ខេត្តមណ្ឌលគិរី ៖ សំណុំរឿងផ្ទុះអាវុធជាង១០គ្រាប់ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចដែនជម្រកសត្វព្រៃកែវសីមា ក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ រួមមាន មន្ត្រីកងរាជអាវុធហត្ថម្នាក់ មន្ត្រីបរិស្ថានម្នាក់ រួមនឹងមន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃ WCS ម្នាក់ផងនោះ កំពុងស្ថិតក្រោមការចាប់អារម្មណ៍ និងតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មហាជនទូទៅ និងជាសំណុំរឿងដ៏ក្តៅគគុក ដែលអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវ ដើម្បីបើកវាំងននខ្មៅបង្ហាញការពិត។
គួរបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធខាងលើ រួមមាន ទី១-ឈ្មោះតឿន សុខណៃ ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការអូររាំង ទី២-ឈ្មោះសេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរួមសហការ និងទី៣-ឈ្មោះធួន ខ្នារ ជាមន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃ WCS ផ្នែកផែនទី (GPS)។
ក្រោយកើតមានព្រឹត្តិការណ៍បាញ់ប្រហារដ៏ឃោរឃៅខាងលើនេះរួចមក នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានដាក់បញ្ជាឱ្យសមត្ថកិច្ចជំនាញនៅតាមអង្គភាពពាក់ព័ន្ធនានា រួមសហការគ្នាបើកប្រតិបត្តិការចុះទៅស្រាវជ្រាវជាបន្ទាន់ ចំពោះករណីដែលកើតឡើងក្នុងតំបន់ព្រៃ ចម្ងាយប្រមាណកន្លះគីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែនកម្ពុជា-វៀតណាម។ យ៉ាងណា បញ្ហាចម្បងដែលត្រូវបានសន្និដ្ឋានជាទូទៅនោះ គឺករណីនេះផ្តើមចេញពីបទល្មើសព្រៃឈើ និងមានសមត្ថកិច្ចមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងនេះ និងកំពុងត្រូវបានស៊ើបអង្កេត។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យប៉េអឹមលើផ្ទៃប្រទេស បានឱ្យដឹងកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ថា គណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ បានសហការជាមួយមន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន មន្ត្រីនគរបាលជាតិ ចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវទៅតាមជំនាញជាក់ស្តែង ដើម្បីរកមូលហេតុ និងជនដែលពាក់ព័ន្ធនៃការផ្ទុះអាវុធ បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ៣នាក់។
តាមប្រភពពីលោកឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គឺមានជនរងគ្រោះសរុប៤នាក់ មន្ត្រីអាវុធហត្ថម្នាក់ មន្ត្រីឧទ្យានុរក្សរបស់លោកម្នាក់ បុគ្គលិកអង្គការ WCS ម្នាក់ និងអ្នកភូមិម្នាក់ទៀត បានជិះម៉ូតូ២គ្រឿង ចូលទៅល្បាតព្រៃឈើ រួចក៏ជួបជាមួយជនជាតិវៀតណាមមួយក្រុម ប្រដាប់ដោយរណារយន្ត កាំបិត និងពូថៅ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើ។ ឃើញបែបនេះ ជនរងគ្រោះទាំង៤នាក់ ក៏បានរាយការណ៍មកលោកជានាយកដែនជម្រកសត្វព្រៃកែវសីមា ដោយផ្ទាល់ ហើយលោកក៏បានប្រាប់ទៅវិញថា គ្នាតិច ដូច្នេះឱ្យត្រឡប់មកវិញសិន ដើម្បីយកកម្លាំងទៅថែម ឈានទៅដល់ការបង្ក្រាបតែម្តង។ ប៉ុន្តែ នៅពេលដែលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រងការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់៣នាក់ ចំណែកម្នាក់ទៀត (អ្នកភូមិ) បានរត់គេចខ្លួនចូលទៅក្នុងភូមិទាន់ពេល មិនប៉ះពាល់ដល់អាយុជីវិតនោះទេ។
ដោយឡែក តាមប្រភពពីលោកស៊្រុន ដារិទ្ធ ទីប្រឹក្សាក្រសួងបរិស្ថាន និងជានាយករងខុទ្ទកាល័យ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងបរិស្ថានម្នាក់ សហការជាមួយកម្លាំងប៉េអឹម និងបុគ្គលិកអង្គការ WCS បាននាំគ្នាចុះទៅល្បាត ហើយក៏ប្រទះឃើញបទល្មើស ទើបឈានដល់ការបង្ក្រាប ប៉ុន្តែដោយសារកម្លាំងយើងតិចត្រូវការអន្តរាគមន៍ ទើបសម្រេចដកឃ្លាមកវិញសិន ប៉ុន្តែគ្រាន់តែដកឃ្លាបានបន្តិច ក៏មានការបាញ់ប្រហារមកលើកម្លាំង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង២នាក់ ចំណែកម្នាក់រងរបួសធ្ងន់ និងស្លាប់ពេលដឹកមកតាមផ្លូវ សរុបស្លាប់ទាំង៣នាក់។ យ៉ាងណាក្តី លោកស៊្រុន ដារិទ្ធ បានអះអាងថា លោកនៅមិនទាន់ទទួលបានព័ត៌មានលម្អិតថា មកពីមូលហេតុអ្វីជាក់ស្តែង ហើយអ្នកណាជាអ្នកបង្ក ក៏មិនទាន់ដឹង កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
ចំណែកប្រភពពីសមត្ថកិច្ចជាន់ខ្ពស់នៅខេត្តមណ្ឌលគិរី បានបង្ហើបប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ ពេលនោះនាយនគរបាលប៉ុស្តិ៍អូររលែ ចំណុះឱ្យវរនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ៦២១ បានចេញមកជួបក្រុមមន្ត្រីទាំងនេះ អាចសង្ស័យថា មកចរចាគ្នាពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនោះ។ ប៉ុន្តែដោយសារចរចាមិនត្រូវ ក៏កើតមានការឈ្លោះប្រកែកគ្នា ហើយក៏ឈានដល់ការផ្ទុះអាវុធបណ្តាលឱ្យស្លាប់យ៉ាងដូច្នេះ ហើយអ្នកបាញ់ប្រហារមានឈ្មោះផល ពេញ ជានាយនគរបាលប៉ុស្តិ៍អូររលែ។
ការបញ្ជាក់របស់សមត្ថកិច្ចជាន់ខ្ពស់នៅខេត្តមណ្ឌលគិរី ខាងលើនេះ ហាក់ស៊ីសង្វាក់គ្នាទៅនឹងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដាក់ជូនទៅនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ ដែលថាករណីផ្ទុះអាវុធនេះបង្កឡើងដោយលោកផល ពេញ បូករួមទាំងឈ្មោះកើត វេហា និងឈ្មោះងួរ ជាមន្ត្រីយោធាការពារព្រំដែននៅតំបន់នោះ។
តាមការបញ្ជាក់ឱ្យដឹង ប៉ុស្តិ៍នគរបាលអូររលែ ដែលនៅចម្ងាយប្រមាណជាង២០០ម៉ែត្រ ពីព្រំដែនវៀតណាម ទើបតែបង្កើតឡើងថ្មីៗនេះ ដោយដាក់បន្ថែមពីលើប៉ុស្តិ៍នគរបាលដែលមានស្រាប់ គឺអូរហុច ហើយប៉ុស្តិ៍នគរបាលអូររលែ មានកម្លាំងរួមប្រមាណ៣០នាក់ ដែលត្រូវបានបែងចែកឱ្យយាមនៅគោលដៅផ្សេងៗពីគ្នា ដើម្បីការពារ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈើ។
ដោយឡែក យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ជនរងគ្រោះសេក វឌ្ឍនា មានស្នាមរបួសដោយគ្រាប់កាំភ្លើងបាញ់ត្រូវ៣គ្រាប់ ចំណែកជនរងគ្រោះឈ្មោះតើន សុខណៃ ត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ស្លាប់នៅនឹងកន្លែង ដោយឡែកជនរងគ្រោះឈ្មោះថុល ខ្នា ត្រូវមួយគ្រាប់ចំពោះធ្លាយពោះវៀន ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ AK47 ចំនួន២គ្រាប់ផងដែរ។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ករណីនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ មិនឱ្យរួចខ្លួនឡើយ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ បានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយសោកស្តាយឧបមាជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសពជនរងគ្រោះទាំង៣នាក់ រួមមាន មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS ដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍អូររលែ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នៅក្នុងលិខិតចូលរួមរំលែកទុក្ខ៣ច្បាប់ផ្សេងគ្នា សម្តេច ស ខេង បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យក្រៃលែង ជាទីបំផុត និងសូមចូលរួមមរណទុក្ខយ៉ាងក្រែមក្រំ ក្តុងក្តួលរកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះទាំង៣នាក់។
ជាមួយនេះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានផ្ញើលិខិតិចូលរួមរំលែកទុក ចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសពជនរងគ្រោះទាំង៣នាក់ខាងលើផងដែរ។
សាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈដែលសំណុំរឿងដ៏ក្តៅគគុកនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ៕