ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានទាក់ទងស្នេហាជាមួយនឹងបុរសវ័យចំណាស់ រហូតឈានដល់ការរួមរស់នឹងគ្នាបាន២០ថ្ងៃ ឃើញថាប៉ះចំប្រុសស្នេហ៍ប្រមឹក ចូលចិត្តរករឿងវាយដំមិនឈប់ ទើបសម្រេចចិត្តសុំផ្តាច់និស្ស័យស្នេហ៍ ស្រាប់តែខាងប្រុសផ្ទុះកំហឹង ក៏ស្ទុះទៅទាញដំបងវាយសំពងចំក្បាល បណ្តាលឱ្យពកក្បាល ទើបធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្តរត់មកដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ករណីស្ត្រីចំណាស់ទទួលរងអំពើហិង្សាពីប្រុសស្នេហ៍ហេងស៊យ រហូតដល់ទ្រាំលែងបានរត់មកប្តឹងសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះដែលត្រូវប្រុសស្នេហ៍សំពង១ដំបងពកក្បាល មានឈ្មោះឈឹម ស៊ីនួន អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន GSS ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ចំណែកបុរសចំណាស់ជាប្រុសស្នេហ៍ហេងស៊យ មានឈ្មោះសៀង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ខណៈដែលគាត់កំពុងតែធ្វើការយាមប្រចាំការនៅចំណុចក្រុមហ៊ុនឯកជនមួយកន្លែង ស្ថិតនៅតាមផ្លូវ២៧១ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ស្រាប់តែប្រុសស្នេហ៍របស់គាត់ ឈ្មោះសៀង បានមកសួរនាំមូលហេតុអ្វី ទើបគាត់សុំផ្តាច់ទំនាក់ទំនងស្នេហ៍ និងបានចោទថា រូបគាត់ប្តូរប្រុសថ្មីមែនទេ ទើបសុំផ្តាច់ស្នេហ៍នេះចោល? ពេលនោះ គាត់បានឆ្លើយតបទៅប្រុសស្នេហ៍វិញថា មិនមែនគាត់ប្តូរប្រុសថ្មីអីទេ តែមកពីរស់នៅមិនចុះសម្រុងគ្នា ណាមួយប្រុសស្នេហ៍នេះចេះតែប្រើអំពើហិង្សាមិនឈប់ ទើបយល់ថាមានតែចែកផ្លូវគ្នាដើរវិញទេ ដែលជាជម្រើសល្អបំផុត។
ស្ត្រីរងគ្រោះ បន្តថា គ្រាន់តែស្តាប់ឮគាត់និយាយបែបនេះ ស្រាប់តែប្រុសស្នេហ៍ហេងស៊យរូបនោះ បានស្ទុះទៅទាញដំបងឈើជ្រុងប្រវែងជាង១ម៉ែត្រ មកវាយសំពងក្បាលគាត់ បណ្តាលឱ្យពកក្បាល ធ្វើឱ្យគាត់ស្រែកផ្អើលឆោឡោពេញកន្លែងកើតហេតុ ទើបប្រុសស្នេហ៍នោះភ័យខ្លួន ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។ ចំណែកក្បាលគាត់ពកហើមយ៉ាងធំ និងត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឃើញអាណិត បានទិញប្រេងកូឡាមកជួយលាបរឹត ទើបបានស្រកហើមវិញខ្លះ។ លុះព្រឹកឡើង ចប់ភារកិច្ចការងារ ទើបគាត់សម្រេចមកដាក់ពាក្យបណ្តឹង ដើម្បីការពារខ្លួន កុំឱ្យប្រុសស្នេហ៍ហេងស៊យនោះមកបង្ករបួសស្នាមលើគាត់ម្តងទៀត។
ស្ត្រីរងគ្រោះខាងលើ បានរំលឹកពីប្រវត្តិស្នេហ៍ជាមួយនឹងប្រុសហេងស៊យនោះថា តាមពិត គាត់បានស្គាល់គ្នាជាមួយនឹងប្រុសស្នេហ៍នោះ ដោយសារតែខាងប្រុសបានរត់ម៉ូតូឌុបនៅក្បែរក្រុមហ៊ុនដែលគាត់ធ្វើការ ហើយណាមួយគាត់ជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់ អាយុ២១ឆ្នាំ និងបានចែកផ្លូវពីប្តីយូរជូរមាត់ លុះពូម៉ូតូឌុបមកទាក់ទងសុំស្នេហ៍ ក៏ទន់ចិត្តព្រមព្រៀងរួមរស់នឹងគ្នាបានតែ២០ថ្ងៃគត់ ក៏ឃើញថា ស្នេហាមួយនេះមិនអាចបន្តដំណើរទៅមុខទៀតបានឡើយ ព្រោះប្រុសស្នេហ៍ហេងស៊យជាមនុស្សប្រមឹក ឱ្យតែស្រវឹងតែងរករឿងវាយតប់គាត់មិនស្វាង ទើបគាត់គិតថា បើទ្រាំរួមរស់នឹងប្រុសស្នេហ៍ប្រមឹកនេះទៀត ច្បាស់ជាស្លាប់ខ្លួននៅថ្ងៃណាមួយមិនខាន ហេតុនេះក៏សុំបែកផ្លូវគ្នាទៅ ស្រាប់តែទទួលបាន១ដំបងពកក្បាលតែម្តង។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា គាត់មកដាក់ពាក្យបណ្តឹងនេះ គឺដើម្បីការពារសុវត្ថិភាព និងជិវិតគាត់ និងចង់ឱ្យសមត្ថកិច្ចតាមរកបុរសនោះមកប៉ុស្តិ៍ ដោះស្រាយសំណងថ្លៃព្យាបាលរបួសថ្លៃថ្នាំសង្កូវ និងធ្វើកិច្ចសន្យាឈប់មកបង្កហិង្សា និងបញ្ចប់ទំនាក់ទំនងគ្នា ដើរផ្លូវរៀងខ្លួនតែត្រឹមនេះ៕
អត្ថបទមុនៗ
សមត្ថកិច្ចទាល់តម្រិះដែរហ្នឹង បើគាត់គិតតែនិយាយភាសាបរទេស និងសូត្រធម៌
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀន និងផឹកស្រាថ្នាំស្រវឹង បានទៅអុកឡុកកន្លែងជីវករលក់ទូរស័ព្ទ ត្រូវក្រុមអាជីវករប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ចុះឃាត់ខ្លួនយកមកប៉ុស្តិ៍ ដេីម្បីសាកសួរនាំ កាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៤៣៦ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សមត្ថកិច្ចនគរបាលសង្កាត់បឹងត្របែក ខណ្ឌចំការមន បានប្រាប់ថា បុរសមានឈ្មោះ យុាំង សុលាង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្ដុក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានស្រវឹង និងសង្ស័យពាក់ព័ន្ធជក់ប្រេីប្រាស់គ្រឿងញៀនផង។ ពេលសមត្ថកិច្ចសួរនាំ បុរសរូបនេះនិយាយមិងដឹងអ្វីទាំងអស់ គិតតែនិយាយភាសាបរទេស និងសូត្រធម៌ ក្រោយមកសមត្ថកិច្ចយេីងបានចុះទៅសាកសួរនាំនៅហាងទូរស័ព្ទ តែគ្មានអ្នកណាប្ដឹងផ្ដល់ដោយអាណិតបុរសជនអាណាថាគ្មានទីពឹងពាក់ គ្រាន់តែសំណូមពរឲ្យសមត្ថកិច្ចធ្វេីការអប់រំ ៕
http://www.nokorthomdaily.com/2018/01/social-61199/