Saturday, October 4, 2025
Homeព័ត៌មានជាតិកាប់របួសជើង ខឹងម្តាយក្មេកឆ្លើយមិនដឹងប្រពន្ធទៅណា

កាប់របួសជើង ខឹងម្តាយក្មេកឆ្លើយមិនដឹងប្រពន្ធទៅណា

ខេត្តកំពង់ចាម ៖ បុរសម្នាក់បាត់ប្រពន្ធ មិនដឹងដើរទៅណា ក៏តាមរកលុះដើរទៅសួរម្តាយក្មេកថា មានឃើញប្រពន្ធខ្ញុំទេ ស្រាប់តែម្តាយក្មេកបែរជាឆ្លើយបែបសោះអង្គើយថា អត់ដឹងទេ ជាហេតុធ្វើឱ្យកូនប្រសាផ្ទុះកំហឹងទាញកាំបិតផ្គាក់ កាប់ម្តាយក្មេកចំជើង បណ្តាលឱ្យរបួសធ្ងន់។

ហេតុការណ៍កូនប្រសាចិត្តភ្លើង គ្រាន់តែបាត់ប្រពន្ធ សួរម្តាយក្មេកអត់ដឹង បែរជាទាញកាំបិតកាប់ម្តាយក្មេកឱ្យរងរបួសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គរបានទី២ ឃុំអង្គរបាន ស្រុកកងមាស។

បុរសជាកូនប្រសាដែលកាប់ម្តាយក្មេករបួសធ្ងន់ មានឈ្មោះហ៊ាន សេងហាក់ អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះប៉ូ អៀន អាយុ៨២ មានលំនៅក្នុងភូមិជាមួយគ្នា របួសជើងស្តាំមួយកន្លែង។

លោកជា ជួន អធិការនគរបាលស្រុកកងមាស បានឱ្យដឹងថា យោងពាក្យបណ្តឹងរបស់ឈ្មោះស៊្រី យី ភេទប្រុស អាយុ២៥ឆ្នាំ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះហ៊ាន សេងហាក់ ត្រូវជាឪពុកមាសាច់ថ្លៃ ពីបទហិង្សាដោយចេតនា ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២៦  ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទីយប់ ដោយបានយកកាំបិតខ្វែវកាប់ទៅលើជីដូន ឈ្មោះប៉ូ អៀន បណ្តាលឱ្យរងរបួសជើងស្តាំមួយកន្លែង កម្រិតមធ្យម។

លោកអធិការ បន្តថា យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះហាន សេងហាក់ បានកើតមានទំនាស់ជាមួយប្រពន្ធ ទើបប្រពន្ធគេចបាត់ពីផ្ទះ ព្រោះខ្លាចជនសង្ស័យជាប្តីប្រើអំពើហិង្សាដាក់។ លុះពេលបាត់ប្រពន្ធ ជនសង្ស័យក៏បានដើរតាមរក រួចក៏ដើរទៅសួរស្ត្រីរងគ្រោះជាម្តាយក្មេក និងត្រូវម្តាយក្មេកឆ្លើយថា មិនដឹង ទើបធ្វើឱ្យជនសង្ស័យខឹងក៏ទាញកាំបិតកាប់ម្តាយក្មេកឱ្យរងរបួសជើងតែម្តង។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបណ្តឹង សមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនមុខសញ្ញាមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារម្តាយក្មេកមែន មូលហេតុដោយសារខឹងរឿងបាត់ប្រពន្ធ លុះពេលសួរម្តាយក្មេកគាត់ឆ្លើយ បែបសោះអង្គើយថាមិនដឹង ទើបធ្វើឱ្យខ្លួនខឹង ក៏កាប់ប្រហារតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

ឪកំណាចវ៉ៃដំបង្ខំកូនដើរសុំទាន គ្រាន់តែឃើញសមត្ថកិច្ចដាក់មេប្រូច ចោលកូនបាត់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដោយសារជីវភាពទីទ័លក្រខ្លាំងពេក ក៏នាំកូនប្រុសតូចម្នាក់ដើរសុំទានគេតាមហាងលក់ដូរ តាមកន្លែងលក់សំបុត្ររថយន្តក្រុង និងត្រូវគេប្រទះឃើញថាឧស្សាហ៍ប្រើអំពើហិង្សាវាយដំកូនប្រុសជាញឹកញាប់ ទើបមានអ្នកលួចថតសកម្មភាពហិង្សានោះ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតដល់សមត្ថកិច្ចចុះអន្តរាគមន៍នាំខ្លួនទៅសួរនាំ ស្រាប់តែបុរសជាឪពុករូបនោះបានរត់គេចខ្លួនបាត់ ចោលកូនតូចរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសជាឪពុកដែលតែងវាយធ្វើបាបបង្ខំឱ្យកូនប្រុសតូចដើរសុំទានគេនេះ មានឈ្មោះចាន់ ធី អាយុ៣៤ឆ្នាំ មុខរបរដើរសុំទាន  មានប្រពន្ធឈ្មោះតាប់ ហេង មានកូន៣នាក់ក្នុងបន្ទុក និងកំពុងពពោះកូនទី៤ម្នាក់ទៀត សព្វថ្ងៃស្នាក់នៅនៅម្តុំផ្លូវរថភ្លើង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារតែទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាឧស្សាហ៍ប្រទះឃើញបុរសម្នាក់ នាំកូនប្រុសតូចដើរសុំទានគេសព្វកន្លែង ក្នុងក្រុងប៉ោយប៉ែត ហើយពេលខ្លះបានវាយដំកូនប្រុសតូចនោះទៀតផង ទើបសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ បំណងនាំបុរសរូបនោះ សួរនាំនិងអប់រំ។ លុះនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលបុរសរូបនោះកំពុងដឹកដៃកូនដើរសុំទានតាមផ្លូវជាតិ គ្រាន់តែក្រឡេកឃើញសមត្ថកិច្ចឈប់រថយន្តភ្លាម បុរសនោះបានស្រែកថា ប៉ូលិសមកហើយ ឆាប់រត់កូន។ ភ្លាមនោះ បុរសរូបនោះបានរត់យ៉ាងលឿន និងគេចតាមផ្ទះអ្នកស្រុកចោលកូនបាត់ស្រមោល ដោយទុកឱ្យកូនតូចឈរស្រែកយំ និងត្រូវសមត្ថកិច្ចនាំក្មេងប្រុសនោះទៅផ្ទះដែលក្រុមគ្រួសារគេស្នាក់នៅ។

ប្រភពដដែលបន្តថា តាមសម្តីស្ត្រីជាប្រពន្ធឈ្មោះតាប់ ហេង បានរៀបរាប់ប្រាប់ថា នាងមានរបរដើររើសអេតចាយជាមួយកូនច្បង អាយុ៧ឆ្នាំ ចំណែកឯប្តីដើរសុំទានគេ។ ប្តីប្រពន្ធនាងចាប់យករបរនេះជាង១០ឆ្នាំហើយ ដោយពីមុនប្តីនេះ បាននាំកូនច្បងទៅជាមួយ ដើម្បីដើរសុំទានគេ តែពេលនេះបាននាំកូនទី២ទើបនឹងអាយុ៣ឆ្នាំ ទៅជាមួយវិញម្តង ចំណែកកូនទី៣នាង នៅពជាប់ចង្កេះ ហើយកំពុងមានផ្ទៃពោះ១ខែទៀតហើយ។ តាមពិតនាងមិនឱ្យប្តីសុំទានបែបជម្រិត ឬនិយាយអ្វីអាក្រក់ទេ ពិសេសរឿងវ៉ៃបង្ខំកូន ព្រោះសមត្ថកិច្ចធ្លាប់ចាប់អប់រំច្រើនដងហើយ តែប្តីមិនស្តាប់។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីមានហ្វេសប៊ុកសរសេររិះគន់ពីបុរសខាងលើដឹកដៃកូនសុំទាន បែបប្រើកំលាំងពលកម្មកុមារ និងថែមទាំងបានវាយធ្វើបាបកូនទៀតនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាចុះពិនិត្យមើល និងឱ្យរកបុរសនោះយកទៅសួរនាំ តែមិនទាន់បានហៅផង ស្រាប់តែរត់គេចខ្លួនបាត់។ ពេលនេះ សមត្ថកិច្ចបានទាក់ទងខាងមន្ត្រីមន្ទីរសង្គមកិច្ច និងស្ត្រីជាម្តាយ ជាមួយក្មេងៗទាំង៣ យកទៅសាកសួរ ដើម្បីពិនិត្យមើលលផ្លូវច្បាប់៕

http://www.nokorthomdaily.com/2018/01/social-61673/

RELATED ARTICLES