Saturday, October 4, 2025
Homeព័ត៌មានជាតិបើកវាំងននខ្មៅ!!! កងកម្លាំងប្រដាប់អាវុធ៥នាក់ បាញ់សម្លាប់មន្ត្រីការពារព្រៃឈើ

បើកវាំងននខ្មៅ!!! កងកម្លាំងប្រដាប់អាវុធ៥នាក់ បាញ់សម្លាប់មន្ត្រីការពារព្រៃឈើ

ខេត្តមណ្ឌលគិរី ៖ វាំងននខ្មៅក្រោយសំណុំរឿងឃាតកម្មដ៏គួរឱ្យរន្ធត់ បាញ់ប្រហារសម្លាប់មន្ត្រីការពារព្រៃឈើចំនួន៣នាក់ នៅចំណុចដែនជម្រកសត្វព្រៃកែវសីមា ក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង បានបើកបង្ហាញយ៉ាងច្បាស់ហើយ ដោយក្នុងនោះជនដៃដល់ពាក់ព័ន្ធដែលសុទ្ធតែជាកងកម្លាំងប្រដាប់អាវុធ (នគរបាល២នាក់ យោធា៣នាក់) ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ចំណែកដើមហេតុ ត្រូវបានជនដៃដល់សារភាពថា គឺផ្តើមចេញពីក្រុមជនរងគ្រោះការរាយការណ៍ទៅថ្នាក់លើ ធ្វើឱ្យមានការស្តីបន្ទោសមកលើជនដៃដល់ និងការចុះល្បាត ដោយមិនសុំការសហការណ៍។

ក្រុមជនដៃដល់ និងពាក់ព័ន្ធជុំវិញករណីបាញ់សម្លាប់មន្ត្រីការងារព្រៃឈើ៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៥នាក់ រួមមាន ទី១-ឈ្មោះផល ពេញ ជានាយនគរបាលប៉ុស្តិ៍អូររលែ នៃវរការពារព្រំដែនលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (ចាប់ខ្លួននៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ) ជននេះគឺជាអ្នកបាញ់ផ្ទាល់ទៅលើជនរងគ្រោះទាំង៣នាក់ ទី២-ឈ្មោះកើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន (ចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨) ជននេះគឺជាជនពាក់ព័ន្ធ ទី៣-ឈ្មោះកើត វេតា ជាទាហានការពារព្រំដែន ទី៤-ឈ្មោះឡាយ សាវី ជាទាហានការពារព្រំដែន និងទី៥-ឈ្មោះទន់ ធារ៉ា ជាមន្ត្រីនគរបាលប៉ុស្តិ៍អូររលែ (អ្នកទាំង៣នេះ គឺជាជនពាក់ព័ន្ធ និងត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨)។

ដោយឡែក ជនពាក់ព័ន្ធម្នាក់ផ្សេងទៀតដែលជាអ្នកសមគំនិតយកកាំភ្លើងពីជនដៃដល់ជាឃាតករ ឈ្មោះផល ពេញ យកទៅលាក់ក្នុងព្រៃ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានដែរ កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។ ជននេះមានឈ្មោះឈាង វ៉ាន់និត ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ឈ្មោះផល ពេញ មានស្រុកកំណើតនៅឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នរស់នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ជននេះគឺជាអ្នកទទួលយកអាវុធ AK47 ចំនួន១ដើម បង់១ និងគ្រាប់ចំនួន២៩គ្រាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្ម ដែលបង្កឡើងដោយជនដៃដល់ឈ្មោះផល ពេញ (ជាបងថ្លៃ) យកទៅលាក់ទុកនៅចំណុចចន្លោះគីឡូម៉ែត្រ៨៩-៩០ ចម្ងាយ៣០ម៉ែត្រ ពីផ្លូវជាតិលេខ 76A ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង។

លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា ការសាកសួររបស់សមត្ថកិច្ចជំនាញទៅលើជនដៃដល់ដែលជានាយនគរបាលប៉ុស្តិ៍អូររលែ ឈ្មោះផល ពេញ ដែលបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ នៅស្រុកអូររាំង  ត្រូវបានបញ្ចប់រួចរាល់ហើយ ត្រឹមព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ និងកំពុងបញ្ជូនជនដៃដល់ទៅកាន់ខេត្តមណ្ឌលគិរី វិញហើយ។

គួរបញ្ជាក់ថា ជនដៃដល់ឈ្មោះផល ពេញ ជាអតីតនាយនគរបាលប៉ុស្តិ៍អូររលែ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះ កំពុងធ្វើដំណើររត់គេចខ្លួនទៅស្រុកកំណើតឯខេត្តព្រៃវែង ប៉ុន្តែបានឆៀងចូលហូបគុយទាវនៅហាងឥន្ទ្រី។

តាមសម្តីរបស់ជនសង្ស័យឈ្មោះផល ពេញ បានឱ្យដឹងថា នៅមុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួន រូបគេបានគេចខ្លួនចូលខេត្តស្ទឹងត្រែង រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខមណ្ឌលគិរី 1A-2950 ចេញពីខេត្តស្ទឹងត្រែង សំដៅទៅស្រុកកំណើតឯខេត្តព្រៃវែង តែពេលមកដល់ភូមិសាស្ត្រស្រុកមេមត់ បានចូលហូបគុយទាវនៅហាងមួយកន្លែង យីហោឥន្ទ្រី ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

ដោយឡែកតាមចម្លើយសារភាពរបស់ជនដៃដល់ ឈ្មោះផល ពេញ ដែលផ្តល់ប្រាប់ទៅក្រុមសមត្ថកិច្ចនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដំបូងឡើយ នៅថ្ងៃកើតហេតុ ទី៣០ ខែមករា ជនរងគ្រោះទាំង៤នាក់ (រត់គេចខ្លួនបានម្នាក់) បានជិះម៉ូតូ២គ្រឿង ល្បាតក្នុងព្រៃ ហើយក៏ជួបជនជាតិវៀតណាមមួយក្រុម ដោយមានរណារយន្ត កំពុងកាប់និងអារឈើ។ ពេលឃើញជនជាតិវៀតណាមទាំងនោះ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើ ជនរងគ្រោះបានទៅឃាត់ ហើយសួរនាំ ស្រាប់តែមានមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ ដែលជាកូនចៅរបស់ឈ្មោះផល ពេញ ទៅសួរនាំគោលបំណងសម្របសម្រួលដោយទារលុយប្រមាណ៥លានដុង ពីក្រុមជនជាតិវៀតណាម។ ការសម្របសម្រួលគ្នានេះ ជនរងគ្រោះទាំង៣នាក់ ក៏មិនថាអីដែរ ប៉ុន្តែពួកគេនៅតែចាប់ដកហូតរណារយន្តដាក់ចងនៅលើម៉ូតូ រួចក៏ដឹងចេញមក ហើយថែមបានរាយការណ៍ទៅកាន់ព្រះរាជអាជ្ញា ស្រាប់តែលោកព្រះរាជអាជ្ញា បានទូរស័ព្ទប្រាប់មេបញ្ជាការវរការពារព្រំដែនលេខ៦២១ ដែលជាមេកើយរបស់ឈ្មោះផល ពេញ។ ក្រោយទទួលទូរស័ព្ទពីលោកព្រះរាជអាជ្ញារួចមក មេបញ្ជាការវរ ក៏បានទូរស័ព្ទទៅស្តីបន្ទោសទៅឈ្មោះផល ពេញ ស្រាប់តែជននេះ ខណៈកំពុងនៅជាមួយមន្ត្រីយោធាដែលពាក់ព័ន្ធ ក៏ធ្វើដំណើរស្កាត់មកជួបជនរងគ្រោះទាំង៤នាក់ នៅក្បែរភូមិ រួចបើកការបាញ់ប្រហារទាំងកម្រោល បណ្តាលឱ្យស្លាប់យ៉ាងដូច្នេះតែម្តង។ ក្រៅពីខឹងរឿងជនរងគ្រោះទូរស័ព្ទទៅកាន់ព្រះរាជអាជ្ញា និងចាប់វត្ថុតាងរបស់ជនជាតិវៀតណាម រឿងខឹង មួយទៀតនោះ គឺជនរងគ្រោះចូលល្បាតនៅតំបន់នោះ មិនសុំសហការណ៍ពីខ្លួន ព្រោះអាចនឹងមានបញ្ហាកើតឡើងជាមួយភាគីវៀតណាម ដោយសារជាព្រំប្រទល់ជាប់គ្នា។

គួរបញ្ជាក់ថា ក្រោយកើតមានករណីបាញ់ប្រហារបណ្តាលឱ្យមន្ត្រីការពារព្រៃឈើ ចំនួន៣នាក់ស្លាប់មក មន្ត្រីយោធាការពារព្រំដែនម្នាក់ ឈ្មោះកើត វេហា ត្រូវបានចាប់ខ្លួនមុនគេ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ ជាមួយនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមមាននគរបាល អាវុធហត្ថ និងកម្លាំងយោធាខេត្តមណ្ឌលគិរី សហការជាមួយគណៈកម្មការ  ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមការបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការក្តៅតាមរុករកដើម្បីចាប់ខ្លួនក្រុមជនជាខ្មាន់កាំភ្លើងដៃដល់ ដែលបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង។

គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅចំណុចដែនជម្រកសត្វព្រៃកែវសីមា ក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង បណ្តាលឱ្យមន្ត្រីការពារព្រៃឈើចំនួន៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដែលក្នុងនោះ រួមមានទី១. ឈ្មោះតឿន សុខណៃ ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការអូររាំង ទី២. ឈ្មោះសេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរួមសហការ និងទី៣. ឈ្មោះធួន ខ្នារ ជាមន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃ WCS ផ្នែកផែនទី (GPS)៕

RELATED ARTICLES