ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់មានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ តែងរករឿងឈ្លោះប្រកែក និងអន់ចិត្តជាមួយប្រពន្ធជាញឹកញាប់ លុះចុងក្រោយ បន្ទាប់ពីកេះកៀវសុំប្រពន្ធរួមរ័កមេត្រីមិនបាន ត្រូវប្រពន្ធប្រកែកថាមិនសូវស្រួលខ្លួន ស្រាប់តែបុរសជាប្តីមួម៉ៅក្តៅចិត្ត ក៏សម្ងំចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ស្លាប់ចោលប្រពន្ធកូនតែម្តង។
ហេតុការណ៍បុរសតូចចិត្តប្រពន្ធមិនឱ្យរួមរ័កចងកសម្លាប់ខ្លួននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិព្រីងកោង ឃុំសង្កែសាទប ស្រុកឱរ៉ាល់។
បុរសគំនិតខ្លីដែលតូចចិត្តរឿងសុំប្រពន្ធរួមរ័កអត់បាន បែរជាដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះម៉ាន ម៉ុយ អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមសម្តីប្រភពពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង (ជនរងគ្រោះ) គឺជាមនុស្សដែលមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ ហើយពេលខ្លះប្រចែប្រចណ្ឌខុសរឿង ទើបធ្វើឱ្យកើតមានភាពរកាំរកូសមិនចេះចប់មិនចេះហើយ កើតមានជម្លោះសឹងរាល់ថ្ងៃ ពិសេស ប្តីឧស្សាហ៍តូចចិត្តតូចថ្លើមជាមួយនឹងណាស់។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ប្តីរបស់នាងបានមកកេះកៀវសុំនាងរួមរ័ក តែដោយសារនាងមិនសូវស្រួលខ្លួន ក៏បានប្រាប់ទៅប្តីវិញថា អត់បានទេ ចាំស្អែកទៅ ស្រាប់តែប្តីខឹងក៏ក្រោកចេញពីមុងបាត់ទៅ ចំណែកនាងក៏មិនចាប់អារម្មណ៍អ្វីដែរ។ លុះព្រឹកឡើង នាងជួបមុខប្តីធម្មតា គ្រាន់តែប្តីមិននិយាយស្តី ហាក់ខឹងនាងនឹងរឿងពីយប់មិនទាន់បាត់នៅឡើយ ហើយនាងក៏មិននឹកស្មានដល់សោះថា ប្តីអាចនឹងមានគំនិតខ្លីដល់ថ្នាក់នេះសោះ។
ប្រភពខាងលើ បញ្ជាក់ថា នៅមុនពេលកើតហេតុ នាងរវល់ចេញទៅរកទិញម្ហូបមកស្លស្លុកសម្រាប់ហូបបាយថ្ងៃត្រង់ ស្រាប់តែពេលនាងត្រឡប់ចូលដល់ក្នុងផ្ទះវិញ ក៏ប្រទះឃើញប្តីបានចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះបាត់ទៅហើយ ទើបស្រែកឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ដោយប្រើខ្សែគោពណ៌សចងកជាប់នឹងធ្នឹមផ្ទះ។ មូលហេតុដោយសារជនរងគ្រោះតូចចិត្តនឹងរឿងសុំប្រពន្ធរួមរ័កមិនបាន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕