ខេត្តព្រះសីហនុ ៖ បុរសល្មោភកាមម្នាក់ ឃើញនារីក្រមុំម្នាក់កំពុងឈរដាំបាយធ្វើម្ហូបនៅក្នុងផ្ទះបាយ ក៏ស្រាប់តែពុះកញ្ជ្រោលតណ្ហាទប់មិនជាប់ ក៏លបចូលទៅចាប់ឱបនារីរងគ្រោះពីក្រោយ លូករាវឱបថើបញក់ញីសព្វកន្លែង និងប៉ុនប៉ងចាប់រំលោភនារីរងគ្រោះនៅក្នុងផ្ទះបាយទៀតផង តែសំណាងល្អ នារីរងគ្រោះប្រឹងរើបម្រះរួច ក៏រត់ចេញមកស្រែកឆោឡោ ផ្អើលអ្នកជិតខាងចាប់ក្របួចប្រុសព្រាន ប្រគល់ឱ្យសមត្ថកិច្ច។
ករណីប្រុសព្រានលបចូលផ្ទះបាយឱបថើប ប៉ងរំលោភកូនក្រមុំគេនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះបាយរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិវាលមាស ឃុំវារេញ ស្រុកព្រៃនប់។
ជនសង្ស័យល្មោភកាមដែលប៉ងរំលោភស្រីក្រមុំក្នុងផ្ទះបាយ មានឈ្មោះហួន ធឿន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះមានអាយុ២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងទើបនឹងត្រឡប់មកពីធ្វើការងាររោងចក្រវិញ លុះពេលផ្លាស់សម្លៀកបំពាក់រួចហើយ នាងក៏បានដើរចូលទៅក្នុងផ្ទះបាយ ដើម្បីរៀបចំដាក់ដាំបាយ និងធ្វើម្ហូបហូប លុះពេលដែលនាងកំពុងធ្វើម្ហូបក្នុងផ្ទះបាយ ភ្លេចខ្លួន ស្រាប់តែលេចមុខជនសង្ស័យឈ្មោះហួន ធឿន បានលបចូលមកដល់ក្នុងផ្ទះបាយរបស់នាង រួចក៏ធ្វើសកម្មភាពចាប់ឱបនាងពីក្រោយជាប់ និងបានថើបញក់ញីយ៉ាងក្រពុលមុខ ចំណែកដៃរបស់ជនសង្ស័យបានលូករាវសព្វកន្លែង និងប៉ុនប៉ងចាប់នាងផ្តួលដើម្បីរំលោភក្នុងផ្ទះបាយនោះតែម្តង ប៉ុន្តែភ្លាមនោះ នាងបានប្រឹងរើបម្រះរហូតបានរួចផុតពីក្រញ៉ាំតណ្ហាប្រុសព្រានរូបនេះ រួចក៏រត់ចេញមកក្រៅផ្ទះស្រែកហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង នាំគ្នារត់មកដល់កន្លែងកើតហេតុភ្លាមៗ និងនាំគ្នាចាប់ជនសង្ស័យរូបនោះជាប់ ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំជនសង្ស័យទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហួន ធឿន បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពប៉ងរំលោភនារីរងគ្រោះប្រាកដមែន ដោយនៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះនៅក្នុងផ្ទះបាយកំពុងធ្វើម្ហូបតែម្នាក់ឯង មានឱកាសស្ងាត់ល្អក៏លបចូលទៅចាប់ឱបពីក្រោយ លូកស្ទាបថើបញក់ញី រួចក៏ប៉ងចាប់រំលោភ តែមិនបានសម្រេច ព្រោះនារីរងគ្រោះរើបម្រះរួចក៏ស្រែកហៅឆោឡោឡើង ផ្អើលដល់អ្នកជិតខាងចាប់រូបគេជាប់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទមុនៗ
ផឹកសុីជុំគ្នាអស់់សាច់ ក្លែមសម្តីគ្នាទៅវិញទៅមក ទាញដំបងសំពងរយះក្បាល
ខេត្តស្វាយរៀង ៖ បុរសមួយក្រុមបានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែពេលអស់សាច់ក្លែម ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតដល់ភាគីម្ខាងទប់ចិត្តមិនបាន ក៏ទាញដំបងសំពងលើគូទំនាស់ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ នៅចំណុចភូមិជៀឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។
ជនសង្ស័យដៃដល់ មានឈ្មោះង៉ែត ដារ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ិន សុគន្ធកាយ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យដែលជាមិត្តភក្តិនឹងគ្នា បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះពេលផឹកស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតកើតជាទំនាស់តឹងសរសៃកដាក់គ្នា បន្ទាប់មក ជនសង្ស័យក៏ស្ទុះទៅទាញដំបងសំពងចំក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ហូរឈាមស្រោចខ្លួនតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយប្រាប់ថា រូបគេពិតជាបានប្រើហិង្សា វាយទៅលើជនរងគ្រោះប្រាកដមែន ដោយសារតែស្រវឹងស្រា ហើយណាមួយមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះ ដែលចូលចិត្តឌឺដងពេក ទើបធ្វើឱ្យរូបគេទ្រាំមិនបាន ក៏ស្ទុះទាញបានយកកំណាត់ឈើជ្រុងវាយទៅលើក្បាលជនរងគ្រោះតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿងតាមនីតិវិធី៕
http://www.nokorthomdaily.com/2018/01/svay-rieng-violence/