ខេត្តកំពត ៖ រឿងរ៉ាវស្ត្រីជាម្តាយដាក់ថ្នាំពុលសម្លាប់កូនប្រុស២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់សុខមនោរម្យ ស្ថិតនៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ពេលនេះ ក្រោយទទួលបានការសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញ ទីបំផុតស្ត្រីជាម្តាយមានអាការៈធូរស្រាលឡើងវិញ និងបានរៀបរាប់ដំណើររឿងរ៉ាវទាំងស្រុងជុំវិញការសម្រេចចិត្តិដាក់ថ្នាំពុល សម្លាប់កូន២នាក់។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនោះបានសារភាពថា នាងនិងប្តីបានលែងលះគ្នានៅសាលាឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មូលហេតុនៃការលែងលះគ្នា គឺបណ្តាលមកពីប្តីរបស់នាងមានស្រីថ្មីម្នាក់ទៀត និងបានរួមរស់ជាមួយគ្នាទៀតផង ចំណែកនាងជាប្រពន្ធការពេញច្បាប់ និយាយអ្វីក៏ប្តីមិនស្តាប់ទាល់តែសោះ និងថែមទាំងបោះសម្តីដាក់នាងថា “សុខចិត្តបោះបង់នាង និងកូនប្រុសទាំង២នាក់ មិនចោលស្រីថ្មីនោះឡើយ”។
ស្ត្រីរូបនេះបន្តថា នាងចង់ជួបនាងនោះផ្ទាល់មាត់ជាមួយស្រីថ្មីនោះ តែមិនបានជួបទេ បានជួបតែតាមទូរស័ព្ទ ហើយមូលហេតុដែលនាងចង់ជួបនេះ ព្រោះចង់និយាយប្រាប់ស្រីម្នាក់នោះឱ្យដឹងថា នាងមានកូនដល់ទៅ២នាក់ជាមួយប្តីទៅហើយ តើនាងគិតយ៉ាងម៉េចជាមួយប្តី? ប៉ុន្តែស្រីថ្មីរូបនោះ បានប្រាប់នាងតាមទូរស័ព្ទថា ទាល់តែជួបគ្នាផ្ទាល់មាត់ទាំង៣នាក់ ទើបនិយាយគ្នាបាន។ ជាចុងក្រោយ ប្តីនាងបាននិយាយថា គេសម្រេចចិត្តជ្រើសរើសយកអ្នកថ្មីហើយ ចំណែកនាងទៅណាក៏ទៅចុះ។ ពេលនោះនាងសុំពេលប្តីរយៈពេល១០ថ្ងៃ ដើម្បីធ្វើការដោះស្រាយគ្នា តែប្តីមិនព្រម ទើបនាងសម្រេចចិត្តនាំកូនប្រុស២នាក់ចាកចេញពីផ្ទះ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ដោយជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៤ ដឹកកូនប្រុស២នាក់ កូនទី១. ឈ្មោះសុវណ្ណ មិ អាយុ៨ឆ្នាំ ទី២.ឈ្មោះ សុវណ្ណ វិមាន អាយុ៣ឆ្នាំ២ខែ មកជួលផ្ទះសំណាក់ឈ្មោះ សុខមនោ ឃុំភ្នំកុង ខេត្តកំពត ដេកចំនួន២យប់។
លុះនៅវេលាម៉ោងប្រហែលជា៨យប់ ថ្ងៃទី២៩ ខែមករា នាងក៏បានទៅទិញថ្នាំងងុយដេកចំនួន៤បន្ទះ ក្នុងនោះថ្នាំល្អ៣បន្ទះ មិនល្អ១បន្ទះ។ នៅក្នុងយប់នោះ ខ្លួនដេកមិនលក់ទេ នៅម៉ោងជិត៩យប់ កូនខ្លួនទាំង២នាក់បានលេបថ្នាំងងុយដេកអស់២បន្ទះ ខ្លួនមិនបានប្រាប់ឱ្យវាលេបទេ លុះដល់ម៉ោង១២យប់ ខ្លួនក៏លេបថ្នាំងងុយដេកអស់២បន្ទះ និងថ្នាំស្លពណ៌ខ្មៅ (ថ្នាំខ្មែរ) អស់ចំនួន៦០គ្រាប់ ដើម្បីបញ្ចប់ជីវិត តែមិនស្លាប់ គ្រាន់តែមានអាការវិល អាចនៅនិយាយបាន តែកូនទាំង២ ប្រហែលជាស្លាប់ទៅហើយ។ លុះព្រឹកឡើងម៉ោង៦ជាង ថ្ងៃទី៣០ ខែមករានេះ ខ្លួនបានទូរស័ព្ទប្រាប់ប្តីថា កូនយើងទាំង២នាក់បានស្លាប់ទៅហើយ ។ ចំណែកខ្លួនម៉ោងប្រហែលជា១០ព្រឹកថ្ងៃដដែល ត្រូវបានបងប្អូនខ្លួនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ លុះអាការពុលរាងធូរស្រាលបន្តិច នៅល្ងាចថ្ងៃដដែលនេះ ក៏ត្រូវបានក្រុមគ្រួពេទ្យបញ្ជូនមកមន្ទីរពេទ្យខេត្តកំពត តាមការស្នើរបស់សមត្ថកិច្ចជំនាញការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរជុំវិញករណីបំពុលថ្នាំសម្លាប់កូនប្រុស២នាក់ នៅក្នុងផ្ទះសំណាក់ កាលពីយប់ថ្ងៃទី២៩ ខែមករានេះ ។
លោកវរសេនីយ៍ទោ ឈិន ឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត កាលពីល្ងាចថ្ងៃទី៣០ ខែមករានេះ ថា ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតដោយចេតនាមិនបានសម្រេច ហើយស្លាប់តែកូនប្រុស២នាក់ខាងលើ អាចជាប់ពាក់ព័ន្ធពីករណីប៉ុនប៉ងធ្វើឃាតដោយចេតនា ហើយប្រឈមមុខច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី នៅពេលជំងឺបានសះស្បើយ ។
គួររំលឹកថា កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចផ្ទះសំណាក់ សុខមនោរម្យ ស្ថិតនៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ដោយស្ត្រីម្នាក់ព្រោះតែឈឺចិត្តនឹងរឿងប្តីមានស្រីថ្មី ក៏សម្រេចចិត្តនាំកូនប្រុសតូច២នាក់ ចុះចេញពីផ្ទះទៅជួលផ្ទះសំណាក់ស្នាក់នៅ រួចក៏បែកគំនិតគិតខ្លីយកថ្នាំពុលមកលាយជាមួយបាយ រួចនាំកូនៗហូបជុំគ្នា៣នាក់ម៉ែកូន បណ្តាលឱ្យពុលធ្ងន់ធ្ងរ និងត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែអកុលស ពេលដឹកបានពាក់កណ្តាលផ្លូវ កូនប្រុសទាំង២បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម នៅសល់តែស្ត្រីជាម្តាយស្ថិតក្នុងអាការៈពុលធ្ងន់នៅឡើយ។
ស្ត្រីគំនិតខ្លីខឹងប្តីបែរជាដាក់ថ្នាំពុលលាយក្នុងបាយហូបជាមួយកូន ធ្វើឱ្យកូនប្រុស២នាក់ស្លាប់ ចំណែកខ្លួនឯងស្ថិតក្នុងសភាពពុលធ្ងន់ធ្ងរនេះ មានឈ្មោះប៉ាក សុខហេង អាយុជាង៣០ឆ្នាំ មានប្តីឈ្មោះហ៊ិន ម៉ាត អាយុជាង៣០ឆ្នាំ។ ចំណែកក្មេងប្រុសទាំង២នាក់ដែលបាត់បង់ជីវិត រួមមាន ទី១. ឈ្មោះហ៊ាល សុវណ្ណាមិ អាយុ៨ឆ្នាំ និងទី២. ឈ្មោះហ៊ាល ក្តាន់ អាយុ៣ឆ្នាំ២ខែ។ ទាំង៣នាក់ម្តាយ និងកូន មានលំនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពពីម្ចាស់ផ្ទះសំណាក់ យីហោ សុខមនោរម្យ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បាននាំកូនប្រុសតូចទាំង២នាក់ មកជួលបន្ទប់ផ្ទះសំណាក់របស់គាត់ស្នាក់នៅ ចំនួន២យប់រួចមកហើយ។ លុះមកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយមិនដឹងម៉ោងច្បាស់លាស់ទេ ស្រាប់តែស្ត្រីជាម្តាយរូបនោះបានយកថ្នាំពុលមកលាយក្នុងបាយ រួចហៅកូនៗមកហូបជុំគ្នា លុះក្រោយពីហូបរួច ក៏កើតមានអាការៈពុលក្អួតយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកផ្ទះសំណាក់ ទាក់ទងផ្តល់ដំណឹងដល់បុរសជាប្តីមកដល់ហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះ ទាំង៣នាក់ម៉ែកូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ តែអកុសលពេលដឹកបានត្រឹមពាក់កណ្តាលផ្លូវ កូនប្រុសទាំង២បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាម្តាយមានអាការៈធ្ងន់ធ្ងរកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តតាកែវ។
លោកវរសេនីយឯក សៅ សំអឿន ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ក្រោយពីមានព័ត៌មានថា មានមនុស្សបានពុលថ្នាំស្លាប់នៅផ្ទះសំណាក់ខាងលើ កម្លាំងអធិការស្រុកអង្គរជ័យ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសាកសួរម្ចាស់ផ្ទះសំណាក់ ពីហេតុការណ៍កើតឡើង និងត្រូវបានម្ចាស់ផ្ទះសំណាក់ឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បាននាំកូនប្រុស២នាក់ ចូលមកស្នាក់នៅក្នុងផ្ទះសំណាក់ យីហោ សុខមនោរម្យ រយៈពេល២យប់មកហើយ ហើយតាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលស្ត្រីខាងលើនាំកូនចាកចេញពីផ្ទះនេះ គឺដោយសារមានការឈ្លោះប្រកែកគ្នាជាមួយប្តី លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ត្រីជិម្តាយាក៏បែកគំនិតលាយថ្នាំពុលក្នុងបាយឱ្យកូនហូប ហើយខ្លួនឯងក៏ហូបជាមួយកូនបំណងសម្លាប់ខ្លួនទាំងអស់គ្នា តែអកុសល ស្លាប់តែកូន២នាក់ ចំណែកស្ត្រីជាម្តាយនៅមានជីវិតនៅឡើយ។
លោកស្នងការរងបន្តថា ក្រោយកើតហេតុភ្លាមៗ ខាងបុគ្គលិកផ្ទះសំណាក់ បានទាក់ទងផ្តល់ដំណឹងដល់បុរសជាប្តីស្ត្រីរងគ្រោះ លុះបុរសជាប្តីមកដល់ ក៏ប្រញាប់ដឹកបញ្ជូនប្រពនន្ធនិងកូនប្រុសទាំង២នាក់របស់ខ្លួន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តតាកែវភ្លាមៗដែរ តែអកុសល កូនប្រុស២នាក់ ត្រូវជាតិថ្នាំជ្រាបពេញខ្លួនអស់ទៅហើយ ទើបបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ចំណែកស្ត្រីជាម្តាយស្ថិតក្នុងសភាពពុលធ្ងន់ធ្ងរ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕