Saturday, October 4, 2025
Homeព័ត៌មានជាតិខឹងមិនប្រគំតន្ត្រីបន្ត ព្រួតគ្នាជិះម៉ូតូដេញវាយក្រុមវង់តន្ត្រីបែកភ្នែកម្នាក់ របួស៤នាក់

ខឹងមិនប្រគំតន្ត្រីបន្ត ព្រួតគ្នាជិះម៉ូតូដេញវាយក្រុមវង់តន្ត្រីបែកភ្នែកម្នាក់ របួស៤នាក់

ខេត្តបន្ទាយមានជ័យ ៖ ក្រុមតន្ត្រីសម័យ១វង់ ត្រូវបានម្ចាស់ដើមការជួលឱ្យទៅប្រគំកំដរភ្ញៀវហូបចុកផឹកស៊ី ដោយសន្យាចប់ត្រឹមម៉ោង៣រសៀល លុះដល់ម៉ោងបិទ ក៏មានអ្នកមកសុំថែមម៉ោង តែម្ចាស់វង់តន្ត្រីមិនព្រម ព្រោះជាប់ទទួលកម្មវិធីគេ១ទៀត នៅល្ងាចថ្ងៃដដែល ស្រាប់តែធ្វើឱ្យក្រុមអ្នកសុំថែមម៉ោងមិនបាន មួម៉ៅនាំគ្នាដេញតាមវ៉ៃម្ចាស់វង់តន្ត្រីបណ្តាលឱ្យបែកភ្នែក ចំណែកកូនចៅ៤នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល និងថែមទាំងបានវាយបំផ្លាញទ្រព្យសម្បត្តិ និងគប់បែកកញ្ចក់រថយន្តដឹកឆាកតន្ត្រី បណ្តាលឱ្យរងការខូចខាតទៀតផង។

ហេតុការណ៍ក្រុមប្រមឹកខឹងម្ចាស់វង់តន្ត្រីមិនព្រមថែមម៉ោង ក៏ផ្ទុះហិង្សាដេញតាមវាយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលត្រូវគេព្រួតដេញវាយឱ្យរងរបួសទាំង៥នាក់ រួមមាន ទី១-ឈ្មោះម៉ៃ ចាន់ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជាម្ចាស់វង់តន្ត្រីសម័យ ម៉ៃ ចាន់ថា រងរបួសក្រោមភ្នែកខាងស្តាំ ទី២-ឈ្មោះសៅ លី ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកភ្លេង និងជាសាច់ញាតិម្ចាស់វង់តន្ត្រី រងរបួសចង្កេះ។ ចំណែក៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណ និងគ្រាន់តែដឹងថា ជនរងគ្រោះទាំង៥នាក់ មានលំនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមស្តីបុរសរងគ្រោះជាម្ចាស់វង់តន្ត្រីសម័យ ម៉ៃ ចាន់ថា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមតន្ត្រីរបស់គាត់បានទទួលលេងឱ្យពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ដោយកំណត់ត្រឹមម៉ោង៣រសៀលបញ្ឈប់។ លុះដល់ម៉ោងកំណត់ម្ចាស់ កម្មវិធីគេសុំតម៉ោង១ឬ២ម៉ោងថែមទៀត តែគាត់មិនព្រមតឱ្យ ព្រោះគាត់រវល់ជាប់ទៅលេងមួយកន្លែងទៀតនៅល្ងាចថ្ងៃដដែលនេះ នៅម្តុំទីប្រជុំជនប៉ោយប៉ែត ស្រាប់តែភ្លាមនោះមានអ្នកចង់រករឿង ក៏នាំគ្នាឡើងលោតលើឆាកតន្ត្រីរបស់គាត់ រហូតបាក់ឆាកតន្ត្រីអស់១ផ្ទាំង។

ជនរងគ្រោះបន្តថា ដើម្បីបញ្ចៀសបញ្ហា គាត់បានហាមក្រុមភ្លេងរបស់គាត់ មិនឱ្យមាត់កអ្វីទេ និងនាំគ្នារើឆាកដាក់លើរថយន្តចេញទៅវិញ។ ស្រាប់តែក្រោយពេលរៀបចំឧបករណ៍ និងឆាកដាក់លើរថយន្តរួចរាល់ហើយ គាត់ក៏បើករថយន្តចេញមិនទាន់បាន២០០ម៉ែត្រផង ស្រាប់តែមានជនសង្ស័យជាច្រើននាក់ ជិះម៉ូតូប្រដេញតាមពីក្រោយ ដោយប្រដាប់ដោយដំបង និងដុំថ្ម មកព្រួតវាយ និងគប់ក្រុមភ្លេងរបស់គាត់៤នាក់ ដែលជិះម៉ូតូ៣គ្រឿង តាមពីក្រោយរថយន្ត។ ហើយភ្លាមនោះ ក្រុមជនបង្កបានវាយចំជនរងគ្រោះឈ្មោះសៅ លី ១ដំបងចំត្រគាកធ្លាក់ពីលើម៉ូតូ ហើយក្រុមបង្កនាំគ្នាព្រួតវាយទាត់ធាក់លើជនរងគ្រោះឈ្មោះសៅ លី ទៀត ទើបគាត់មើលតាមកញ្ចក់មើលក្រោយឃើញ ក៏ឈប់រថយន្តចុះទៅជួយ ដឹងអី! ក្រុមជនសង្ស័យមកទាញដែកលើរថយន្តរបស់គាត់វាយគាត់ បណ្តាលឱ្យរបួសក្រោមភ្នែកខាងស្តាំតែម្តង។

ជនរងគ្រោះបានឱ្យដឹងទៀតថា ដោយសារឃើញសភាពការណ៍មិនស្រួល គាត់ក៏នាំគ្នាជួយលើកជនរងគ្រោះឈ្មោះសៅ លី ដាក់លើរថយន្ត និងប្រាប់អ្នកផ្សេងឱ្យបើកម៉ូតូរត់ទៅ រីឯគាត់គាត់ក៏បើករថយន្តគេចចេញដែរ តែពេលគាត់បើករថយន្តចេញទៅនោះ ស្រាប់តែក្រុមជនសង្ស័យបានប្រដេញតាម និងវាយបែកកញ្ចក់រថយន្តរបស់គាត់ផ្នែកខាងមុខ និងបែកកញ្ចក់មើលក្រោយថែមទៀត។

ក្រោយកើតហេតុ ក្រុមជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងចាប់ក្រុមជនបង្កយកផ្តន្ទាទោសតាមច្បាប់។

ជុំវិញករណីចោទប្រកាន់នេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់ដើមការបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES