ខេត្តស្វាយរៀង ៖ បុរសមួយក្រុមបានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែពេលអស់សាច់ក្លែម ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាងទប់ចិត្តមិនបាន ក៏ទាញដំបងសំពងលើគូទំនាស់ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ នៅចំណុចភូមិជៀឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។
ជនសង្ស័យដៃដល់ មានឈ្មោះង៉ែត ដារ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ិន សុគន្ធកាយ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យដែលជាមិត្តភក្តិនឹងគ្នា បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះពេលផឹកស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតកើតជាទំនាស់តឹងសរសៃកដាក់គ្នា បន្ទាប់មក ជនសង្ស័យក៏ស្ទុះទៅទាញដំបងសំពងចំក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ហូរឈាមស្រោចខ្លួនតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយប្រាប់ថា រូបគេពិតជាបានប្រើហិង្សា វាយទៅលើជនរងគ្រោះប្រាកដមែន ដោយសារតែស្រវឹងស្រា ហើយណាមួយមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះ ដែលចូលចិត្តឌឺដងពេក ទើបធ្វើឱ្យរូបគេទ្រាំមិនបាន ក៏ស្ទុះទាញបានយកកំណាត់ឈើជ្រុងវាយទៅលើក្បាលជនរងគ្រោះតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿងតាមនីតិវិធី៕