ខេត្តកណ្តាល ៖ បុរសម្នាក់ឃើញឪពុកកូនគេ២នាក់ កំពុងឈ្លោះប្រកែកគ្នា ក៏ស្រាប់តែលូកមាត់ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តី តឹងសរសៃកដាក់គ្នា រហូតឈានដល់ការប្រើអំពើហិង្សា ទាញកណ្តៀវកាប់ទៅលើគូទំនាស់ ឃើញបែបនេះ បុរសម្នាក់ទៀតបានស្ទុះចូលមកឃាត់ ស្រាប់តែត្រូវជនដៃដល់កាប់បណ្តាលឱ្យដាច់ម្រាមដៃ រងរបួសថែមម្នាក់ទៀត ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទីី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។
ជនរងគ្រោះមានចំនួន២នាក់ រួមមាន ទី១-ឈ្មោះឃ្លាំង វ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ និងទី២-ឈ្មោះសាត លាងហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។ ចំណែកជនសង្ស័យជាដៃដល់ មានឈ្មោះយុង គុណនាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ឈ្មោះសាត គា អាយុ៥៣ឆ្នាំ បានជជែកគ្នាជាមួយប្រពន្ធឈ្មោះនួន អែម រឿងបាញ់ថ្នាំស្រូវ។ ភ្លាមនោះឈ្មោះសាត លាងហ៊ីម ត្រូវជាកូនបង្កើតរបស់ឈ្មោះសាត គា បានឆ្លើយទៅឪពុករបស់ខ្លួនថា ផ្ទះនេះឮសូរតែឈ្លោះគ្នា។ ស្រាប់តែរំពេចនោះ ជនបង្កហេតុឈ្មោះ យុង គុណនាង បានស្រែកដាក់ឈ្មោះសាត លាងហ៊ីម ថា “ហ្ហែងថាអីឱ្យអញ?” ពេលនោះ ឈ្មោះសាត លាងហ៊ីម បានឆ្លើយវិញថា “អញមានថាអី!” ទើបធ្វើឱ្យជនបង្កហេតុឈ្មោះយុង គុណនាង ខឹងក៏ដើរសំដៅទៅរកឈ្មោះសាត លាងហ៊ីម រួចបានចាប់ដៃប្រតាយប្រតប់គ្នា។


ប្រភពដដែលបន្តថា នៅពេលឃើញភាគីទាំង២ខាងលើឈ្លោះប្រកែកគ្នាបែបនេះ ទើបជនរងគ្រោះឈ្មោះឃ្លាំង វេត មកចូលជួយឃាត់ ស្រាប់តែត្រូវជនដៃដល់ឈ្មោះយុង គុណនាង បានទាញកណ្តៀវខ្វាងមកកាប់ទៅលើឈ្មោះ ឃ្លាំង វេត បណ្តាលឱ្យរបួសដាច់ម្រាមដៃខាងឆ្វេង និងកាប់ត្រូវចង្អុលដៃខាងស្តាំរបស់ជនរងគ្រោះឈ្មោះសាត លាងហ៊ីម បណ្តាលឱ្យរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូនជនរងគ្រោះទាំង២នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕