Sunday, October 5, 2025
Homeព័ត៌មានជាតិធ្វេសប្រហែសមែន!!! ដាក់ដាំបាយរួច ទៅអង្គុយជជែកលេងផ្ទះអ្នកជិតខាង ភ្លើងឆេះផ្ទះម៉ត់

ធ្វេសប្រហែសមែន!!! ដាក់ដាំបាយរួច ទៅអង្គុយជជែកលេងផ្ទះអ្នកជិតខាង ភ្លើងឆេះផ្ទះម៉ត់

ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានដាក់ដាំបាយលើចង្ក្រានចោល រួចក៏ដើរចេញទៅអង្គុយជជែកលេងនៅផ្ទះអ្នកជិតខាងភ្លេចខ្លួន កន្លះម៉ោងក្រោយ ក៏ត្រូវអគ្គិភ័យឆាបឆេះផ្ទះខ្ទេចអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី មានម្ចាស់ឈ្មោះប៉េ រតនា ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរកសិករ។

តាមសម្តីស្ត្រីចំណាស់ជាម្ចាស់ផ្ទះបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនកើតហេតុ គាត់បានដាំបាយដូចសព្វដង លុះពេលដាក់ឆ្នាំងបាយលើចង្ក្រានអុសហើយ ក៏ដើរចេញទៅលេងផ្ទះអ្នកជិតខាងម្នាក់ ឈ្មោះបូរ៉ា ដែលនៅក្បែរគ្នានោះ។ លុះអង្គុយនិយាយគ្នាលេងភ្លេចខ្លួន ភ្លេចគិតថាខ្លួនកំពុងដាំបាយមួយ ស្រាប់តែរយៈពេលប្រមាណកន្លះម៉ោងក្រោយមក ក៏មានក្មេងរត់មកប្រាប់គាត់ថា ផ្ទះមីងមានភ្លើងឆេះចេញពីក្នុងផ្ទះបាយ ធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយពន្លត់ភ្លើង តែភ្លើងបានឆេះសន្ធោសន្ធៅពេញក្រមុំទៅហើយ ទោះបីអ្នកភូមិជួយពន្លត់យ៉ាងណា ក៏មិនអាចទប់ទល់បានដែរ ទីបំផុតគាត់បានត្រឹមឈរសម្លឹងមើលភ្លើងឆេះផ្ទះ ទាំងរន្ធត់ចិត្តប៉ុណ្ណោះ។

ស្ត្រីជាម្ចាស់ផ្ទះ បានបញ្ជាក់ថា ចំពោះទ្រព្យសម្បត្តិ និងសម្ភារដែលឆេះខូចខាតក្នុងគ្រោះអគ្គិភ័យខាងលើ រួមមាន ផ្ទះ១ខ្នង ប្រាក់ចំនួន៥០ម៉ឺនរៀល មាសចំនួន៥ហ៊ុន កង់ចំនួន៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

RELATED ARTICLES