Saturday, October 4, 2025
Homeព័ត៌មានជាតិល្បួងប្រុសស្ទាវ៣នាក់ទៅរួមរ័ក ស្កប់ស្កល់ហើយ ប្រុសវាយប្លន់យកម៉ូតូ

ល្បួងប្រុសស្ទាវ៣នាក់ទៅរួមរ័ក ស្កប់ស្កល់ហើយ ប្រុសវាយប្លន់យកម៉ូតូ

ភ្នំពេញ ៖ យុវជនជាភេទទី៣ម្នាក់ បានបបួលក្មេងស្ទាវម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ទៅរួមរ័កបែបឆក់កណ្តៀតនៅតាមផ្លូវឌឿងហែម លុះក្រោយពីរួមរ័កមេត្រីរួច ស្រាប់តែត្រូវក្មេងស្ទាវទាំងនោះរួមគំនិតគ្នា ព្រួតវ៉ៃប្លន់យកម៉ូតូទៅបាត់ នៅសល់បក្ខពួកម្នាក់រត់មិនរួច ក៏ត្រូវយុវជនភេទទី៣ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីត្រូវរ៉ូវគ្នារួមរ័ករួចហើយ វ៉ៃប្លន់ម៉ូតូយកទៅបាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ចំណុចមុខសណ្ឋាគារហ៊ីម៉ាវ៉ារី ស្ថិតនៅក្នុងក្រុម១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្មេងស្ទាវព្រួតគ្នាវ៉ៃប្លន់ មានឈ្មោះពៅ ណារិទ្ធ ជាភេទទី៣ អាយុ២៨ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ចំណែកម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅនោះ ម៉ាកហ៊្វីណូ ពណ៌លឿងលាយស ស៊េរីឆ្នាំ២០១៤ មិនចាំស្លាកលេខ។ ដោយឡែក ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន មានឈ្មោះវុធ ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៩៥២N សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។

តាមសម្តីយុវជនរងគ្រោះជាភេទទី៣ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហ៊្វីណូ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ រូបគេក៏បានជួបនឹងមនុស្សស្គាល់គ្នាម្នាក់ ដែលកំពុងអង្គុយលេងជាមួយជនសង្ស័យ២នាក់ទៀត ទើបរូបគេបានឈប់និយាយលេងជាមួយមិត្តភក្តិរូបនោះ លុះបន្តិចក្រោយមក ដោយមើលទៅហាក់ដូចជាមិនសូវស្រួល ទើបខ្លួនបានបើកម៉ូតូបំណងចេញទៅវិញ ស្រាប់តែភ្លាមនោះជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើចាប់ទាញទម្លាក់រូបគេពីលើម៉ូតូ ហើយម្នាក់ទៀតស្ទុះមកវាយរូបគេបន្ថែមទៀត រួចប្លន់យកម៉ូតូ ឡើងជិះឌុបគ្នាចេញបាត់ទៅ ធ្វើឱ្យរូបគេបានស្រែកឆោឡោឡើងថា “ចោរៗ” ធ្វើឱ្យជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ព្យាយាមរត់គេចខ្លួន តែភ្លាមនោះត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រទះឃើញ ជួយឃាត់បានម្នាក់ យកទៅប្រគល់ឱ្យប៉ុស្តិ៍នគរបាលចតុមុខ តែម្តង។

ដោយឡែក យុវជនជាជនសង្ស័យបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេនិងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាជិះរ៉ឺម៉កម៉ូតូក្នុងគោលបំណងទៅផឹកស៊ីនៅផ្ទះបងប្អូន ខណៈមកដល់ចំណុចកើតហេតុខាងលើនេះ ក៏បានជួបជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានបបួលមិត្តភក្តិរបស់គេម្នាក់ទៅរួមរ័កនៅផ្លូវឌឿងហែម។ លុះពេលចរចាត្រូវរ៉ូវគ្នាហើយ ជនរងគ្រោះនិងដៃគូម្នាក់ទៀត ក៏បានដឹកដៃគ្នាចូលទៅកន្លែងស្ងាត់នៅច្រកឌឿងហែម រួមរ័កជាមួយគ្នារហូតដល់ស្កប់ស្កល់ចេញមកវិញ ស្រាប់តែមិនដឹងយ៉ាងម៉េច មិត្តភក្តិរបស់គេ២នាក់ទៀតនោះ ដែលក្នុងនោះ មានម្នាក់គឺជាអ្នកដែលបានរួមរ័កជាមួយជនរងគ្រោះ បានរួមគំនិតគ្នាធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ ធ្វើឱ្យជនរងគ្រោះស្រែកថាចោរៗ ទើបខ្លួនភ័យស្លន់ស្លោពេកក៏រត់ដែរ ជាហេតុធ្វើឱ្យគេយល់ច្រឡំស្មានតែជាបក្ខពួក សមគំនិតជាមួយជនសង្ស័យទាំង២នាក់នោះទេ ទើបនាំគ្នាចាប់រូបគេប្រគល់ឱ្យប៉ូលិសតែម្តង។ យ៉ាងណា រូបគេបដិសេធថា មិនបានរួមគំនិតជាមួយជនសង្ស័យ ក្នុងសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះឡើយ និងសន្យាថានឹងជួយរកម៉ូតូយកមកឱ្យជនរងគ្រោះវិញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅចាត់ការទៅតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក២នាក់ទៀត យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

RELATED ARTICLES