ភ្នំពេញ ៖ យុវជនម្នាក់ ព្រោះតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត (បែកថ្នាំ) ក៏ធ្វើឱ្យអារម្មណ៍រវើរវាយលែងដឹងខុសត្រូវ ហ៊ានផ្លោះរបងចូលទៅក្នងផ្ទះប្រជាពលរដ្ឋទាំងព្រឹក និងប៉ុនប៉ងលោតចុះដីសម្លាប់ខ្លួនទៀតផង ជាហេតុធ្វើឱ្យម្ចាស់ផ្ទះភ័យស្លន់ស្លោ ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចព័ទ្ធចាប់យុវជនបែកថ្នាំ យកទៅសាកសួរ។
ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់មិនដឹងមកពីណា មិនស្គាល់អត្តសញ្ញាណ បានផ្លោះរបងរត់ឡើងលើរបងផ្ទះគេ ហើយស្រែកឡូឡា ហើយប្រុងលោតចុះមកក្រោម ធ្វើឱ្យពួកគាត់ភ័យ ក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឱ្យជួយអន្តរាគមន៍តែម្តង។
លោកដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាង បានឱ្យដឹងថា ពិតជាមានករណីយុវជនម្នាក់រត់ឡើងលើរបងផ្ទះពលរដ្ឋពិតមែន ដោយសង្ស័យថា យុវជនរូបនេះប្រើប្រាស់គ្រឿងញៀនលើសកំរិត ធ្វើឱ្យបាត់ការចងចាំវង្វេងស្មារតី ទើបទៅជាបែបនេះ។
លោកនាយប៉ុស្តិ៍ បន្តទៀតថា យុវជនខាងលើនេះមិនស្គាល់អត្តសញ្ញាណទេ ហើយមិនដឹងមកពីណាដែរ គ្រាន់តែពិនិត្យតាមភិនភាគ មានអាយុប្រហែលជាង២០ឆ្នាំប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយុវជនខាងលើទៅធ្វើការសាកសួរ រួចក៏បញ្ជូនទៅឱ្យមន្ទីរសង្គមកិច្ចចាត់ការបន្ត៕