Saturday, October 4, 2025
Homeព័ត៌មានជាតិស្រែកយំក្បែរសពឳពុក!!! មិនសូវស្រួលខ្លួនហើយ ព្យាយាមដឹកកូនប្រុសទៅធ្វើការ មកវិញខ្យល់គរស្លាប់តាមផ្លូវ

ស្រែកយំក្បែរសពឳពុក!!! មិនសូវស្រួលខ្លួនហើយ ព្យាយាមដឹកកូនប្រុសទៅធ្វើការ មកវិញខ្យល់គរស្លាប់តាមផ្លូវ

ភ្នំពេញ ៖ បុរសចំណាស់ណាស់ម្នាក់ បន្ទាប់ពីឌុបជូនកូនប្រុសទៅធ្វើការ វិលត្រឡប់មកវិញស្រាប់តែកើតមានអាការៈងងឹតវិលមុខខ្យល់គស្លាប់តាមផ្លូវ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ១៩៨៦ កែងផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ តុល វុិត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះត្អូញថា មិនសូវស្រួលខ្លួន ហើយបានឌុបកូនប្រុសម្នាក់ទៅដាក់កន្លែងធ្វើការងារ នៅក្នុងខណ្ឌសែនសុខ លុះពេលដែលវិលត្រឡប់មកវិញ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 ធ្វើដំណើរតាមបណ្តោយផ្លូវ១០១១ ពីជើងទៅត្បូង លុះទៅដល់កែងផ្លូវ១៩៨៦ កើតមានអាការៈខ្យល់គដួលស្លាប់តែម្តង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូយឺតៗ តាមផ្លូវ១០១១ ពីជើងទៅត្បូង ដល់ផ្លូវ១៩៨៦ ស្រាប់តែងងឹតវិលមុខដួលម្នាក់ឯង នៅចិញ្ចើមផ្លូវ ទើបបង្កឲ្យភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលតែម្តង ។

ជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួច ឃើញថា ស្លាប់ដោយសារជម្ងឺខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទមុនៗ

ជេរដល់ម្រ៉ាយ ប្តីចុះចោលបំណងឲ្យប្រពន្ធស្ងប់ចិត្ត បែរជាចងកសម្លាប់ខ្លួនទៅវិញ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងរៀបការជាមួយគ្នាបានប្រមាណ៨ខែប៉ុណ្ណោះ តែកើតមានរឿងរ៉ាវរកាំរកូសឈ្លោះប្រកែកគ្នាមិនស្វាង ព្រោះតែរឿងប្រាក់ចំណងដៃក្នុងថ្ងៃរៀបការ រហូតដល់ស្ត្រីជាប្រពន្ធផ្ទុះកំហឹងខ្លាំងពេក ទប់ចិត្តមិនបាន ក៏ជេរបញ្ចោរប្តីរាលដាលដល់មេដំបូល (ឪពុកម្តាយខាងប្តី) ទើបធ្វើឱ្យបុរសជាប្តីខឹងសម្បាក៏ចុះចោលប្រពន្ធទៅផ្ទះម្តាយរបស់ខ្លួនវិញមួយរយៈ បំណងឱ្យស្ងប់ចិត្តទាំងសងខាង ចាំវិលមករកដំណោះស្រាយវិញ ដឹងអី! ប្រពន្ធបែរជាមួម៉ៅក្តៅចិត្ត គិតខ្លីចងកស្លាប់យ៉ាងអាណោចអាធ័ម។

សាកសពនាងសេន វឌ្ឍនា ចងកជាប់ធ្នឹមបង្អួច
ហេតុការណ៍ស្ត្រីតូចចិត្តនឹងរឿងប្តីចុះេចោលផ្ទះ បែរជាដាច់ចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៩០ បន្ទប់ជួលលេខ២៨ តាមផ្លូវបេតុង ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះសេន វឌ្ឍនា អាយុ២៧ឆ្នាំ ជាបុគ្គលិកស្រាបៀរ Ganzberg ស្នាក់នៅបន្ទប់ជួលលេខ២៨ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិដោម ឃុំតាអូ ស្រុកគិរីវង្ស ខេត្តតាកែវ។ ស្ត្រីរងគ្រោះទើបនឹងរៀបការជាមួយប្តីឈ្មោះកូយ ចាន់រ៉ា អាយុ២៧ឆ្នាំ មុខរបរជាងធ្វើស្លាកយីហោ បានរយៈពេល៨ខែប៉ុណ្ណោះ។

នាងសេន វឌ្ឍនា និងលោកកូយ ចាន់រ៉ា
តាមសម្តីយុវជនឈ្មោះកាន់ ពិសាល អាយុ២០ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះជួលកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានស្ត្រី២នាក់ ក្នុងនោះមានម្នាក់ត្រូវជាម្តាយរបស់ស្ត្រីរងគ្រោះ បានមករកស្ត្រីរងគ្រោះនៅបន្ទប់កើតហេតុខាងលើ តែដោយសារទ្វារបន្ទប់កើតហេតុខាងលើជាប់គន្លឹះពីក្នុង ទើបស្ត្រីទាំង២នាក់នោះ បានមករករូបគេជាអ្នកមើលការខុសត្រូវផ្ទះជួល ឱ្យជួយយកសោទៅចាក់ ដើម្បីបើកទ្វារចូលទៅមើល លុះពេលរូបគេយកសោ ទៅដល់ ចាក់បើកទ្វារ ស្រាប់តែប្រទះឃើញនារីរងគ្រោះយកខ្សែក្រណាត់ចងកខ្លួនឯងជាប់ នឹងចំរឹងដែកបង្អួចស្លាប់យ៉ាងអណោចអាធ័មបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកស្នាក់នៅជិតខាង ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ប្តីអង្គុយមើលសាកសពភរិយា
ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ២ថ្ងៃ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លូនៅក្នុងបន្ទប់ជួលជាប់បន្ទប់ស្នាក់នៅរបស់ស្ត្រីរងគ្រោះខាងលើបានស្ទះ ទើបរូបគេបានដើរទៅគោះទ្វារបន្ទប់ស្ត្រីរងគ្រោះ ដើម្បីសុំម្ចាស់បន្ទប់ចូលធ្វើការបូមលូ តែពេលនោះស្ត្រីរងគ្រោះបានបើកទ្វារចេញមកប្រាប់ថា “ថ្ងៃនេះខ្ញុំមានធុរៈ ខ្ញុំមិនឱ្យចូលទេ” បន្ទាប់មកស្ត្រីរងគ្រោះក៏បិទទ្វារវិញទៅ ហើយមួយសន្ទុះក្រោយមក នារីរងគ្រោះក៏បានដើរចេញទៅក្រៅបាត់ ហើយរូបគេក៏មិនបានចាប់អារម្មណ៍ថា ស្ត្រីរងគ្រោះវិលចូលមកបន្ទប់វិញពីពេលណាដែរ រហូតលុះដល់វេលាកើតហេតុ ទើបដឹងថា ស្ត្រីរងគ្រោះបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ចំណែកស្ត្រីឈ្មោះគឹម ផាន់នី អាយុ៦០ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កូនស្រីរបស់គាត់បានទូរស័ព្ទពីកន្លែងធ្វើការមកប្រាប់គាត់ជាម្តាយថា “ប្តីរបស់ខ្ញុំបានផ្ញើសារមកប្រាប់ខ្ញុំថា គាត់យកខោអាវចេញទៅស្នាក់នៅខាងក្រៅមួយរយៈសិន ព្រោះនៅទីនេះយើងចេះតែឈ្លោះគ្នា” ពេលនោះ គាត់បានប្រាប់ទៅកូនស្រីវិញថា “បើចឹងកូនកុំគិតច្រើនពេក ទៅផ្ទះវិញញ៉ាំបាយ ហើយបិទទ្វារចាក់ចោរឱ្យស្រួលបួល ហើយកុំមានគំនិតគិតខ្លីអីឱ្យសោះណា” ហើយគាត់ក៏បិទទូរស័ព្ទទៅ។ លុះមួយសន្ទុះក្រោយមក គាត់បានទូរស័ព្ទទៅកូនស្រីវិញ ស្រាប់តែកូនស្រីរបស់គាត់មិនលើកទូរស័ព្ទរបស់គាត់សោះ ទើបគាត់បានព្យាយាមខលទៅម្តងហើយម្តងទៀត នៅតែមិនលើកដដែល។ តាំងពីថ្ងៃនោះមក គាត់បានព្យាយាមទូរស័ព្ទទៅកូនស្រីរហូត តែកូនស្រីមិនព្រមលើកទូរស័ព្ទសោះ។ បន្ទាប់មក គាត់បានទៅរកកូនស្រីនៅផ្ទះដន្លងឯខេត្តកំពង់ស្ពឺ ដែរ នៅតែមិនឃើញកូនស្រីរបស់គាត់សោះ។

ស្ត្រីជាម្តាយបានបន្តថា រហូតដល់ថ្ងៃកើតហេតុ គាត់ក៏បានទៅរកកូនស្រីរបស់ដល់បន្ទប់ជួលកើតហេតុ ខណៈពេលទៅដល់ ស្រាប់តែឃើញទ្វារបន្ទប់ចាក់គន្លឹះពីក្នុង ភ្លាមនោះ គាត់ក៏ចុចទូរស័ព្ទទៅកូនស្រីម្តងទៀត ស្រាប់តែលាន់ឮសំឡេងទូរស័ព្ទរោទិ៍ចេញមកពីក្នុងបន្ទប់ ទើបគាត់ដឹងច្បាស់ថា កូនស្រីច្បាស់ជាមានរឿងគិតខ្លីតែម្តង ទើបឆោឡោរកអ្នកមើលការខុសត្រូវផ្ទះជួល យកសោមកចាក់ចូលទៅមើលក្នុងបន្ទប់ កូនស្រី ស្រាប់តែបើកទ្វារមក ក៏ឃើញកូនស្រីរបស់គាត់ចងកសម្លាប់ខ្លួនបាត់ទៅហីយ។

ដោយឡែក តាមសម្តីបុរសឈ្មោះកូយ ចាន់រ៉ា ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធបានរៀបការជាមួយគ្នាអស់រយៈពេល៨ខែមកហើយ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធរយៈពេល៨ខែមកនេះ ប្តីប្រពន្ធគាត់រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ តែងមានការរឿងរកាំរកូសឈ្លោះប្រកែលគ្នាជាប់រហូត ព្រោះមូលហេតុរឿងលុយចំណងដៃ។

បុរសជាប្តីរូបនេះ បានបញ្ជាក់ថា តាមពិត ពិធីមង្គលការបានរៀបចំឡើងនៅផ្ទះរបស់គាត់ ហើយលុយចំណងដៃដែលបានពីខាងស្រី ត្រូវបានឪពុកម្តាយខាងស្រីប្រគល់ឱ្យពួកគាត់ទាំង២នាក់ទុកដាក់ ដោយឡែកលុយចំណងដៃដែលបានពីខាងប្រុស ត្រូវបានឪពុកម្តាយរបស់គាត់ យកទុកដើម្បីសងអីវ៉ាន់គេ ដូច្នេះហើយទើបបង្កឱ្យប្រពន្ធចេះតែមានចិត្តខឹងរហូតមក។

បុរសជាប្តី បានបន្ថែមថា ក្នុងអំឡុងពេល១សប្តាហ៍កន្លងទៅនេះ ប្រពន្ធតែងតែឈ្លោះប្រកែករករឿងគាត់ជាប្តីមិនឈប់ រហូតដល់ផ្ទុះកំហឹងខ្លាំង ជេរបញ្ចោរគាត់ដល់មេដំបូល ពោលគឺជេរម៉្រាយគាត់យ៉ាងខ្លាំង ទើបធ្វើឱ្យគាត់ខឹងខ្លាំងពេក ទ្រាំមិនបាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ គាត់ក៏បានសម្រេចចិត្តចាកចេញពីប្រពន្ធមួយរយៈ ទៅនៅផ្ទះម្តាយ ដើម្បីកុំឱ្យចេះតែឈ្លោះគ្នាច្រើនពេក និងចង់ទុកពេលឱ្យស្ងប់ចិត្តរៀងខ្លួន ដើម្បីវិលមករកដំណោះស្រាយដោយសន្តិវិធី ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ម្តាយក្មេកបានទូរស័ព្ទមកប្រាប់គាត់ថា ប្រពន្ធរបស់គាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ ពិតជាស្លាប់ដោយការចងកសម្លាប់ខ្លួនប្រាកដមែន។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដឹកយកទៅតម្កល់ធ្វើបុណ្យទៅតាមប្រៃណីនៅឯវត្តចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ៕

http://www.nokorthomdaily.com/2018/01/social1047684/

RELATED ARTICLES