ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បើករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ បើកក្នុងល្បឿនលឿន ដល់ផ្លូវកែងបែកជាបួនហើយ មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង10នឹង30នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១១០ កែងផ្លូវ១៩ នៅចំណុចខាងលិច ប្រមាណជា១០០ម៉ែត្រ ពីមន្ទីរពេទ្យព្រះអង្គឌួងស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និងស្ត្រី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ផ្កាឈូកលាយសពាក់ស្លាកលេខសៀមរាប 1L-6678 បើកបរតាមបណ្តោយផ្លូវ១១០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូអាយខុន បើកឆ្លងផ្លូវបែកជាបួនទៅត្រង់ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AG-9981 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ផ្លូវបែកជាបួន មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុកម៉ូតូអាយខុន ចំពេញទំហឹង បណ្តាលឲ្យដួលកៀបជាប់ម៉ូតូនៅក្រោមរថយន្ត អូសជាង១០ម៉ែត បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ រីឯ២នាក់ទៀត រងរបួសស្រាល ខូចខាតរថយន្តខ្ទេចអស់មួយកំណាត់ខាងឆ្វេង ចំណែកម៉ូតូជនរងគ្រោះវិញ ខូចខាតបាក់កាំក្រោយ បែកធុងសាំងហូរសាំងពេញផ្លូវភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្ក មានចិត្តល្អជួយលើកជនរងគ្រោះដាក់ទៅក្នុងរថយន្តយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ រួចក៏បត់ត្រឡប់មកកន្លែងកើតហេតុវិញ។
ក្រោយពេលកើតហេតុ រថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕
អត្ថបទមុនៗ
ជីវិតមិនទៀងទាត់!!! ដើរមើលចម្ការសោះ មែកឈើរលំពីលើស្លាប់
ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់កំពុងដើរមើលចម្ការសុខៗ ស្រាប់តែត្រូវដើមឈើងាប់១ដើម រលំសង្កត់ពីលើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចចំការមួយកន្លែង ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង។
ស្ត្រីរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ស្លាប់ មានឈ្មោះអ៊ែល បៀន អាយុ៣០ឆ្នាំ ជាជនជាតិព្នង មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានដើរទៅមើលចម្ការរបស់ខ្លួនដូចសព្វដង លុះពេលដើរទៅដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវដើមឈីមួយដើមធំ ដែលបានរលំមកផ្អែកនឹងដើមជ្រៃក្បែរនោះជាយូរមកហើយ និងទទួលរងខ្យល់បោក់បក់ខ្លាំង ក៏បណ្តាលឱ្យរលំសង្កត់ស្លាប់ភ្លាមៗតែម្តង។
សមត្ថកិច្ចសន្និដ្ឋានថា ដើមឈើធំមួយដើមខាងលើនោះ ត្រូវបានគេកាប់គល់ទុកចោលពីយូរមកហើយ និងបានរលំមកផ្អែកលើដើមជ្រៃនៅក្បែរនោះ លុះស្របពេលស្ត្រីរងគ្រោះដើរមកចំពីក្រោម ស្រាប់តែមានខ្យល់បោកបក់មកយ៉ាងខ្លាំង ទើបធ្វើឱ្យដើមឈើនោះរលំមកសង្កត់លើ បណ្តាលឱ្យស្លាប់តែម្តង។
សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
http://www.nokorthomdaily.com/2018/01/social-61447/