Saturday, October 4, 2025
Homeព័ត៌មានជាតិថៅកែស្រី រ៉ូហ្ស៊េត ដាក់ស្លាក "ហាមឧទ្ទាមចូលហាង"

ថៅកែស្រី រ៉ូហ្ស៊េត ដាក់ស្លាក “ហាមឧទ្ទាមចូលហាង”

ភ្នំពេញ ៖ ថៅកែស្រីហាង “រ៉ូហ្ស៊េត” និងជាអតីតចៅសង្កាត់បក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានដាក់ស្លាកហាមឧទ្ទាមចូលក្នុងហាងរបស់នាង បន្ទាប់ពីលោកឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៃគណបក្សប្រជាជនកម្ពុជា សង្ស័យថា ហាងរបស់នាងអាចជាជំរំរបស់ក្រុមឧទ្ធាមនៃចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី។

កញ្ញារ៉ូហ្ស៊េត បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ថា “បម្រាមហាមឧទ្ទាមចូលហាង “រ៉ូហ្ស៊េត” នាងខ្ញុំ ហាងរ៉ូហ្ស៊េត រីករាយស្វាគមន៍ភ្ញៀវទាំងអស់ លើកលែងតែឧទ្ទាម”។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត មិនអាចសុំការបញ្ជាក់បន្ថែមពីរឿងនេះបានទេ ដោយទូរស័ព្ទនាងមិនមានអ្នកទទួល។ ប៉ុន្តែការសរសេរបម្រាមបែបនេះ ក្រោយពីនាងបានសម្តែងក្តីបារម្ភខ្លាចមានការចោទប្រកាន់ពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកឈាង វុន សរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា លោកឃើញអ្នកប្រកាសគាំទ្រចលនាឧទ្ទាមចេញចូលហាងលក់នំបញ្ចុករបស់កញ្ញារ៉ូហ្ស៊េត ជួយជូតឥដ្ឋការ៉ូ ជូតតុ និងបម្រើភ្ញៀវ ហើយលោកព្រមានថា ប្រសិនបើទីនោះ ត្រូវបានប្រើប្រាស់ជាកន្លែងប្រមូលផ្តុំរងើកភ្លើងមែននោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់រ៉ូហ្ស៊េត ហើយមិនអាចអត់ឱនឱ្យបានឡើយ។

ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរពីក្តីបារម្ភរបស់នាងនៅពេលនោះថា “ក្រោយពីនាងខ្ញុំត្រូវបាត់មុខងារ (ចៅសង្កាត់) ជាតំណាងប្រជាពលរដ្ឋនៅសង្កាត់អូរចារ នាងខ្ញុំមិនបានធ្វើ ឬប្រកបមុខរបរអ្វីដែលផ្ទុយពី “ឆន្ទៈ មនសិការ ឧត្តមគតិ” របស់នាងខ្ញុំ ឬខុសច្បាប់របស់សង្គមឡើយ។ មុខរបរដែលនាងខ្ញុំកំពុងដំណើរការលក់ដូរ “នំបញ្ចុកខ្មែរ” រាល់ថ្ងៃនេះ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃចិញ្ចឹម “អ្នកម្តាយ” នាងខ្ញុំ និងដោះស្រាយបង់រំលស់បំណុលផ្ទះសម្បែងបន្តិចបន្តូចតែប៉ុណ្ណោះ។ នាងខ្ញុំមិនបានយកកន្លែងលក់ដូររបស់នាងខ្ញុំនេះទៅធ្វើជាទីតាំងអ្វីផ្សេង ដែលប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលទេ។ ប៉ុន្តែនាងខ្ញុំពិតជាមានការព្រួយបារម្ភ និងសោកស្តាយបំផុត ដែលលោកអ៊ំ ឈាង វុន Comment ចោទប្រកាន់លើហ្វេសប៊ុកនាងខ្ញុំថា ទីតាំងលក់ដូររបស់នាងខ្ញុំ អាចជាទីតាំង “គាំទ្រចលនាក្រុមឧទ្ទាម”។ ការ comment របស់លោកអ៊ំនេះ ពិតជាមានបំណងចង់បិទហាងនាងខ្ញុំ ឬមួយធ្វើមិនឱ្យមានភ្ញៀវហ៊ានចូលហាង ឬមិនចង់ឱ្យនាងខ្ញុំរស់នៅ “ចិញ្ចឹមអ្នកម្តាយជរា” ម្នាក់បានទេ។ តើលោកអ៊ំអាចអនុគ្រោះឱ្យក្មេងស្រីម្នាក់នេះ រស់នៅជាមួយអ្នកម្តាយចាស់ជរាម្នាក់ផងបានទេ? ឬត្រូវឱ្យនាងខ្ញុំរត់ទៅណាទៀត?

លោកអ៊ំអើយ! ក្មេងស្រីម្នាក់នេះ មានបន្ទុកធ្ងន់ណាស់! បើនាងខ្ញុំចេញទៅណាចោលអ្នកម្តាយ! គឺស្មើនឹងខ្ញុំ “សម្លាប់” អ្នកម្តាយខ្ញុំ ដោយដៃនាងខ្ញុំ”។

ទោះជាយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកឈាង វុន បានបញ្ជាក់ថា លោកមិនបានចោទ រ៉ូហ្ស៊េត ថា ចូលរួមជាមួយចលនាសង្គ្រោះជាតិ ទេ ប៉ុន្តែបើកន្លែងរបស់រ៉ូហ្ស៊េត ពិតជាជម្រករបស់ចលនានោះមែន នាងនឹងមានការលំបាកហើយ គឺមិនមែនលោកបាននិយាយថា  ហាងរបស់នាងប្រឈមនឹងការបិទនោះទេ សុំកុំវិនិច្ឆ័យអ្វីដែលលោកបាននិយាយ។

លោកឈាង វុន បានមានប្រសាសន៍ថា “ពាក្យចលនាឧទ្ទាម បានន័យថាម៉េច? បានន័យថា ចលនាដែលប្រឆាំងនឹងរដ្ឋ ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាស្ត្រ ហើយបើយើងជារដ្ឋអំណាច  ដូចជាខ្ញុំអីជាថ្នាក់ដឹកនាំមួយ ខ្ញុំឃើញបញ្ហាអ៊ីចឹងកើតឡើង តើយើងអាចនៅស្ងៀមកើតទេ? នៅស្ងៀមមិនកើតទេ ព្រោះយើងទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ ថ្ងៃក្រោយទៅ បួនប្រាំឆ្នាំទៀត ដូចរង្ស៊ី ថា វាអាចទៅជាផ្ទុះសង្គ្រាមជាថ្មី អ្នកណាទទួលខុសត្រូវអាហ្នឹង ? អ៊ីចឹងហើយ កុំឱ្យពួកពូកែលាបពណ៌ចូលចិត្តយករឿងអត់ពិតមកនិយាយ កាលណាគេនិយាយ គេនិយាយពិតហើយ។ ខ្ញុំមើលឃើញពួកហ្នឹង ចេញចូលទៅជួយជូតតុ លាងចានអីនៅកន្លែងហ្នឹង ហើយប្រមូលផ្តុំគ្នាបង្ហោះហ្វេសប៊ុកអីផង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ដែលចុងក្រោយនេះ និយាយពីរឿងចលនាហ្នឹងល្អៗយ៉ាងម៉េចៗ ហើយគាត់ថា គាត់គាំទ្រតែម្តង។ ហើយបើគេប្រកាសអ៊ីចឹង យើងគិតយ៉ាងម៉េច យើងបណ្តោយឱ្យសង្គ្រាមថ្ងៃក្រោយ ឬអត់ទេ? ខ្ញុំមានបញ្ហាអីទៅចង់ធ្វើបាបកញ្ញាតូចមួយហ្នឹងទៅ អត់មានអីប្រកួតប្រជែងគាត់ផង ក៏ប៉ុន្តែសកម្មភាព បើសិនជាផ្ទះគាត់លក់នំបញ្ចុកហ្នឹងជាកន្លែងជួបជុំរបស់ពួកឧទ្ទាមក្រៅច្បាប់ តែកាលណាគេបង្កើតចលនាតស៊ូអី អ៊ីចឹងដូចគាត់ (លោកសម រង្ស៊ី) ប្រកាសពីថ្ងៃ២៨យប់ហ្នឹង គឺចលនាតស៊ូហើយ។ ដូចចលនាក្រហម គេខំរំលាយចង់ងាប់ហើយ ចលនាអ៊ីចឹងៗ ដើម្បីឱ្យរាស្ត្របានសុខ។ ហើយបើកាលណាគាត់ចង់រស់បានស្រួល កុំឱ្យធ្វើអាកិច្ចការអស់ហ្នឹង ធ្វើអាកិច្ចការស្របច្បាប់ទៅ លក់នំបញ្ចុកស្របច្បាប់ ប៉ុន្តែបើយកកន្លែងលក់នំបញ្ចុកហ្នឹង ឱ្យពួកហ្នឹងធ្វើជាជំរំ អាហ្នឹងខុសច្បាប់ហើយ គេហៅជំរំប្រមូលផ្តុំទស្សនៈនយោបាយប្រឆាំងរដ្ឋាភិបាល។ ហើយកុំយកមនោសញ្ចោតនាមកនិយាយ ខំរៀបចំខ្លួនឱ្យទៅជាមនុស្សជនរងគ្រោះ ហើយអ្នកបង្កើតគ្រោះឱ្យគាត់ហ្នឹង គឺខ្ញុំចង់បង្ហាញអ៊ីចឹង តែខ្ញុំអត់មានចោទប្រកាន់គាត់ផង បើខ្ញុំចោទប្រកាន់គាត់ ខ្ញុំប្រើតែប៉ូលិសបន្តិចទៅបានហើយ។ ប៉ុន្តែចង់ឱ្យគាត់យល់ ព្រោះស្អីដែលខ្ញុំសរសេរ ខ្ញុំមិនទាន់បានចោទប្រកាន់ថា រ៉ូហ្សេត ជាក្រុមចលនាឧទ្ទាមផង ប៉ុន្តែបើគាំទ្រចលនាឧទ្ទាម អាហ្នឹងខ្ញុំចោទប្រកាន់ហើយៗ គាំទ្រហ្នឹង មិនមែនអត់មានប្រកាសទេ គាត់ប្រកាសខ្លួនគាត់ ដូចកឹម សុខា គាត់ប្រកាសថា គាត់ស៊ីលុយអាមេរិកអ៊ីចឹង។ អាប្រកាសអ៊ីចឹង មានទោសហើយៗខ្ញុំព្រួយបារម្ភអាហ្នឹង…”។

ដោយឡែក លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចបានតាមដាននៅហាងរបស់រ៉ូហ្ស៊េត ហើយ ក៏ប៉ុន្តែហាងនំបញ្ចុករបស់អតីតចៅសង្កាត់អូរចារ  នេះ ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ នៅពេលនេះ ហើយលោកក៏មិនបកស្រាយណាមួយនោះដែរ គឺទុកពេលតាមដានទៅមុខទៀតសិន៕

RELATED ARTICLES