ខេត្តតាកែវ ៖ បុរសម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចក៏កើតមានជម្លោះជាមួយប្រពន្ធបែកផ្សែង រហូតទ្រាំមិនបាន ក៏ស្ទុះទៅទាញដំបងសំពងប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង។
ស្ត្រីរងគ្រោះដែលត្រូវប្តីវាយឱ្យរងរបួសធ្ងន់ មានឈ្មោះឈិត ភឿន មុខរបរនៅផ្ទះ។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះប្រាក់ ចេក អាយុ៤៧ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ថា ប្តីរបស់គាត់តែងដើរផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ និងតែងរករឿងឈ្លោះប្រកែកជាមួយគាត់ជាប្រពន្ធមិនឈប់ ហើយពេលឈ្លោះគ្នាម្តងៗ ប្តីកំណាចនេះតែងប្រើកម្លាំងបាយដៃជើងដោះស្រាយបញ្ហារហូត។ លុះមកដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ប្តីនេះទើបនឹងត្រឡប់មកពីផឹកស្រាវិញ ក៏ស្រាប់តែរករឿងឈ្លោះប្រកែក ជេរបញ្ចោរគាត់ផ្អើលភូមិរួចហើយ ក៏ទាញដំបងស្ទុះមកវាយគាត់ បណ្តាលឱ្យរងរបួសជាំពេញខ្លួន។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធទ្រាំនឹងទង្វើកំណាចឃោរឃៅរបស់ប្តីលែងបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលបណ្តាលឱ្យមានអំពើហិង្សានេះ គឺដោយសារតែស្រវឹងស្រាខ្លាំងពេក។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕