ភ្នំពេញ ៖ បុរសម្នាក់កាន់រូបថតជនសង្ស័យ និងឯកសារម៉ូតូ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍គោកឃ្លាង ខណ្ឌសែនសុខ ឱ្យជួយអន្តរាគមន៍ស្រាវជ្រាវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ឱ្យជួយអន្តរាគមន៍ បន្ទាប់ពីក្លើជើងល្អប្រើល្បិចខ្ចីម៉ូតូទៅទិញទាមកក្លែម ហើយទៅបាត់មិនឃើញយកមកវិញ តាំងពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ មកម៉្លេះ នៅផ្ទះជួលក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះណន ស៊ីម៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៣១ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យឆបោកយកម៉ូតូទៅបាត់ មានឈ្មោះធួន ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ រីឯម៉ូតូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GO-9008។
តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា គាត់ស្គាល់រាប់អានគ្នាជាមួយជនសង្ស័យ៨ឆ្នាំមកហើយ ដោយសារជាអ្នកលក់ដូរក្បែរខាងគ្នា នៅផ្សារឯករាជ្យ៣ សង្កាត់ស្ទឹងមានជ័យ៣ ហើយ ក៏មិនដែលមានបញ្ហាអ្វីនឹងគ្នាដែរ ដោយតែងជួបជុំផឹកស៊ីជាមួយគ្នាជាបន្តបន្ទាប់ នៅយប់ថ្ងៃទី២៤ ខែមករា កន្លងមក ជនសង្ស័យបានទៅផ្ទះគាត់នៅភូមិគោកឃ្លាង ពេលមកដល់អង្គុយលេងគាត់ជាម្ចាស់ផ្ទះបានរៀបចំផឹកស៊ីបន្តិចបន្តួចជាមួយជនសង្ស័យផង។ ក្រោយពីហូបអស់បន្តិច ជនសង្ស័យបានប្រាប់គាត់ថា ខ្ចីម៉ូតូមួយភ្លែតទៅទិញទាមួយក្បាលយកមកក្លែម ដោយសារតែស្គាល់គ្នាមិនដឹងកល់ល្បិច ជនសង្ស័យគាត់បានសោម៉ូតូទៅជនសង្ស័យជិះ ដោយមិននឹកស្មានថា ក្លើជើងល្អនោះស៊ីដាច់ម៉ូតូឡើយ។ ក្រោយពីជនសង្ស័យជិះចេញទៅ ក៏បាត់ស្រមោលមិនឃើញយកម៉ូតូត្រឡប់ឱ្យគាត់វិញសោះ ធ្វើឱ្យគាត់ចាំបាត់ៗ និងព្យាយាមទូរស័ព្ទមិនចូលគាត់ក៏បានទៅដល់ផ្ទះជនសង្ស័យ និងបានធ្វើការសម្របសម្រួលជាមួយគ្រួសារជនសង្ស័យ តែលទ្ធផលមិនបានការអីទាំងអស់ ដោយឪពុកម្តាយជនសង្ស័យប្រាប់ឱ្យមកប្តឹងថែមទៀត ទើបគាត់សម្រេចចិត្តកាន់រូបថតជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីប្តឹងសមត្ថកិច្ចជួយស្វែងរកជនសង្ស័យខាងលើ នាំមកចាត់ការតាមផ្លូវច្បាប់ និងយកម៉ូតូរបស់គាត់ត្រឡប់មកវិញ៕
អត្ថបទមុនៗ
នាំកូន២នាក់ទៅលើកលបក្តាម ពេលកំពុងធ្លាក់ភ្លៀង ត្រូវរន្ទះបាញ់ក្បាលឪស្លាប់ កូនៗស្រែកយំហៅគេឯងឲ្យជួយ
ខេត្តកោះកុង ៖ បុរសម្នាក់បាននាំកូន២នាក់ ចេញទៅលើកលបក្តាម ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែអកុសល ពេលកំពុងលើកលបក្តាមដាក់លើទូក ក៏ស្រាប់តែត្រូវរន្ទះបាញ់ចំក្បាលបុរសជាឪពុក បណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅលើទូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចព្រែកពយពេច ស្ថិតក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះសិង្ហ ហឿន អាយុ៤៩ឆ្នាំ មុខរបរនេសាទ និងជាអនុប្រធានប្រជាការពារ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងធ្លាក់មួយមេធំនៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ ហើយក្នុងនោះជនរងគ្រោះខាងលើ បាននាំកូន២នាក់ ជិះទូកចេញទៅលើកលបក្តាមទាំងមេឃកំពុងធ្លាក់ភ្លៀង។ លុះទៅដល់កំពុងលើកលបក្តាមដាក់លើទូក ក៏ស្រាប់តែរន្ទះបានបាញ់ចំក្បាលបុរសរងគ្រោះជាឪពុក បណ្តាលឱ្យបែកក្បាលដួលស្លាប់នៅលើទូកភ្លាមៗមួយរំពេច ធ្វើឱ្យកូនៗរបស់ជនរងគ្រោះភ័យឆោឡោស្រែកហៅគេឯងឱ្យជួយ និងធ្វើឱ្យផ្អើលដល់អ្នករកក្តាមជិតនោះ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ចំក្បាលប្រាកដមែន ខណៈដែលជនរងគ្រោះជិះទូកចេញរកក្តាមទាំងមេឃកំពុងភ្លៀង។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
http://www.nokorthomdaily.com/2018/01/social-61918/