ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ឃើញប្តីរបស់ខ្លួនកំពុងកាប់ដើមឈើ ក៏បានចូលទៅឈរមើលនៅក្បែរនោះ ចំណែកបុរសជាប្តីក៏មិនចាប់អារម្មណ៍ ដឹងថាប្រពន្ធនៅឈរមើលដែរ ស្រាប់តែពេលដើមឈើរលំ ក៏សង្កត់ទៅលើប្រពន្ធបណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យបុរសជាប្តីយំសោកបោកខ្លួនស្តាយស្រណោះអាយុជីវិតប្រពន្ធ និងបន្ទោសខ្លួនឯងយ៉ាងខ្លាំង។
ហេតុការណ៍ប្រពន្ធឈរមើលប្តីកាប់ដើមឈើ បណ្តាលឱ្យរលំសង្កត់បែកក្បាលស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរល្អះតូច ស្ថិតក្នុងភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
ស្ត្រីរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ស្លាប់ មានឈ្មោះមេង រឹម អាយុ២១ឆ្នាំ មុខរបរមេផ្ទះ។ ចំណែកបុរសជាប្តី មានឈ្មោះនួន អាយុ២៤ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមសម្តីបុរសជាប្តីបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានទៅកាប់ផ្តួលដើមឈើមួយដើម នៅចំណុចកើតហេតុខាងលើ លុះពេលដែលគាត់កំពុងកាប់ជិតនឹងដួលទៅហើយ ស្រាប់តែប្រពន្ធបានមកឈរមើលគាត់ ទាំងដែលគាត់មិនបានដឹងសូម្បីបន្តិចថាប្រពន្ធនៅឈរក្បែរនោះ ព្រោះពុំនោះទេ គាត់នឹងប្រាប់មិនឱ្យប្រពន្ធឈរជិតឡើយ និងឱ្យគេចទៅឱ្យឆ្ងាយ កុំឱ្យមានគ្រោះថ្នាក់។ ដឹងអី! ស្រាប់តែពេលដែលគាត់កាប់ដើមឈើនោះរលំហើយ ស្រាប់តែវាបានបាក់ទៅសង្កត់ប្រពន្ធ បណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យរូបគាត់ជាប្តីរន្ធត់យ៉ាងខ្លាំង ព្រោះមិនដឹងថា ប្រពន្ធមកឈរនៅទីនេះតាំងពីថ្មើរណា រហូតដល់ដើមឈើរលំសង្កត់ប្រពន្ធស្លាប់ហើយ ទើបគាត់បានដឹង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវដើមឈើរលំសង្កត់ចំក្បាល បណ្តាលឱ្យស្លាប់។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕