ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ស្ថិតក្នុងអាការៈស្មារតីមិននឹងន និយាយស្តីមិនដឹងខុសត្រូវ ត្រូវបានគេប្រទះឃើញដើរតែម្នាក់ឯងតាមផ្លូវ ដោយមិនមានគោលដៅច្បាស់លាស់ទាំងកណ្តាលយប់ស្ងាត់ តែសំណាងល្អបានជួបនឹងបុរសចំណាស់ចិត្តធម៌ម្នាក់ប្រទះឃើញ ក៏ជួយដឹកទៅប៉ុស្តិ៍ប៉ូលិស ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ករណីនារីវ័យក្មេងត្រូវថ្នាំសណ្តំដើរវង្វេងពេញផ្លូវទាំងយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិជម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីរងគ្រោះខាងលើ បានឆ្លើយទាំងអារម្មណ៍រវើរវាយថា នាងមានឈ្មោះ ដាលីន អាយុ១៥ឆ្នាំ មិនដឹងទីតាំងស្នាក់នៅកន្លែងណាទេ។ ចំណែកបុរសចំណាស់ចិត្តធម៌ ដែលបានប្រទះឃើញ និងជួយសង្គ្រោះក្មេងស្រីខាងលើ មានឈ្មោះបឿន លី អាយុ៥៥ឆ្នាំ រស់នៅភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីបុរសឈ្មោះបឿន លី ដែលបានប្រទះឃើញក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ទើបនឹងមកពីលេងផ្ទះបងប្អូននៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ លុះពេលចេញមកវិញ គាត់ជិះម៉ូតូក្នុងបំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះខាងលើ មានរូបសម្បត្តិល្អល្អះ ប៉ុន្តែហាក់មានអារម្មណ៍ និងស្មារតីមិនប្រក្រតីសោះ កំពុងដើរតែម្នាក់ឯងនៅចំណុចមុខរោងចក្រប័ររី ផ្លូវទំនប់កប់ស្រូវ។ ពេលនោះ គាត់បានសួរទៅកាន់ក្មេងស្រីរងគ្រោះថា ក្មួយស្រីទៅណា? នាងក៏ឆ្លើយថា ទៅស្តុបខាងមុខ បន្ទាប់មកគាត់ក៏បានហៅឱ្យក្មេងស្រីរងគ្រោះឡើងជិះម៉ូតូជាមួយគាត់ រួចដឹកនាងទៅស្តុបកប់ស្រូវ ស្រាប់តែពេលទៅដល់ស្តុប ក្មេងស្រីរងគ្រោះបានដើរឆ្លងផ្លូវ ទាំងមិនដឹងគោលដៅ ទើបគាត់ទ្រាំមើលមិនបាន ក៏តាមទៅសួរថា ក្មួយស្រីចង់ទៅណាទៀត? ពេលនោះនាងបានឆ្លើយទាំងអារម្មណ៍មិននឹងនរថា ខ្ញុំមិនដឹងទៅណាទេអ៊ុំ ចេះតែដើរទៅ។
បុរសចំណាស់ខាងលើ បានបន្តថា ដោយមើលទៅសភាពរបស់ក្មេងស្រីរងគ្រោះ ហាក់ដូចជាកំពុងត្រូវថ្នាំសណ្តំ ព្រោះអារម្មណ៍មិននឹងនរ និងចេះតែដើរគ្មានគោលដៅច្បាស់លាស់ ទាំងយប់ស្ងាត់ ខ្លាចមានបញ្ហាដល់នាង ព្រោះមើលទៅនាងក៏មានរូបសម្រស់ស្រស់ស្អាតផងនោះ ទើបគាត់សម្រេចឌុបក្មេងស្រីរងគ្រោះខាងលើទៅផ្ទះគាត់ ព្រោះនៅផ្ទះគាត់មានប្រពន្ធកូននៅជុំគ្នាច្រើន រួចបានរាយការណ៍ប្រាប់លោកមេភូមិ ឱ្យជួយដឹងឮ បន្ទាប់មកទៀតលោកមេភូមិបានឱ្យគាត់នាំនាងទៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីប្តឹងឱ្យសមត្ថកិច្ចជួយដឹងឮ។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ បានសម្រេចឱ្យបុរសចំណាស់ខាងលើ នាំក្មេងស្រីរងគ្រោះ ទៅសម្រាកនៅផ្ទះរបស់គាត់សិនចុះ ព្រោះគាត់មានប្រពន្ធនិងកូនស្រីដែរ ហើយរង់ចាំឱ្យស្មារតីក្មេងស្រីរងគ្រោះវិលមករកភាពប្រក្រតីវិញ ចាំសួរនាំ និងទាក់ទងទៅក្រុមគ្រួសារមកទទួលយកត្រឡប់ទៅផ្ទះវិញ៕