំងអស់នេះ នាងខ្ញុំសុំទោសចំពោះកំហុសឆ្គងនេះ។ រឿងដែលកើតឡើងនេះ នឹងក្លាយជាមេរៀនឱ្យខ្ញុំធ្វើអ្វីដោយមានសតិ និងហ្មត់ចត់រាល់លើក ជាពិសេស ការបង្ហោះ Story ដែលជាឃ្លីបខ្លីៗ ហើយបង្ហោះភ្លាមៗបែបនេះ។ សូមទោសចេញពីចិត្តចា៎!
ចំណែកលោក វុឍ ណាន់ថាវុឍិ ដែលជាសង្សាររបស់ ប៉ាន និងជាម្ចាស់ប្រដាប់ភេទជាទីភ្ញាក់ផ្អើលពេញបណ្តាញសង្គមនោះ ក្រោយពេលកើតរឿងនេះឡើង ក៏បានបង្ហោះរូបចាប់កាន់ដៃសង្សារ ស្រីអមដោយពាក្យពេចន៍ថា “អញធ្លាប់ឆ្លងកាត់ពេលវេលាដ៏សែនពិបាកច្រើនណាស់។ ត្រឹមប៉ុណ្ណេះ មិនស្កៀបស្បែកផងទេ”!។
ទោះជាយ៉ាងណាក៏ដោយ ក្រោយកើតហេតុការណ៍នេះរួច សាយប៉ាន និង វុឍិ ព្រមទាំងម្តាយរបស់តារាឯកស្រី បាននាំគ្នាទៅធ្វើបុណ្យចំនួន៩វត្ត ដោយ សាយប៉ាន បានបង្ហោះថា “ទើបតែបានថតវត្តចុង ក្រោយទី៩”។
ប៉ុន្តែរឿងរ៉ាវមិនចប់ត្រឹមការសុំទោស និងធ្វើបុណ្យ៩វត្តទេ ព្រោះពេលនេះ ប៉ូលិសត្រៀមចាប់ទោស សាយប៉ាន បន្ទាប់ពីរាលកៃបង្ហោះ ប្រដាប់ភេទសង្សារ។ ទោះជារឿងអចេតនាក្តី តែក៏បានប្រព្រឹត្តខុស រួចរាល់ហើយ។ ចំណែកអ្នកចែកចាយបន្តក៏មានកំហុសដូចគ្នាដែរ។
លោកឧត្តមសេនីយ៍ត្រីប៉ូលិស វរវ៉ាត់ ពន្យល់ថា “ករណីនេះ ប្រសិនបើមានភ័ស្តុតាងច្បាស់លាស់ រូបភាពច្បាស់ នឹងចូលក្នុងបទប្រព្រឹត្តខុសមាត្រា១៤ (៤) ដែលបាននាំយករូបភាពលាមក អនាចារ មកក្នុងប្រព័ន្ធកុំព្យូទ័រ”។
មាគ៌ាស្នេហារវាង សាយប៉ាន និង វុឍិ បានចាប់ផ្តើម យ៉ាងឆាប់រហ័សកាលពីចុងឆ្នាំ២០១៧។ ដូច្នេះ ទើបភាគីប្រុស ត្រូវគេចាត់ទុកថា ជាបាតដៃទី៣ បំបែកបំបាក់ស្នេហារវាង សាយប៉ាន និងអតីតសង្សារចាស់ អាបេ។ ប៉ុន្តែ សាយប៉ាន ចេញមកអះអាងថា នាង និង អាបេ បែកបាក់គ្នាកន្លះឆ្នាំមកហើយ ព្រមទាំងអះអាងថា វុឍិ ពុំមែនជាបាតដៃទី៣ទេ។ ក្រោយពេលប្រកាសថា ជា សង្សារនឹងគ្នាហើយ អ្នកទាំងពីរក៏បង្អួតភាពផ្អែមល្ហែមជាប្រចាំ មុននឹង មកជូរចត់ជាមួយរូបភាពលេចធ្លាយប្រដាប់ភេទសង្សារថ្មីនាពេលនេះ៕
http://www.nokorthomdaily.com/2018/01/17012018452/