Friday, October 3, 2025
Homeព័ត៌មានជាតិម្តាយស្តីបន្ទោសរឿងមិនពាក់មួកសុវត្ថិភាព កូនវាយ១ដៃ ស្ទុះទាញកាំបិតដេញកាប់ឪ

ម្តាយស្តីបន្ទោសរឿងមិនពាក់មួកសុវត្ថិភាព កូនវាយ១ដៃ ស្ទុះទាញកាំបិតដេញកាប់ឪ

ភ្នំពេញ ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទប្រចាំកាយ លុះឪពុកម្តាយស្តីបន្ទោសរឿងបើកម៉ូតូមិនពាក់មួកសុវត្ថិភាពបន្តិចបន្តួច ស្រាប់តែផ្ទុះភ្លើងកំហឹងទាញកាំបិតដេញកាប់ឪពុកម្តាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះអត់លេខ ផ្លូវលេខ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

បុរសសរសៃប្រសាទ ដែលទាញកាំបិតដេញកាប់ម៉ែឪនោះ មានឈ្មោះណូយ ឆៃហេង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុជាមួយឪពុកម្តាយ។

តាមសម្តីពីឪពុកម្តាយបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ (ជនដៃដល់) បានបើកម៉ូតូម៉ាកអាឆាលី មួយគ្រឿង ដោយអត់ពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចខណ្ឌ៧មករា ចាប់ឃាត់ម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា។ លុះដល់វេលាថ្ងៃកើតហេតុ ពួកគាត់ទាំងពីរបានជេរស្តីបន្ទោសទៅលើកូនប្រុសថា “ម៉េចបានជិះម៉ូតូចេះតែអត់ពាក់មួកសុវត្ថិភាព ឱ្យប៉ូលិសចាប់អ៊ីចឹង” តែកូនបានតមាត់ជាមួយពួកគាត់ ហើយខឹងច្រឡោតក៏ស្ទុះទៅវាយគាត់ជាម្តាយ មួយដៃចំខ្នង មិនខ្លាចបុណ្យបាបធ្លាក់នរកឡើយ ហើយក៏ស្ទុះទៅយកកាំបិតដេញកាប់បុរសជាឪពុក និងបងប្អូនដែលនៅផ្ទះ បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងចេញមកជួយឃាត់។

ប្រភពដដែលបន្តថា នៅពេលនោះ កូនមិនព្រមស្តាប់អ្នកណាទាំងអស់ ប្រៀបដូចជាមនុស្សកំរោលចូល ធ្វើឱ្យបងប្អូនទ្រាំមិនបានក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការអន្តរាគមន៍ចាប់ឃាត់ខ្លួនកូនប្រុស យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ ដើម្បីធ្វើការសាកសួរ។

ប្រភពដដែលបញ្ជាក់ទៀតថា កូនប្រុសរបស់គាត់ខាងលើ គឺមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ តាំងពីគេមានអាយុ៨ឆ្នាំមកម៉្លេះ ហើយជំងឺនោះក៏ចាប់ផ្តើមកើតជាជំងឺសរសៃប្រសាទប្រចាំកាយកូនរបស់ពួកគាត់រហូតមកហើយ ពួកគាត់ខំព្យាយាមយកកូនរបស់គាត់ទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យ តែនៅតែមិនអាចព្យាបាលបាន។ រាល់ពេលដែលពួកគាត់ស្តីបន្ទោសម្តងៗ កូនប្រុសតែងតែខឹងច្រឡោត បង្កឱ្យជំងឺសរសៃប្រសាទរបស់គេរើឡើង តែមិនដែលបង្កជាហិង្សាទៅលើអ្នកណានោះទេ។ លុះដល់ថ្ងៃកើតហេតុ គ្រាន់តែពួកគាត់ស្តីបន្ទោសទៅលើកូនប្រុសតែបន្តិច ស្រាប់តែជំងឺសរសៃប្រសាទ រើវិញម្តងទៀត ទើបបង្កជាហិង្សាវាយលើរូបគាត់ជាម្តាយ និងទាញកាំបិតដេញកាប់ឪពុក ព្រមទាំងបងប្អូនទៀតផង តែសំណាងល្អ ដែលពួកគាត់រត់គេចទាន់ ពុំនោះទេ ច្បាស់ជាកូនប្រុសកាប់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ដោយឪពុកម្តាយអស់លទ្ធភាពមើលថែកូនដែលមានជំងឺប្រចាំកាយ ដូចនោះ ពួកគាត់ក៏សម្រេចចិត្តប្រគល់កូនឱ្យទៅសមត្ថកិច្ចបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំ និងព្យាបាល៕

RELATED ARTICLES