Saturday, October 4, 2025
Homeព័ត៌មានជាតិផ្ទុះជំងឺផ្តាសាយបក្សីនៅស្រុកកែវសីមា កម្ពុជាផ្អាកនាំចូលសាច់សត្វពីវៀតណាម

ផ្ទុះជំងឺផ្តាសាយបក្សីនៅស្រុកកែវសីមា កម្ពុជាផ្អាកនាំចូលសាច់សត្វពីវៀតណាម

ខេត្តមណ្ឌលគិរី ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម ជាតំបន់មួយដែលកំពុងកើតឡើងនូវជំងឺផ្តាសាយបក្សីលើសត្វមាន់ ហើយក្រសួងបានស្នើសុំហាមឃាត់ការនាំចូលប្រភេទសាច់សត្វពីក្រៅចូលតំបន់នេះ ទុកពេលឱ្យអ្នកជំនាញកម្ចាត់ប្រភេទជំងឺនេះ រយៈពេលមួយខែ។

ការប្រកាសខាងលើនេះ បានធ្វើឡើង ខណៈដែលក្រុមមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការអប់រំណែនាំដល់ ប្រជាពលរដ្ឋក្នុងភូមិខាងលើ និងធ្វើការបោសសម្អាតសត្វមាន់ ដែលអាចនិងកើតជំងឺផ្តាសាយបក្សី កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។

លោកសុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជុំវិញករណីផ្ទុះនូវជំងឺផ្តាសាយបក្សីក្នុងភូមិអូអាម កាលពីថ្ងៃទី២៩ ឆ្នាំមករា ឆ្នាំ២០១៨នោះ ខាងជំនាញបសុព្យាបាលបានចុះពិនិត្យ និងរកឃើញថា មាន់របស់បងប្អូនដែលកំពុងចិញ្ចឹមមានឆ្លងជំងឺផ្តាសាយបក្សី។ ប៉ុន្តែ ករណីនេះត្រូវបានជំនាញចុះធ្វើការទប់ស្កាត់ភ្លាម ហើយជាលទ្ធផលនៅមិនទាន់មានការរាត្បាតបន្តទៀតនោះទេ។

ចំណែកលោកប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងដែរថា ភ្លាមៗនៃព័ត៌មានថា មានជំងឺផ្តាសាយបក្សី ខាងមន្ទីរសុខាភិបាល ក៏បានចុះសិក្សាស្រាវជ្រាវផងដែរ ហើយរហូតមកដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមិនទាន់មានមនុស្សណាម្នាក់ឆ្លងពីសត្វមាន់នោះទេ។

ជាមួយគ្នានេះ លោកចឹង សុចន្ថា អភិបាលរងខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ជំងឺនេះ កុំឱ្យមានការរាតត្បាតឆ្លងទៅមនុស្ស ជាហេតុអាចនាំឱ្យមានការប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ។

ដោយឡែក លោកស្រីហេង ម៉ូរ៉ានី អនុប្រធាននាយកដ្ឋានបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងពន្យល់ប្រជាពលរដ្ឋថា ចំពោះករណីដែលសង្ស័យថាមានមាន់របស់បងប្អូន មានឈឺងាប់ជាបន្តបន្ទាប់នោះ សូមរាយការណ៍ទៅការិយាល័យកសិកម្ម ដែលមាននៅជិតផ្ទះភ្លាមៗ។

លោកស្រីបន្តថា យោងទៅតាមច្បាប់ស្តីពីសុខភាព និងផលិតកម្មសត្វនោះ គឺបំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុព្យាបាល។ ផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់លើរង្វង់កាំ ប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យនិងតាមដាន។ សិក្សាស្រាវជ្រាវពីប្រភពជំងឺផ្តាសាយបក្សី ក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំងចលនាបក្សីជាប្រចាំក្នុងរង្វង់ដែលមានប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ទុះជំងឺ។

ជាមួយគ្នានេះដែរ លោកស្រីហេង ម៉ូរ៉ានី បានសំណូមពរដល់ពេទ្យសត្វ ស្ថិតក្នុងច្រកទ្វាទ្វេភាគីឡាប៉ាខេ ត្រួវហាមប្រាមមិនឱ្យមានការនាំចូលសាច់សត្វពីប្រទេសវៀតណាម រយៈពេល១ខែផងដែរ៕

RELATED ARTICLES