ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានជនដៃដល់ចិត្តកំណាចមិនស្គាល់មុខម្នាក់ លបធ្វើសកម្មភាពកាប់ប្រហារចំនួន៤កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដេកសន្លប់ក្នុងថ្លុកឈាម សល់ដង្ហើមផ្តឹកៗ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ ភ្លាមៗ និងមិនទាន់ដឹងថា ជោគវាសនាជនរងគ្រោះនឹងទៅជាយ៉ាងណានៅឡើយ។
ករណីប៉ុនប៉ងឃាតកម្មខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងលិចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ។
បុរសរងគ្រោះដែលត្រូវជនដៃដល់លបកាប់ប្រហារប៉ងផ្តាច់យកជីវិត មានឈ្មោះអិត ធា អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយកាប់ប្រហារជនរងគ្រោះរួច បានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទើបនឹងដើរមកពីផ្ទះអ្នកជិតខាង បំណងត្រឡប់មកផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនដៃដល់មិនស្គាល់មុខម្នាក់ លបស្ទុះចូលទៅកាប់ប្រហារជនរងគ្រោះចំនួន៤កាំបិត ប៉ងផ្តាច់ជីវិតនៅនឹងកន្លែង បណ្តាលឱ្យជនរងគ្រោះដេកដួលសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមគួរឱ្យរន្ធត់។
ប្រភពដដែលបន្តថា បន្ទាប់ពីបាត់ជនរងគ្រោះយូរពេក ទើបក្រុមគ្រួសារបានដើរទៅតាមរក ស្រាប់តែប្រទះឃើញជនរងគ្រោះដេកដួលក្នុងថ្លុកឈាម តែនៅសល់ដង្ហើមផ្តឹកៗនៅឡើយ ទើបស្រែកឆោឡោផ្អើលអ្នកភូមិចោមរោមមើល រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែមិនទាន់ដឹងថា ជោគវាសនាជនរងគ្រោះទៅជាយ៉ាងណានោះទេ ព្រោះមើលទៅស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងណាស់។
សមត្ថកិច្ចជំនាញដែលចុះពិនិត្យ និងធ្វើកោសល្យវិច័យដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា ករណីនេះជាករណីប៉ុនប៉ងឃាតកម្ម ដោយឃាតករមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយជនដៃដល់បានធ្វើសកម្មភាពដោយប្រើកាំបិត កាប់និងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ចំនួន៤កន្លែង លើក្បាលខាងស្តាំ ចំនួន៣កន្លែង និងភ្នែកខាងស្តាំ ចំនួន១កន្លែង។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ជាបឋមថា ជនរងគ្រោះពិតជាត្រូវជនដៃដល់លួចធ្វើឃាតមែន គ្រាន់តែមិនដឹងថា មូលហេតុផ្តើមចេញពីរឿងអ្វីឱ្យពិតប្រាកដនៅឡើយ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវតាមវែកមុខឃាតករ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាម ច្បាប់។/