ខេត្តព្រះសីហនុ ៖ បុរសចិត្តក្តៅម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយប្រពន្ធរបស់ខ្លួន ទើបមួម៉ៅក្តៅចិត្តខ្លាំងពេក ក៏ធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងឆេះរាលដល់ផ្ទះអ្នកជិតខាងមួយខ្នងទៀត លុះឃើញភ្លើងឆេះទាំងផ្ទះខ្លួនឯង ហើយរាលឆេះដល់ផ្ទះគេទៀត ជនបង្កហេតុភ័យខ្លួន ក៏រត់គេចបាត់ស្រមោល។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង០៥នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្សារលើ ស្ថិតក្នុងក្រុមទី១៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនបង្កហេតុដែលឈ្លោះប្រកែកជាមួយប្រពន្ធ បែរជាបែកគំនិតដុតផ្ទះខ្លួនឯង ធ្វើឱ្យឆេះរាលដល់ផ្ទះអ្នកជិតខាងទៀតនោះ មានឈ្មោះម៉ែន សីហា ហៅផាឡូ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងជំហានដំបូងថា នៅវេលាម៉ោង០៥និង០៥នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ធ្វើអំពីឈើលើថ្មក្រោម មានទីតាំងស្ថិតក្រុមទី១៨ ភូមិ៣ សង្កាត់លេខ៤ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែល ដោយប្រើប្រាស់រថយន្តអស់ចំនួន៤គ្រឿង ក្នុងនោះ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង និងរថយន្តរបស់កងរាជអាវុធហត្ថ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ជាង១០រថយន្ត។
ប្រភពដដែលបន្តថា ចំពោះមូលហេតុនៃការឆាបឆេះនេះ បើយោងតាមប្រភពជំហានដំបូង បានសន្និដ្ឋានថា បណ្តាលមកពីទុស្សេខ្សែភ្លើងចេញពីផ្ទះឈ្មោះម៉ែន សីហា ហៅផាឡូ តែចំពោះទំហំនៃការខូចខាតបាត់បង់សម្ភារៈ គេនៅពុំទាន់អាចវាយតម្លៃបាននៅឡើយទេ គ្រាន់តែដឹងថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងពីរខ្នងខាងលើ ត្រូវបានភ្លើងឆេះទាំងស្រុង យកចេញបានតែរថយន្ត១គ្រឿង និងម៉ូតូ ១គ្រឿងតែប៉ុណ្ណោះ។
ប៉ុន្តែយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុ បានអះអាងថា អគ្គិភ័យនេះគឺបានបណ្តាលមកពីឈ្មោះម៉ែន សីហា ហៅផាឡូ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយបានយកថង់ប្លាស្ទិចដុតជាមួយស្លឹកទឹកដោះគោ ធ្វើឱ្យក្លាយជាអគ្គិភ័យឆាបឆេះ ហើយជនបង្កហេតុបានរត់គេចខ្លួនបាត់ ក្រោយអគ្គិភ័យឆាបឆេះខ្លាំង។
ប្រភពប្រជាពលរដ្ឋជាច្រើន បានអះអាងដូចៗគ្នាថា ជាញឹកញាប់ឈ្មោះម៉ែន សីហា ហៅផាឡូ នៅពេលឈ្លោះគ្នាជាមួយប្រពន្ធ តែងតែគំរាមដុតផ្ទះ តែនៅពេលថ្ងៃបានប្រជាពលរដ្ឋស្រែកម្នាក់មួយមាត់ ជួយពន្លត់ ទើបពុំមានអគ្គិភ័យកើតឡើងបាន។
ដោយឡែក តាមសម្តីស្ត្រីឈ្មោះខៀវ សា ហៅរក្សា ដែលមានលំនៅដ្ឋានក្បែរនោះដែរ បានអះអាងថា នៅវេលាម៉ោងកើតហេតុខាងលើ គាត់ទើបនឹងត្រឡប់មកពីធ្វើការ ហើយបានជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុ ក៏បានឃើញឈ្មោះម៉ែន សីហា ហៅផាឡូ កំពុងឈ្លោះជាមួយគ្នាជាមួយប្រពន្ធ នៅពេលនោះគាត់ក៏បានឈប់មើលពីចម្ងាយ ក៏ឃើញឈ្មោះម៉ែន សីហា ហៅផាឡូ បានយកថង់ប្លាស្ទិចដុតនៅលើផ្ទះ ដោយបានប្រមូលស្លឹកទឹកដោះគោងាប់យកទៅគរដុតជាមួយទៀតផង រួចហើយជនបង្កបានចុះមកក្រោម ក្រពាត់ដៃមើល លុះនៅពេលភ្លើងឆេះខ្លាំង ក៏ស្ទុះឡើងលើផ្ទះវិញ និងត្រូវបានភ្លើងរលាកផ្នែកខាងខ្នង រួចក៏រត់ចុះពីផ្ទះគេចខ្លួនបាត់តែម្តង។
ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីបុរសឈ្មោះម៉ែន សីហា ហៅផាឡូ ដែលទទួលរងការចោទប្រកាន់ថា បានឈ្លោះប្រកែកជាមួយប្រពន្ធ រួចដុតផ្ទះខ្លួនឯង ធ្វើឱ្យឆេះរាលដល់លំនៅដ្ឋានរបស់អ្នកជិតខាងរងការខូចខាតបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕