ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់មានគូដណ្តឹងរួចទៅហើយ តែចូលចិត្តសប្ប៉ាយដើរហើរ ផឹកស៊ីជាមួយមិត្តភក្តិញឹកញាប់ពេក ទើបបុរសជាគូដណ្តឹងដែលជួលបន្ទប់ស្នាក់នៅជាមួយគ្នា បានហាមកុំឱ្យដើរលេងផឹកស៊ីច្រើនពេក ព្រោះមិនសមភ្នែកញាតិប៉ុន្មានទេ ស្រាប់តែនារីជាគូដណ្តឹង បែរជារករឿងឈ្លោះប្រកែកជាមួយគូដណ្តឹងផ្អើលពេញបន្ទប់ជួលទាំងកណ្តាលយប់ លុះព្រឹកឡើង ទំនងជាឈឺចិត្តស្អិតទ្រូងខ្លាំងពេក រហូតដល់ទ្រាំមិនបាន ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលតែម្តង។
ហេតុការណ៍នារីវ័យក្មេងចងកសម្លាប់ខ្លួននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលជាន់ទី១ តាមផ្លូវបេតុង ក្រុម២ ស្ថិតក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
នារីចិត្តខ្លាំងគំនិតខ្លី ដែលគ្រាន់តែគូដណ្តឹងហាមមិនឱ្យដើរលេងផឹកស៊ីច្រើន បែរជាសម្រេចចិត្តចងកធ្វើអត្តឃាត មានឈ្មោះ ស៊ូ សុភាព ហៅរ័ត្ន អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិព្រៃថ្មី ឃុំព្រៃថ្មី ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានគូដណ្តឹងឈ្មោះឈុន សុផាត អាយុ៣២ឆ្នាំ មុខរបរសន្តិសុខឯកជន។ អ្នកទាំង២ បានជួលបន្ទប់ស្នាក់នៅរួមគ្នា ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។
តាមសម្តីបុរសជាគូដណ្តឹងរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ទាំងអារម្មណ៍កំពុងសោកសៅថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ គាត់បានទូរស័ព្ទទៅនារីរងគ្រោះជាគូដណ្តឹង សួរថា អូននៅណា? ពេលនោះ គូដណ្តឹងរបស់គាត់ បានប្រាប់ថា នាងនៅបន្ទប់ជួល កំពុងដេក តែគាត់មិនជឿថា នារីជាគូដណ្តឹងដេកពីព្រលប់បែបនេះ ទើបគាត់ចង់ដឹងក៏បានសុំមេមកផ្ទះ ដើម្បីមើលគូដណ្តឹងបន្តិច តែពេលមកដល់បន្ទប់ជួល ស្រាប់តែឃើញទ្វារបន្ទប់ចាក់សោពីក្រៅ ទើបធ្វើឱ្យគាត់ខឹង ដែលប្រាប់គូដណ្តឹងមិនចេះស្តាប់សោះ ថាកុំឱ្យដើរលេងផឹកស៊ីជាមួយពួកក្មេងស្ទាវៗ និងមិត្តភក្តិស្រីមិនល្អទាំងនោះ ដែលចេះតែនាំគ្នាដើរលេងខូចមនុស្សអស់ហើយ។
បុរសជាគូដណ្តឹងបន្តថា បន្ទាប់មក គាត់ក៏យកទូរស័ព្ទតេទៅសួរនារីរងគ្រោះជាគូដណ្តឹងថា បងមកដល់ផ្ទះហើយ ម៉េចមិនឃើញអូន ស្រាប់តែនាងមិនជឿ ទើបគាត់បានហុចទូរស័ព្ទឱ្យស្ត្រីដែលជួលបន្ទប់ក្បែរគ្នានោះនិយាយជាមួយ ទើបគូដណ្តឹងជឿ ហើយមួយសន្ទុះក្រោយមក នារីជាគូដណ្តឹងក៏ត្រឡប់មកដល់បន្ទប់ជួលវិញ ទាំងមានអាការៈស្រវឹងទ្រេតទ្រោត ហើយក៏បានស្តីបន្ទាសឱ្យគាត់ថា ធ្វើឱ្យនាងខ្មាសគេ រួចក៏កើតមានជាទំនាស់ពាក្យសម្តី និងឈានដល់ការប្រតាយប្រតប់គ្នាតិចតួចទៀតផង។ បន្ទាប់មក គាត់ខ្ជិលនាំរឿងវែងឆ្ងាយ ក៏បានដើរចេញពីបន្ទប់ជួល តែមុននឹងចេញគាត់បានស្រែកផ្តាំទៅនារីរងគ្រោះជាគូដណ្តឹងថា ឈប់ទៅដើរលេងផឹកស៊ីទៀតទៅ ព្រោះមិនសមភ្នែកញាតិទេ។ ពេលនេះ នារីជាគូដណ្តឹងក៏បានចាក់សោបន្ទប់ជួលសម្ងំនៅក្នុងបន្ទប់បាត់ទៅ ចំណែកគាត់ក៏បានត្រឡប់ទៅកន្លែងធ្វើការវិញ នៅខ្ទង់ម៉ោងប្រមាណ១១យប់ ជិតពាក់កណ្តាលអធ្រាត្រទៅហើយ។
បុរសជាគូដណ្តឹងនារីងគ្រោះ បានឱ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅពេលចប់ម៉ោងការងារពីសន្តិសុខ គាត់មិនទាន់វិលទៅសម្រាកនៅបន្ទប់ជួលវិញភ្លាមទេ ដោយបានជិះម៉ូតូកញ្ចាស់១គ្រឿង ឆ្លៀតចេញរត់ម៉ូតូឌុបគ្រាន់បានប្រាក់កម្រៃខ្លះទៀត ជួយទ្រទ្រង់ជីវភាពបន្ថែម រង់ចាំដល់វេលាថ្ងៃត្រង់ ចាំទិញបាយម្ហូបយកមកហូបជាមួយគូដណ្តឹងនៅឯបន្ទប់ជួល។ ស្រាប់តែមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃដដែល គាត់ក៏បានទូរស័ព្ទទៅអ្នកជួលផ្ទះក្បែរគ្នានោះ ឱ្យជួយមើលគូដណ្តឹងរបស់គាត់មើល តើនាងភ្ញាក់ហើយឬនៅ ពេលនោះអ្នកជិតខាងក៏បានដើរទៅគោះទ្វារបន្ទប់សួរ តែគ្មានអ្នកណាឆ្លើយតបសោះ រួចក៏ទាក់ទងប្រាប់គាត់វិញ ធ្វើឱ្យគាត់មានអារម្មណ៍គិតថាមិនស្រួល ក៏ផ្អាករត់ម៉ូតូឌុប ប្រញាប់ជិះម៉ូតូសំដៅមកបន្ទប់ជួលវិញ។ លុះពេលមកដល់ បើកទ្វារឃើញថា បន្ទប់មិនបានចាក់គន្លឹះខាងក្នុងទេ ស្រាប់តែពេលគាត់រុញទ្វារបន្ទប់ចូលទៅភ្លាម ក៏ស្រាប់តែប្រទះឃើញគូដណ្តឹងរបស់គាត់ បានចងកសម្លាប់ខ្លួននៅចម្រឹងដែកមាត់បង្អួចក្នុងបន្ទប់ជួលបាត់ទៅហើយ ទើបគាត់បានស្រែកហៅអ្នកជិតខាងឱ្យជួយ និងនាំគ្នាស្រាយចំណងដាក់ចុះ ក្រែងអាចជួយសង្គ្រោះបាន តែអកុសល គូដណ្តឹងរបស់គាត់បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យតែម្តង។
បុរសជាគូដណ្តឹង បានបញ្ជាក់ថា គាត់និងនារីរងគ្រោះបានស្គាល់គ្នាដំបូងនៅហាងផឹកស៊ីម្តុំក្បាលថ្នល់ រួចក៏ចាប់ចិត្តស្រលាញ់គ្នារហូតឈានដល់រួមរស់ជាមួយគ្នាជាង១ឆ្នាំមកហើយ ហើយទើបនឹងប្រាប់ចាស់ទុំទាំងសងខាងឱ្យដឹងឮ និងរៀបចំពិធីចូលស្តីដណ្តឹងភ្ជាប់ពាក្យនឹងគ្នា កាលពីពេលថ្មីៗនេះ ព្រមទាំងកំណត់យកខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ជាថ្ងៃចូលរោងការទៀតផង។
តាមសម្តីស្ត្រីឈ្មោះគ្រួច រ៉ានី អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ និងជាម្ចាស់បន្ទប់ជួលកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា គាត់បានជួលបន្ទប់ឱ្យបុរសនិងស្ត្រីរងគ្រោះស្នាក់នៅ ជិត២ខែហើយ ក្នុងុតម្លៃ១ខែ៥០ដុល្លារ តែមិនដឹងថា ពួកគេត្រូវជាប្តីប្រពន្ធ ឬក៏មិត្តភក្តិនោះទេ តែតាំងពីជួលបន្ទប់ស្នាក់នៅមក ឃើញថា ខាងប្រុសឧស្សាហ៍វាយដំប្រើហិង្សាទៅលើខាងស្រីញឹកញាប់ណាស់ ព្រោះតែភ្លើងប្រចណ្ឌ ហើយគាត់តែងតែចូលទៅស្តីបន្ទាសឱ្យទាំង២នាក់ តែពួកគេដូចជាមិនសូវស្តាប់គាត់ជាម្ចាស់ផ្ទះទេ ទើបគាត់ធ្លាប់បានគំរាមថា បើនៅតែឈ្លោះគ្នាទៀត ដាច់ខែហ្នឹង គាត់ឈប់ជួលឱ្យស្នាក់នៅហើយ។ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ ក៏ឮសូរខាងប្រុសដែលស្នាក់នៅជាមួយគ្នា ស្រែកឆោឡោថា នារីជាគូដណ្តឹងរបស់ខ្លួនចងកសម្លាប់ខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលនាំគ្នាចូលទៅមើល ស្រាប់តែឃើញនារីរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបប្រញាប់ប្តឹងសមត្ថកិច្ចឱ្យចុះមកពិនិត្យ។
សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ទខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះជួលខាងលើ បានរាយការណ៍ថា នៅបន្ទប់ជួលរបស់គាត់ មាននារីម្នាក់ចងកសម្លាប់ខ្លួននៅបន្ទប់ជួលនៅជាន់ទី១ ហើយក្រោយមកក៏សហការជាមួយនគរបាលប៉ុស្តិ៍ ចុះមកត្រួតពិនិត្យ និងឡោមព័ទ្ធកន្លែងកើតហេតុរង់ចាំផ្នែកជំនាញចុះពិនិត្យ និងសាកសួរនាំធ្វើកំណត់ហេតុ។
តាមការសន្និដ្ឋាន នារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើអាវពណ៌ខ្មៅចងកភ្ជាប់នឹងចម្រឹងដែកបង្អួច។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតនៅភូមិព្រៃថ្មី ឃុំព្រៃថ្មី ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕