Friday, October 3, 2025
Homeព័ត៌មានជាតិស្ទើរគាំងបេះដូងស្លាប់!!! ម្តាយវាយប្រដៅសោះ កូនប្រុសចិត្តក្តៅដុតសម្លាប់ខ្លួន

ស្ទើរគាំងបេះដូងស្លាប់!!! ម្តាយវាយប្រដៅសោះ កូនប្រុសចិត្តក្តៅដុតសម្លាប់ខ្លួន

ខេត្តសៀមរាប ៖ ក្មេងប្រុសឈាមរាវចិត្តខ្លាំងម្នាក់ ព្រោះតែខឹងចិត្តនឹងម្តាយស្តីបន្ទោស ព្រមទាំងវ៉ៃ២រំពាត់ ស្រាប់តែដាច់ចិត្តគិតខ្លី ទិញសាំងមកចាក់ស្រោច រួចដុតសម្លាប់ខ្លួន បណ្តាលឱ្យឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើង គួរឱ្យសង្វេគបំផុត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការដំឡូងមួយកន្លែង ក្បែរផ្លូវលំ ស្ថិតក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ។

ក្មេងប្រុសចិត្តខ្លាំងគំនិតខ្លី ដែលខឹងម្តាយវ៉ៃតិចតួច បែរជាចាក់សាំងដុតសម្លាប់ខ្លួននេះ មានឈ្មោះគង់ ចា អាយុ១៤ឆ្នាំ មុខរបរសិស្ស សាលា មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងរន្ធត់ចិត្តថា ជីវភាពគ្រួសារគាត់ក្រីក្រណាស់ ប៉ុន្តែទោះជាលំបាកវេទនាយ៉ាងណា ក៏គាត់នៅតែខំប្រឹងដើម្បីឱ្យកូនប្រុសបានចូលសាលារៀនសូត្រ មានចំណេះដឹង ទុកជាទុនតទៅអនាគត កុំឱ្យអវិជ្ជា រស់នៅក្នុងស្ថានភាពក្រលំបាកតោកយ៉ាកដូចគាត់ជាម្តាយទៀត។ ប៉ុន្តែកូនប្រុសនេះ ដោយសារតែមានចិត្តចង់ជួយរំលែកការលំបាកគាត់ជាម្តាយ ទើបគេបានគេចសាលារៀន ទៅលួចស៊ីឈ្នួលកាប់ដំឡូងឱ្យគេទៅវិញ គ្រាន់តែកន្លងមកកូនប្រុសបានព្យាយាមលាក់បាំងមិនឱ្យគាត់ដឹងឡើយ។

ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹងថា កូនប្រុសនេះមិនបានទៅសាលារៀនទេ តែបែរជាទៅស៊ីឈ្នួលកាប់ដំឡូងឱ្យគេ ទើបធ្វើឱ្យគាត់ខឹងពេក ក៏ហៅកូនមកស្តីបន្ទោស រួចជ្រុលដៃវ៉ៃគេចំនួន២រំពាត់ទៅ តែវ៉ៃនេះ ក៏ក្នុងន័យចង់ឱ្យកូនល្អ ឱ្យកូនប្រឹងរៀន ព្រោះមិនចង់ឃើញកូនលំបាកវេទនាស៊ីឈ្នួលគេនោះឡើយ។ លុះវ៉ៃកូនរួចហើយ គាត់ក៏ឈឺចិត្តខ្លាំងជាងស្នាមរំពាត់នៅលើខ្លួនកូន ដល់ទៅរាប់រយដងឯណោះ និងមិននឹកស្មានសោះថា កូនប្រុសនេះបែរជាតូចចិត្ត មានគំនិតខ្លី ដល់ថ្នាក់សម្លាប់ខ្លួនបែបនេះសោះ។

ស្ត្រីជាម្តាយរូបនេះ បានបញ្ជាក់ថា លុះក្រោយពីត្រូវគាត់វាយ២រំពាត់ហើយ កូនប្រុសនេះបែរជាតូចចិត្តរត់ទៅទិញសាំង រួចធ្វើដំណើរ ទៅចម្ការដំឡូង ចាក់សាំងស្រោចខ្លួន ហើយដុតសម្លាប់ខ្លួន បណ្តាលឱ្យឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើងគួរឱ្យរន្ធត់តែម្តង។ លុះពេលទទួលបានដំណឹងថា កូនប្រុសគាត់ចាក់សាំងដុតខ្លួន គាត់ក៏ប្រញាប់ស្ទុះរត់ទៅមើលភ្លាមៗដែរ ហើយនៅពេលឃើញសពកូនប្រុសក្នុងសភាពខ្លោចខ្មៅរោល រួញក្រញង់បែបនេះ ធ្វើឱ្យគាត់រន្ធត់ចិត្តស្ទើរគាំងបេះដូងស្លាប់ទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារចាក់សាំងដុតសម្លាប់ខ្លួនឯងប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទមុនៗ

បុរសពិការដើរហាត់ប្រាណសុខៗ ជនបែកថ្នាំចាក់១កាំបិត រួចទាញដែកវ៉ៃបែកក្បាល

ភ្នំពេញ ៖ បុរសជាជនពិការដៃខាងស្តាំម្នាក់ កំពុងតែដើរហាត់ប្រាណនៅលើសួរច្បារសុខៗ ក៏ស្រាប់តែមានបុរសបែកថ្នាំម្នាក់ ទាញកូនកាំបិតចុងស្រួចចាក់ប្រហារ១កាំបិត រួចយកដែកសរសៃវាយបន្ថែមទៀត បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងលិចសួនច្បារនាគបាញ់ទឹក តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនដៃដល់ដែលចាក់ប្រហារ និងវាយបុរសពិការឱ្យរងរបួសធ្ងន់ មានឈ្មោះសិទ្ធ បញ្ញា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៦ដេអឺ១ហ្សិត ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះម៉ រិទ្ធី អាយុ៥៥ឆ្នាំ ជាជនពិការដៃខាងស្តាំត្រឹមក្លៀក មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ៧១បេ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជាជនពិការដៃ កំពុងតែដើរហាត់ប្រាណនៅលើសួនច្បារសុខៗ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទំនងជាមនុស្សបែកថ្នាំ បានដកកូនកាំបិតចុងស្រួច ចាក់ប្រហារទៅលើជនរងគ្រោះទាំងកំរោល បន្ទាប់ក៏យកដែកសរសៃប្រវែងជាងកន្លះម៉ែត្រ វាយទៅលើជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម និងត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកសុខលាភមេត្រី ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចដែលប្រចាំការនៅក្បែរនោះ បានចូលមកជួយអន្តរាគមន៍ ចាប់វាយខ្នោះជនដៃដល់ នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដៃដល់ បានឆ្លើយសារភាពថា មូលហេតុដែលរូបគេវាយ និងចាក់ប្រហារទៅលើជនរងគ្រោះ គឺមកពីមានខ្មោច ឬកំរោលចូលខ្លួនរបស់គេ។

ចំណែកសមត្ថកិច្ចវិញបានប្រាប់ឱ្យដឹងថា ជនសង្ស័យគឺជាមនុស្សញៀនថ្នាំ ដោយប្រើប្រាស់ថ្នាំញៀនរហូតបែកថ្នាំឡើងរវើរវាយវង្វេងស្មារតី ទើបបែកគំនិតធ្វើសកម្មចាក់ទៅលើជនរងគ្រោះភ្លាមៗបែបនេះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

 

http://www.nokorthomdaily.com/2018/01/24012018934/

RELATED ARTICLES