Saturday, October 4, 2025
Homeព័ត៌មានជាតិឪកំណាចវ៉ៃដំបង្ខំកូនដើរសុំទាន គ្រាន់តែឃើញសមត្ថកិច្ចដាក់មេប្រូច ចោលកូនបាត់

ឪកំណាចវ៉ៃដំបង្ខំកូនដើរសុំទាន គ្រាន់តែឃើញសមត្ថកិច្ចដាក់មេប្រូច ចោលកូនបាត់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដោយសារជីវភាពទីទ័លក្រខ្លាំងពេក ក៏នាំកូនប្រុសតូចម្នាក់ដើរសុំទានគេតាមហាងលក់ដូរ តាមកន្លែងលក់សំបុត្ររថយន្តក្រុង និងត្រូវគេប្រទះឃើញថាឧស្សាហ៍ប្រើអំពើហិង្សាវាយដំកូនប្រុសជាញឹកញាប់ ទើបមានអ្នកលួចថតសកម្មភាពហិង្សានោះ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតដល់សមត្ថកិច្ចចុះអន្តរាគមន៍នាំខ្លួនទៅសួរនាំ ស្រាប់តែបុរសជាឪពុករូបនោះបានរត់គេចខ្លួនបាត់ ចោលកូនតូចរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសជាឪពុកដែលតែងវាយធ្វើបាបបង្ខំឱ្យកូនប្រុសតូចដើរសុំទានគេនេះ មានឈ្មោះចាន់ ធី អាយុ៣៤ឆ្នាំ មុខរបរដើរសុំទាន  មានប្រពន្ធឈ្មោះតាប់ ហេង មានកូន៣នាក់ក្នុងបន្ទុក និងកំពុងពពោះកូនទី៤ម្នាក់ទៀត សព្វថ្ងៃស្នាក់នៅនៅម្តុំផ្លូវរថភ្លើង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារតែទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាឧស្សាហ៍ប្រទះឃើញបុរសម្នាក់ នាំកូនប្រុសតូចដើរសុំទានគេសព្វកន្លែង ក្នុងក្រុងប៉ោយប៉ែត ហើយពេលខ្លះបានវាយដំកូនប្រុសតូចនោះទៀតផង ទើបសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ បំណងនាំបុរសរូបនោះ សួរនាំនិងអប់រំ។ លុះនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលបុរសរូបនោះកំពុងដឹកដៃកូនដើរសុំទានតាមផ្លូវជាតិ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ចឈប់រថយន្តភ្លាម បុរសនោះបានស្រែកថា ប៉ូលិសមកហើយ ឆាប់រត់កូន។ ភ្លាមនោះ បុរសរូបនោះបានរត់យ៉ាងលឿន និងគេចតាមផ្ទះអ្នកស្រុកចោលកូនបាត់ស្រមោល ដោយទុកឱ្យកូនតូចឈរស្រែកយំ និងត្រូវសមត្ថកិច្ចនាំក្មេងប្រុសនោះទៅផ្ទះដែលក្រុមគ្រួសារគេស្នាក់នៅ។

ប្រភពដដែលបន្តថា តាមសម្តីស្ត្រីជាប្រពន្ធឈ្មោះតាប់ ហេង បានរៀបរាប់ប្រាប់ថា នាងមានរបរដើររើសអេតចាយជាមួយកូនច្បង អាយុ៧ឆ្នាំ ចំណែកឯប្តីដើរសុំទានគេ។ ប្តីប្រពន្ធនាងចាប់យករបរនេះជាង១០ឆ្នាំហើយ ដោយពីមុនប្តីនេះ បាននាំកូនច្បងទៅជាមួយ ដើម្បីដើរសុំទានគេ តែពេលនេះបាននាំកូនទី២ទើបនឹងអាយុ៣ឆ្នាំ ទៅជាមួយវិញម្តង ចំណែកកូនទី៣នាង នៅពជាប់ចង្កេះ ហើយកំពុងមានផ្ទៃពោះ១ខែទៀតហើយ។ តាមពិតនាងមិនឱ្យប្តីសុំទានបែបជម្រិត ឬនិយាយអ្វីអាក្រក់ទេ ពិសេសរឿងវ៉ៃបង្ខំកូន ព្រោះសមត្ថកិច្ចធ្លាប់ចាប់អប់រំច្រើនដងហើយ តែប្តីមិនស្តាប់។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីមានហ្វេសប៊ុកសរសេររិះគន់ពីបុរសខាងលើដឹកដៃកូនសុំទាន បែបប្រើកំលាំងពលកម្មកុមារ និងថែមទាំងបានវាយធ្វើបាបកូនទៀតនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាចុះពិនិត្យមើល និងឱ្យរកបុរសនោះយកទៅសួរនាំ តែមិនទាន់បានហៅផង ស្រាប់តែរត់គេចខ្លួនបាត់។ ពេលនេះ សមត្ថកិច្ចបានទាក់ទងខាងមន្ត្រីមន្ទីរសង្គមកិច្ច និងស្ត្រីជាម្តាយ ជាមួយក្មេងៗទាំង៣ យកទៅសាកសួរ ដើម្បីពិនិត្យមើលលផ្លូវច្បាប់៕

RELATED ARTICLES