Sunday, October 5, 2025
Homeព័ត៌មានជាតិគ្រាន់តែប្រាប់ថា "រំខាន" កុំឲ្យឈ្លោះគ្នាខ្លាំងពេក ស្រាប់តែផ្ទុះកំហឹងវាយផ្ទះគេខ្ទេច

គ្រាន់តែប្រាប់ថា “រំខាន” កុំឲ្យឈ្លោះគ្នាខ្លាំងពេក ស្រាប់តែផ្ទុះកំហឹងវាយផ្ទះគេខ្ទេច

ខេត្តព្រះសីហនុ ៖ ប្តីប្រពន្ធជនជាតិចិន ២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ធ្វើឱ្យរំខានដល់គេឯង រកពេលដេកពួនមិនបាន ទើបមានអ្នកជិតខាងម្នាក់បានចេញមកឃាត់ប្រាប់ កុំឱ្យឈ្លោះគ្នាឡូឡាខ្លាំងពេក រំខានដល់គេ ស្រាប់តែបុរសជនជាតិចិនជាប្តីផ្ទុះកំហឹង ក៏ទៅវាយកំទេចផ្ទះរបស់អ្នកជិតខាងម្នាក់នោះ  បណ្តាលឱ្យរងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន និងត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ខ្លួនជនជាតិចិនរូបនោះ យកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលក្នុងបុរី BS អូរ១ ស្ថិតក្នុងភូមិលេខ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនជាតិចិនដែលវាយផ្ទះរបស់អ្នកជិតខាង ឱ្យខូចខាត និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន មានឈ្មោះ អាគ័រ ភេទប្រុស អាយុ២៨ឆ្នាំ ប្រកបរបរបើកអាហារដ្ឋាន ក្នុងទីតាំងផ្ទះជួលក្នុងបុរី BS ខាងលើ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កហេតុជាជនជាតិចិន បានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធ ដោយបង្កសំឡេងរំខានយ៉ាងខ្លាំងដល់អ្នកជិតខាង។ លុះទ្រាំមិនបាន ម្ចាស់ផ្ទះរងគ្រោះខាងលើ ក៏បានចេញមកឃាត់ និងប្រាប់ជនបង្កហេតុរូបនោះ ឱ្យស្ងាត់ស្ងៀម កុំឡូឡា ឈ្លោះប្រកែកគ្នា នាំរំខានដល់អ្នកដទៃ ស្រាប់តែជនជាតិចិននោះ មិនត្រឹមតែមិនព្រមស្តាប់ទេ ថែមទាំងបានស្ទុះចេញមកវាយបំផ្លាញលំនៅដ្ឋានរបស់អ្នកជិតខាងរូបនេះ បណ្តាលឱ្យរងការខូចខាត បែកកញ្ចក់អស់ជាច្រើនផ្ទាំងទៀតផង។

ក្រោយកើតហេតុ ម្ចាស់ផ្ទះរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើ នាំយកទៅសាកសួរ។ លុះព្រឹកឡើងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនជាតិចិនបង្កហេតុខាងលើ យកមកស្នងការដ្ឋានដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES