ភ្នំពេញ ៖ ជនជាតិចិនម្នាក់ និងជនជាតិវៀតណាម ១៩នាក់ ក្នុងនោះស្រី១៧នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះធ្វើការត្រួតពិនិត្យមើលទីតាំង ហាងកាត់សក់ និងម៉ាស្សាល្បីៗ នៅក្បែរផ្សារធំថ្មី តាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨ ។
ក្នុងប្រតិបត្តិការនេះធ្វើឡើង ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជាក់ស្តែង ចុះត្រួតពិនិត្យជនជនជាតិវៀតណាម ដែលលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងហាងកាត់សក់ និងម៉ាស្សា ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ជាលទ្ធផលៈពិនិត្យឃើញមានជនជាតិចិនម្នាក់ (ប្រុស) និងជនជាតិវៀតណាម ចំនួន១៩នាក់ (ស្រី១៧នាក់) និងបានដកហូតឯកសារពាក់ព័ន្ធ ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕