Saturday, October 4, 2025
Homeព័ត៌មានជាតិចាប់ខ្លួន ឪកំណាចវ៉ៃដំបង្ខំកូនដើរសុំទាន

ចាប់ខ្លួន ឪកំណាចវ៉ៃដំបង្ខំកូនដើរសុំទាន

ខេត្តបន្ទាយមានជ័យ ៖ បុរសជាឪពុកចិត្តកំណាចម្នាក់ ដែលបានធ្វើសកម្មភាពវាយដំបង្ខំកូនប្រុសរបស់ខ្លួន ឱ្យដើរសុំទានគេតាមហាងលក់ដូរ តាមកន្លែងលក់សំបុត្ររថយន្តក្រុង និងត្រូវបានគេលួចថតសកម្មភាពហិង្សានោះ បង្ហោះផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចម្តុំផ្លូវរថភ្លើង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត។

បុរសជាឪពុកដែលវាយដំបង្ខំកូនដើរសុំទានគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននេះ មានឈ្មោះចាន់ ធី អាយុ៣៤ឆ្នាំ មុខរបរដើរសុំទាន  មានប្រពន្ធឈ្មោះតាប់ ហេង មានកូន៣នាក់ក្នុងបន្ទុក និងកំពុងពពោះកូនទី៤ម្នាក់ទៀត សព្វថ្ងៃស្នាក់នៅនៅម្តុំផ្លូវរថភ្លើង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានបុរសម្នាក់នាំកូនប្រុសតូចដើរសុំទានគេសព្វកន្លែងក្នុងក្រុងប៉ោយប៉ែត ដោយបានវាយដំទៅលើកូនប្រុសផងនោះ ទើបសមត្ថកិច្ចបានចុះអន្តរាគមន៍បំណងនាំបុរសរូបនោះ សាកសួរ និងអប់រំ តែពេលដែលក្រឡេកឃើញសមត្ថកិច្ចភ្លាមបុរសនោះបានរត់យ៉ាងលឿន និងគេចតាមផ្ទះអ្នកស្រុកចោលកូនបាត់ស្រមោល ដោយទុកឱ្យកូនតូចឈរស្រែកយំ និងត្រូវសមត្ថកិច្ចនាំក្មេងប្រុសនោះទៅផ្ទះដែលក្រុមគ្រួសារគេស្នាក់នៅ។

តាមសម្តីស្ត្រីឈ្មោះតាប់ ហេង ត្រូវជាប្រពន្ធជនសង្ស័យ និងត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងមានរបរដើររើសអេតចាយជាមួយកូនច្បង អាយុ៧ឆ្នាំ ចំណែកឯប្តីដើរសុំទានគេ។ ប្តីប្រពន្ធនាងចាប់យករបរនេះជាង១០ឆ្នាំហើយ ដោយពីមុន ប្តីនេះបាននាំកូនច្បងទៅជាមួយ ដើម្បីដើរសុំទានគេ តែពេលនេះបាននាំកូនទី២ ទើបនឹងអាយុ៣ឆ្នាំ ទៅជាមួយវិញម្តង ចំណែកកូនទី៣នាង នៅពជាប់ចង្កេះ ហើយកំពុងមានផ្ទៃពោះ១ខែទៀតហើយ។ តាមពិតនាងមិនឱ្យប្តីសុំទានបែបជម្រិត ឬនិយាយអ្វីអាក្រក់ទេ ពិសេសរឿងវ៉ៃបង្ខំកូន ព្រោះសមត្ថកិច្ចធ្លាប់ចាប់អប់រំច្រើនដងហើយ តែប្តីមិនស្តាប់។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីមានហ្វេសប៊ុកសរសេររិះគន់ពីបុរសខាងលើ ដឹកដៃកូនសុំទានបែបប្រើកម្លាំងពលកម្មកុមារ និងថែមទាំងបានវាយធ្វើបាបកូនទៀតនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាចុះពិនិត្យមើល និងឱ្យរកបុរសនោះ យកទៅសាកសួរ តែមិនទាន់បានហៅផង ស្រាប់តែរត់គេចខ្លួនបាត់។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាន បុរសឈ្មោះចាន់ ធី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគេបានចាប់ដៃគ្នាដោយមិនបានរៀបការទេ ដំបូងឡើយពួកគេស្គាល់គ្នានៅហាងខារ៉ាអូខេមួយ នៅក្រុងសិរីសោភ័ណ លុះក្រោយពីរួមរស់បង្កើតបានកូនច្បងអាយុ៣ខែ ខ្លួនជាប្តីក៏បានបីកូនតូចដើរសុំទានគេនៅក្រុងសិរីសោភ័ណ រហូតកូនចេះដើរ និងពេលធំយកទៅតាមខ្លួន ដើម្បីសុំទានរហូតមក។ លុះមកនៅក្រុងប៉ោយប៉ែត រូបគេក៏បានបន្តអាជីពសុំទានគេដដែល ដោយយកកូនទី២ ទៅសុំទានតាំងពីតូចដូចគ្នារហូតដល់សព្វថ្ងៃ ចំណែកប្រពន្ធវិញ ដើររើសអេតចាយ។

បន្ទាប់ពីសមត្ថកិច្ចនាំទាំង២នាក់ប្តីប្រពន្ធ មកសាកសួរ និងធ្វើការអប់រំរួចមក ប្តីប្រពន្ធអ្នកទាំង២ បានយល់ព្រមប្រគល់កូនប្រុសទាំង២នាក់ ឱ្យមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ ប្រគល់ទៅអង្គការក្តីស្រឡាញ់គ្មានព្រំដែននៅក្រុងប៉ោយប៉ែត យកទៅឱ្យរៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការិយាល័យសង្គមកិច្ចក្រុងប៉ោយប៉ែត។

ដោយឡែក ប្តីប្រពន្ធអ្នកទាំងពីរត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  បញ្ជាឱ្យអប់រំបញ្ឈប់ការនាំកូនដើរសុំទានគេ ដែលជាទង្វើនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ បន្ទាប់មក បានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញទៅ៕

RELATED ARTICLES