ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជាមុខសញ្ញាចោរប្លន់ និងលួចយ៉ាងសកម្មម្នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងកក្រើកនៅលើទឹកដីខេត្តកំពង់ចាម និងត្បូងឃ្មុំ រហូតដល់មានដីកាស្វែងចាប់ខ្លួនដល់ទៅ៣ និងត្រូវបានលោកស្នងការខេត្តត្បូងឃ្មុំ ប្រកាសតាមចាប់ខ្លួន ដោយផ្តល់រង្វាន់ដល់អ្នកផ្តល់ព័ត៌មានជាក់លាក់ទៀតនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ជនសង្ស័យជាមុខសញ្ញាចោរប្លន់ដ៏សកម្ម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ន់ បូរ៉ា ហៅប៉ែល អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកស៊ិន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានបញ្ជាក់ប្រាប់ថា ដោយផ្អែកទៅលើដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមុខសញ្ញាប្លន់ និងលួចមានស្ថានទម្ងន់ទោសម្នាក់ ឈ្មោះហន់ បូរ៉ា ហៅប៉ែល។
លោកអធិការ បានបន្តថា ជនសង្ស័យរូបនេះជាមុខសញ្ញាប្លន់ និងលួច ដោយបានធ្វើសកម្មភាពលើកចុងក្រោយ គឺប្លន់ប្រើហិង្សានៅឯស្រុកអូររាំងឪ និងបានទៅសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកអធិការបញ្ជាក់ថា ដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យនេះ ទើបតែបញ្ជូនដល់ដៃសមត្ថកិច្ចខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ហើយនៅរសៀលថ្ងៃដដែល សមត្ថកិច្ចក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហ៊ន់ បូរ៉ា ហៅប៉ែល បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួច និងប្លន់មិនក្រោម២០ដងនោះទេ។ សកម្មភាពទាំងនោះ គឺរូបគេបានធ្វើជាមួយនឹងបក្ខពួកនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ហើយធ្លាប់ជាប់ពន្ធនាគារចំនួន៥ខែកន្លះម្តងរួចមកហើយ។
ជនសង្ស័យខាងលើ បានបន្តសារភាពថា នៅក្នុងការប្លន់លើកចុងក្រោយ រូបគេបានប្រើដៃវាយទៅលើជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ ១គ្រឿង ក្នុងទឹកដីស្រុកអូររាំងឪ រួចក៏រត់គេចមកសម្ងំលាក់ខ្លួននៅក្នុងស្រុកកែវសីមា តែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានតែម្តង។
សមត្ថកិច្ចស្រុកកែវសីមា បញ្ជាក់ថា ក្រោយចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចខេត្តកំពង់ចាម ដើម្បីនាំទៅចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅ គណនីហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រកាសថា “សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា យើងខ្ញុំបាននិងកំពុងស្វែងរកចាប់ខ្លួន ឈ្មោះហ៊ន់ បូរ៉ា ហៅប៉ែល តាមអាជ្ញាដីកាចំនួន៣ករណី ពាក់ព័ន្ធនិងបទប្លន់ ដូចខ្លឹមសារដីកាជូនជាប់ជាមួយនេះ។ សូមសាធារណជនមេត្តាជ្រាបនិងសហការផ្តល់ព័ត៌មានពីកន្លែងលាក់ខ្លួន ដល់នគរបាលខេត្តត្បូងឃ្មុំ (ទោះបីជននេះនៅក្រៅភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក៏ដោយ) ហើយបើព័តមាននោះជាក់លាក់ដែលយើងខ្ញុំឈានទៅចាប់ខ្លួន ឈ្មោះហ៊ន់ បូរ៉ា ហៅប៉ែល នេះបានសម្រេច យើងខ្ញុំនឹងជូនរង្វាន់២លានរៀល ព្រមទាំងធានាលាក់ការជូន ដើម្បីសុវត្ថិភាពដល់អ្នកផ្តល់ព័ត៌មាន… សូមអរគុណទុកជាមុន ឧត្តមសេនីយ៍ទោ បែន រ័ត្ន…”៕