ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត ខណៈដែលវីដេអូឃ្លីបមួយត្រូវបានបែកធ្លាយ បង្ហាញពីសកម្មភាពជនដៃដល់ជាឃាតករឈ្មោះ ផល ពេញ អតីតនាយប៉ុស្តិ៍អូរលែ និងបក្ខពួកគូកន កំពុងអង្គុយជជែកគ្នានៅក្នុងមន្ទីរឃុំឃាំង ដោយសើចសប្បាយក្អាកក្អាយ ហាក់ដូចជាមិនខ្វល់ខ្វាយពីរឿងអ្វីទាំងអស់ ជាហេតុធ្វើឱ្យស្ត្រីជាភរិយាសពមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះសេក វឌ្ឍនា ដែលជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ៣នាក់ ដែលត្រូវបានឃាតករចិត្តឃោរឃៅឈ្មោះផល ពេញ បានបាញ់សម្លាប់ បានផ្ទុះកំហឹងស្រែកទាមទាររកយុត្តិធម៌។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Linda Fashionshop ដែលគេដឹងថា ត្រូវជាភរិយាសពលោកសេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរួមសហការការពារដែនជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការអូររាំង ដែលត្រូវឃាតករឈ្មោះផល ពេញ ជានាយប៉ុស្តិ៍អូរលែ បាញ់សម្លាប់ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ បានបង្ហោះវីដេអូឃ្លីបចំនួន១ បង្ហាញពីសកម្មភាពរបស់ជនជាប់សង្ស័យជាឃាតករ រួមនឹងបក្ខពួកសរុបចំនួន៥នាក់ កំពុងអង្គុយជជែកគ្នាសើចសប្បាយ នៅក្នុងមន្ទីរឃុំឃាំង ទាំងដៃជាប់ខ្នោះ។
ជាមួយនេះ ម្ចាស់គណនី Linda Fashionshop បានសរសេរសារមួយបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តថា “គ្រួសារខ្ញុំ មានទុក្ខប៉ុនភ្នំ ព្រាត់ប្រាស់គ្រួសារ ចំណែកឯអ្នកសម្លាប់ប្តីខ្ញុំ សើចសប្បាយដូចជាគ្មានរឿងអ្វីសោះ តើចំណាត់ការទៅលើវាយ៉ាងណា រឺក៏មានខ្នងបង្អែកដូចគេថា សូមមេត្តាជួយចែករំលែកតគ្នាផង…”។
យោងតាមរយៈវីដេអូឃ្លីបរយៈពេល៤៤វិនាទី ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការសន្និដ្ឋានថា វីដេអូនេះត្រូវបានថតដោយមន្ត្រីនគរបាល និងបានថតចេញពីមន្ទីរឃុំខ្លួនបណ្តោះអាសន្នក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាទីដែលសមត្ថកិច្ចបញ្ជូនខ្លួនក្រុមជនសង្ស័យជាឃាតករទាំង៥នាក់ ទៅឃុំជុំគ្នា មុននឹងបញ្ជូនខ្លួនឡើងទៅតុលាការ ចាត់ការបន្តតាមច្បាប់។
នៅក្នុងវីដេអូឃ្លីបនោះ គេឃើញមនុស្សប្រុសចំនួន៥នាក់ ដែលក្នុងនោះមានម្នាក់ត្រូវបានគេស្គាល់មុខថាជាឈ្មោះផល ពេញ ជាអតីតនាយប៉ុស្តិ៍អូរលែ និងជាជនដៃដល់បាញ់សម្លាប់មន្ត្រីការពារព្រៃឈើ ចំនួន៣នាក់ បានអង្គុយវាយភ្នែកជុំទល់មុខគ្នាជាមួយនឹងបក្ខពួក៤នាក់ទៀត និងបានជជែកគ្នាយ៉ាងសប្បាយក្អាកក្អាយ ទាំងដៃកំពុងជាប់ខ្នោះ ហើយបើទោះជាសំឡេងនៃការជជែកគ្នានោះ គេមិនអាចស្តាប់បានមែន ប៉ុន្តែ សំណើច និងទឹកមុខរីករាយរបស់ក្រុមជនសង្ស័យជាឃាតករទាំងនោះ ហាក់បង្ហាញពីអារម្មណ៍ថា ពួកគេហាក់មិនខ្វល់ខ្វាយជាមួយនឹងទោសទណ្ឌដែលពួកគេកំពុងប្រឈមមុខសោះឡើយ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ មានហេតុការណ៍បាញ់ប្រហារមួយ បានកើតឡើងនៅចំណុចដែនជម្រកសត្វព្រៃកែវសីមា ក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលបង្កឡើងដោយនាយប៉ុស្តិ៍អូរលែ ឈ្មោះផល ពេញ និងបណ្តាលឱ្យមន្ត្រីការពារព្រៃឈើចំនួន៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដែលក្នុងនោះ រួមមានទី១-ឈ្មោះតឿន សុខណៃ ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការអូររាំង ទី២-ឈ្មោះសេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរួមសហការ និងទី៣-ឈ្មោះធួន ខ្នារ ជាមន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃ WCS ផ្នែកផែនទី (GPS)។
គួរបញ្ជាក់ថា លោកសេក វឌ្ឍនា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ មានភរិយានិងកូនស្រីតូចៗចំនួន២នាក់ ដោយក្នុងនោះកូនច្បងអាយុ៥ឆ្នាំ ចំណែកកូនពៅទើបនឹងមានអាយុ២ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានចូលបម្រើការងារជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងឆ្នាំ២០១៦ លោកបានផ្លាស់មកកាន់កែវសីមា និងបានចូលបម្រើការងារជាមន្ត្រីសមភាគីកងរាជអាវុធហត្ថ និងជាសមាជិកក្រុមល្បាត។ លោកវឌ្ឍនា បានធ្វើការជាមួយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងក្រុមល្បាតសហគមន៍ ដើម្បីការពារដែនជម្រកសត្វព្រៃកែវសីមា នេះ។ លោកគឺជាមន្ត្រីឧស្សាហ៍ព្យាយាម និងទទួលបានការគោរពស្រលាញ់ពីសមាជិកក្រុម ហើយនិងស្ថិតនៅក្នុងចិត្តមិត្តរួមការងាររបស់លោកទាំងអស់៕