Sunday, October 5, 2025
Homeព័ត៌មានជាតិអាជីវករលក់បន្លែ ជិះម៉ូតូត្រឡប់ពីផ្ទះពូ មកតាមផ្លូវជួបរឿងស៊យ

អាជីវករលក់បន្លែ ជិះម៉ូតូត្រឡប់ពីផ្ទះពូ មកតាមផ្លូវជួបរឿងស៊យ

​ភ្នំពេញ ៖ អាជីវករលក់បន្លែ២នាក់ប្តីប្រពន្ធ និងកូនតូចម្នាក់ បានជិះម៉ូតូមួយគ្រឿង ត្រឡប់មកពីលេងផ្ទះពូ​ ត្រូវបានជនសង្ស័យពីរនាក់ធ្វើការសកម្មភាពឆក់កាបូបបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ៥២៨ កែងនិងផ្លូវ២៨៧ ខាងមុខសាកលវិទ្យាល័យវេស្ទើន ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះជាប្តីមានឈ្មោះ សុ ចាន់បុត្រ អាយុ២៨ឆ្នាំ ជាអាជីវករបន្លែនៅផ្សារគីឡូលេខ៦ ស្នាក់នៅម្តុំស្ពានដែកចំការដូង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកឯប្រពន្ធមានឈ្មោះ ស សុខណា អាយុ៣១ឆ្នាំ ជាមុខរបរលក់បន្លែជាមួយគ្នា។

បើតាមសម្តីជនរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្តី រួមទាំងកូនប្រុសអាយុ១ឆ្នាំម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ​​ទើបតែចេញមកពីផ្ទះពូ នៅម្តុំផ្សារគីឡូលេខ៦ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្តុំស្ពានដែកចំការដូង ​បើកបរតាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិច ដោយគាត់អង្គុយពីក្រោយស្ពាយកាបូបដាក់ចំហៀងខ្លួន។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer-X មិនចាំស្លាកលេខ ជិះមកពីក្រោយ បាន​ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះជាប្រពន្ធបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព បន្ស​ល់​ទុកតែជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។

នៅក្នុងកាបូបដែលជនសង្ស័យធ្វើសកម្មភាពឆក់យកទៅបាត់នោះ មានលុយចំនួន៥០ម៉ឺនរៀល ទូរស័ព្ទដៃម៉ាកអាយហ្វូន មួយគ្រឿង ទូរស័ព្ទដៃ ម៉ាកសាំស៊ុង មួយគ្រឿង និងរបស់របរមួយចំនួនទៀត។ ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ គឺបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញដោយក្តីអស់សង្ឃឹម ៕

RELATED ARTICLES