Sunday, October 5, 2025
Homeព័ត៌មានជាតិចិត្តខ្លាំងណាស់!!! ផ្ទុះជម្លោះជាមួយបងស្រី ប្អូនប្រុសខឹងចិត្ត ចាក់សាំងដុតផ្ទះបាយឆេះម៉ត់

ចិត្តខ្លាំងណាស់!!! ផ្ទុះជម្លោះជាមួយបងស្រី ប្អូនប្រុសខឹងចិត្ត ចាក់សាំងដុតផ្ទះបាយឆេះម៉ត់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ក្រោយពីកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកជាមួយនឹងបងស្រីបង្កើត ក៏ផ្ទុះកំហឹងវាយបំផ្លាញរបស់របរប្រើប្រាស់ក្នុងផ្ទះបងស្រី បណ្តាលឱ្យរងការខូចខាតខ្ទេចអស់ លុះមិនទាន់រំសាយកំហឹងអស់ ក៏បែកគំនិតចាក់សាំងដុតផ្ទះបាយបងស្រី បណ្តាលឱ្យឆេះម៉ត់ក្លាយជាផេះផង់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ។

ផ្ទះបាយដែលត្រូវជនសង្ស័យដុតបំផ្លាញខ្ទេចអស់ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ ហង់ ផាក់ ភេទស្រី អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ដែលឈ្លោះប្រកែកជាមួយបងស្រីបង្កើតខ្លួនឯង រួចបែរជាបែកគំនិតដុតផ្ទះបាយបងស្រី បណ្តាលឱ្យឆេះគ្មានសល់ មានឈ្មោះហង់ សម្បត្តិ អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា ប្អូនប្រុសរបស់គាត់ម្នាក់នេះ គឺជាមនុស្សមានចរិតឆេវឆាវ កោងកាចខ្លាំងណាស់ និយាយស្តីប៉ះពាល់បន្តិចមិនបានទេ និងធ្លាក់រករឿងឈ្លោះប្រកែកជាមួយក្រុមគ្រួសារជាញឹកញាប់។ នៅមុនពេលកើតហេតុ គាត់និងជនសង្ស័យជាប្អូនប្រុស បានទាស់ពាក្យសម្តីជាមួយគ្នា រួចហើយជនសង្ស័យក៏បានស្ទុះវាយបំបែកពាងទឹក និងចានឆ្នាំងគាត់ខ្ទេចអស់ រួចហើយក៏បានទៅដុតបំផ្លាញផ្ទះបាយរបស់គាត់ បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង និងថែមទាំងស្រែកគំរាមកំហែងក្រុមគ្រួសាររបស់គាត់ទៀតផង។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើកំណាចឃោរឃៅរបស់ជនសង្ស័យជាប្អូនប្រុសមិនបាន ទើបស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានសម្រេចរាយការណ៍ប្តឹងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ចាប់ខ្លួនប្អូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបងស្រី រួចដុតផ្ទះបាយរបស់ បងស្រីបណ្តាលឱ្យឆេះអស់មែន មូលហេតុដោយសារតែខ្លួនបានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងស្រី។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពងស្ពឺ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES