Sunday, October 5, 2025
Homeព័ត៌មានជាតិប្រុសខ្មែរស្នេហ៍ប្រុសបារាំង ឆ្លើយតបអ្នករិះគន់ថា "គ្រាន់តែរឿងប្រុសស្រលាញ់ប្រុសសោះ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ?"

ប្រុសខ្មែរស្នេហ៍ប្រុសបារាំង ឆ្លើយតបអ្នករិះគន់ថា “គ្រាន់តែរឿងប្រុសស្រលាញ់ប្រុសសោះ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ?”

ខេត្តក្រចេះ ៖ រឿងរ៉ាវស្នេហាកំលោះខ្មែរ ស្ម័គ្រចិត្តទទួលស្នេហ៍កំលោះបារាំង រហូតដល់យល់ព្រមដឹកដៃគ្នាចូលរោងការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ នៅឯក្រុងក្រចេះ ដែលធ្វើឱ្យមានមហាជនសម្តែងនូវការភ្ញាក់ផ្អើលផង រិះគន់ផង ចំពោះចំណងស្នេហ៍ដ៏ប្លែកមួយនេះ  ស្រាប់តែពេលនេះ សាមីខ្លួនកំលោះខ្មែរ ដែលទទួលស្នេហ៍កំលោះបារាំង បានចេញមុខមកឆ្លើយតបទៅនឹងការរិះគន់ទាំងឡាយថា គ្រាន់តែប្រុសស្រលាញ់ប្រុសប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ? ព្រោះរូបគេមិនមែនជាក្មេងពាល សេពគ្រឿងញៀន ប្រព្រឹត្តអំពើឆក់ប្លន់ បង្កភាពវឹកវរដល់សង្គមជាតិនោះឡើយ។

គួររំលឹកថា កំលោះជនជាតិខ្មែរ ឈ្មោះលឹក ចន្ទរតនា បានសម្រេចដឹកដៃបុរសជាគូស្នេហ៍សម្បូរពុកមាត់ពុកចង្កាជនជាតិបារាំង ចូលរោងការ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯគេហដ្ឋានខាងកំលោះខ្មែរ ស្ថិតក្នុងភូមិរការកណ្តាលទី២ សង្កាត់រការកណ្តាល ក្រុងក្រចេះ។

អាពាហ៍ពិពាហ៍ខាងលើ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចាត់ទុកថាជាអាពាហ៍ពិពាហ៍ដ៏ប្លែក និងមិនធ្លាប់មាននៅក្នុងស្រុកខ្មែរ ព្រោះថា គូស្វាមីភរិយាថ្មោងថ្មីនេះ ក្រៅពីជាមនុស្សប្រុសភេទដូចគ្នាហើយ អ្នកទាំងពីរគឺខុសជាតិសាសន៍គ្នាទៀតផង (កំលោះជនជាតិខ្មែរ និងកំលោះជនបរទេស)។ ជាមួយនេះ ក៏មានការរិះគន់ថា អាពាហ៍ពិពាហ៍មួយនេះ បានធ្វើឱ្យប្រាស់ចាកនឹងទំនៀមទម្លាប់ដ៏ផូរផង់របស់ប្រពៃណីខ្មែរ ពិសេសផ្ទុយពីច្បាប់ធម្មជាតិទៀតផង។

ឆ្លើយតបទៅនឹងការរិះគន់ខាងលើ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ សាមីខ្លួនកូនកំលោះជនជាតិខ្មែរ បានចេញមុខប្រតិកម្មតាមរយៈ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Chanratana Lik ថា “ គ្រាន់តែរឿងប្រុសស្រលាញ់ប្រុសសោះ ប៉ះពាល់ដល់សង្គមខ្លាំងណាស់មែនទេ ទាំងដែរខ្ញុំមិនមែនជាអ្នកសេពគប់គ្រឿងញៀន ក្មេងពាល លួច ឆក់ ប្លន់…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមថា “អាពាហ៍ពិពាហ៍ជាការព្រមព្រៀងរវាងមនុស្សពីរនាក់ ជាការសន្យាកាន់ដៃគ្នាដើរលើវិថីជីវិតរួមគ្នា ជាការត្រៀមខ្លួនទទួលយកលទ្ធផលវិជ្ជមាន ឬអវិជ្ជមាននៃក្តីស្រលាញ់ដែលខ្លួនជ្រើសរើស ដូច្នេះហ៊ានទទួលនូវអ្វីដែលអ្នកសម្រេចចិត្ត ព្រោះការរស់នៅជីវិតរួមគ្នានេះយូរជាងរយៈពេលដែលយើងធ្លាប់រស់នៅម្នាក់ឯង…”។

គួរបញ្ជាក់ថា កូនកម្លោះជនជាតិខ្មែរ ត្រូវបានគេស្គាល់ឈ្មោះលឹក ចន្ទរតនា អាយុ២៣ឆ្នាំ រស់នៅភូមិរការកណ្តាលទី២ សង្កាត់រការ កណ្តាល ក្រុងក្រចេះ ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ មានឪពុកជាគ្រូបង្រៀន ម្តាយជាអ្នកលក់ដូរ។ ចំណែកភាកីកូនកំលោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិបារាំង និងមានពុកមាត់ពុកចង្កាយ៉ាងក្រាស់ឃ្មឹក។

ពិធីមង្គលការភេទដូចគ្នា រវាងកូនកំលោះខ្មែរ និងកូនកំលោះបារាំងខាងលើនេះ បានរៀបចំឡើងតាមបែបប្រពៃណីខ្មែរ ក្រោមវត្តមានភ្ញៀវជនជាតិខ្មែរ និងភ្ញៀវជាជនបរទេសចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីជប់លៀងពិធីពិសាភោជនាហារ យ៉ាងសប្បាយក្អាកក្អាយ ចាប់ពីថ្ងៃរសៀលរហូតត្រឹមម៉ោង៩យប់ទៀតផង។

ជុំវិញការរៀបអាពាហ៍ពិពាហ៍ដ៏ចម្លែកខាងលើនេះ អាជ្ញាធរសង្កាត់រការកណ្តាល បានចាត់ទុកថាពិធីមង្គលការនេះជាមង្គលការខុសច្បាប់ ព្រោះថាកន្លងមកអាណាព្យាបាលខាងកូនកម្លោះជនជាតិខ្មែរ ធ្លាប់បានមកសុំធ្វើច្បាប់អាពាហ៍ពិពាហ៍ដែរ តែខាងអាជ្ញាធរមិនបានផ្តល់ជូននោះទេ។ លុះពេលអាជ្ញាធរមិនអនុញ្ញាតិឱ្យមានការរៀបអាពាហ៍ពិពាហ៍ អាណាព្យាបាលបានស្នើសុំមកអាជ្ញាធរធ្វើពិធីជប់លៀងតូចមួយទេ តែបែរជាលួចធ្វើពិធីមង្គលការទៅវិញ។

លោកឧត្តមសេនីយ៍ត្រី ព្រហ្ម ផានិត ស្នងការរងខេត្តក្រចេះ បានឱ្យដឹងទៀតថា នៅថ្ងៃមង្គលការនោះ គឺខាងនគរបាលអន្តោប្រវេសន៍ បានចុះមករារាំងមិនអនុញ្ញាតិឱ្យធ្វើតាមបែបប្រពៃណីនោះទេ ដោយតម្រូវឱ្យអាណាព្យាបាលខាងកូនកម្លោះជនជាតិខ្មែរ ធ្វើកិច្ចសន្យាជាមួយនឹងនគរបាល។ យ៉ាងណា លោកស្នងការរង បានចាត់ទុកថា ពិធីមង្គលការមួយនេះ គឺជាពិធីខុសច្បាប់ ព្រោះនៅប្រទេសកម្ពុជា មិនទាន់មានច្បាប់អនុញ្ញាតិលើការរៀបការជាមួយភេទដូចគ្នានៅឡើយ ម៉្យាងទៀតកូនកម្លោះថែមទាំងជាជនបរទេសទៀតផង៕

RELATED ARTICLES