ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ជាចុងភៅនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងរោងហូបបាយរបស់ក្រុមកម្មករ សង្ស័យថាកើតអាការៈខ្យល់គរ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចបរិវេណរោងចក្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
ស្ត្រីរងគ្រោះ មានឈ្មោះវ៉ន ចាន្នី អាយុ៥១ឆ្នាំ មុខរបរចុងភៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ចក-ជេ & ដាប់បែលយូ ហ្គាមេន (ខេមបូឌា) ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពៀង ឃុំព្រែកកំបៅ ស្រុកកងមាស ខេត្តកំពង់ចាម។
តាមសម្តីរបស់សន្តិសុខយាមរោងចក្រខាងលើ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះខាងលើត្រូវកូនប្រុសរបស់គាត់ដឹកមកដល់រោងចក្រ ដើម្បីមកជួបប្រជុំជាមួយថៅកែរោងចក្រ ប៉ុន្តែមិនទាន់ដល់ម៉ោង ស្ត្រីរងគ្រោះបានទៅដេកបន្តនៅលើកៅអីកន្លែងហូបបាយរបសកម្មករ-កម្មការនី លុះដល់ម៉ោង៨ព្រឹកថ្ងៃដដែលនោះ សន្តិសុខនៅក្នុងរោងចក្របានដើរទៅដាស់ស្ត្រីរងគ្រោះឱ្យក្រោកទៅប្រជុំ តែដាស់មិនក្រោក ទើបសន្តិសុខដើរទៅហៅគ្រូពេទ្យប្រចាំរោងចក្រមកពិនិត្យ ទើបដឹងថា ស្ត្រីរងគ្រោះខាងលើនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមៗនោះ ខាងតំណាងរោងចក្រ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យសាកសពស្ត្រីរងគ្រោះខាងលើ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពីតជាស្លាប់ដោយសារខ្យល់គប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕