Sunday, October 5, 2025
Homeព័ត៌មានជាតិប្រុសសន្សំរូបអាក្រាតកាយ ជំរិតទារលុយជាង៤មុឺនដុល្លារ ស្រីអស់លទ្ធភាពផ្តល់ឲ្យ ប្តឹងប៉ូលិសចាប់វាយខ្នោះ

ប្រុសសន្សំរូបអាក្រាតកាយ ជំរិតទារលុយជាង៤មុឺនដុល្លារ ស្រីអស់លទ្ធភាពផ្តល់ឲ្យ ប្តឹងប៉ូលិសចាប់វាយខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់បានទាក់ទងស្នេហាតាមហ្វេសប៊ុកជាមួយស្ត្រីមានប្តីម្នាក់ ដែលធ្វើការនៅប្រទេសកូរ៉េ លុះខាងស្រីលង់ស្នេហ៍ ក៏ល្បួងឱ្យនាងរួមសិចតាមឆាត ដោយថតរូប និងឡាយវីដេអូអាក្រាតកាយជាមួយគ្នាទៅវិញទៅមក លុះចុងក្រោយ ខាងប្រុសសន្សំរូបអាក្រាតខាងស្រីទុក បន្ទាប់មកក៏ធ្វើសកម្មភាពគំរាមជំរិតទារលុយពីខាងស្រី ជាថ្នូរនឹងការមិនទម្លាយរូបទាំងនេះឱ្យគ្រួសារ  និងបុរសជាប្តីដឹង ដោយជំរិតទារប្រាក់ពីខាងស្រីជាបន្តបន្ទាប់បានរហូតដល់ទៅជាង៤ម៉ឺនដុល្លារ ទីបំផុត ស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្ថានីយប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។

ជនសង្ស័យមានឈ្មោះផា ផាន់ណា អាយុ៣២ឆ្នាំ មានលំនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ។ រីឯនារីរងគ្រោះឈ្មោះ ទ.ច.ម.ន  អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរពលការីនីបម្រើការនៅប្រទេសកូរ៉េ ផ្នែកគ្រឿងឡាន។

ក្នុងការចាប់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ក្រដាសលេខកូដ Wing ចំនួន១៥សន្លឹក សរុបប្រាក់មានចំនួន១២៨២០ដុល្លារ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-9967 ចំនួន១គ្រឿង ទូរស័ព្ទ១គ្រឿង កាបូបដៃចំនួន១ មានប្រាក់៣០ដុល្លារ អត្តសញ្ញាណប័ណ្ណ១សន្លឹក ខ្សែដៃប្លាទីន១ខ្សែ ខ្សែក១ខ្សែ ចិញ្ចៀន១វង់ និងខ្សែចង្កេះ១ខ្សែ ធ្វើអំពីប្រាក់។ ដោយឡែក ទ្រព្យសម្បត្តិបាត់បង់ រួមមានប្រាក់សរុបចំនួន៤៣០០០ដុល្លារ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីស្ត្រីរងគ្រោះទៅធ្វើការនៅប្រទេសកូរ៉េបាត់ទៅ ជនសង្ស័យនិងប្តីស្ត្រីរងគ្រោះបានស្គាល់គ្នាតាមរយៈការរៀនភាសារកូរ៉េ នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយរាប់អានគ្នាជាមិត្តភក្តិ រហូតជនសង្ស័យក្លាយជាគ្រូបង្គោលរៀនភាសាកូរ៉េ ជាលក្ខណៈគ្រួសារ និងស្នាក់នៅផ្ទះជាមួយក្រុមគ្រួសារស្ត្រីរងគ្រោះផងដែរ។ លុះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបានសុំច្បាប់ថៅកែរបស់ខ្លួនមកប្រទេសកម្ពុជាវិញ ដើម្បីរៀបអាពាហ៍ពិពាហ៍។ លុះរៀបការហើយ បានរយៈពេល៥ថ្ងៃ ស្ត្រីរងគ្រោះបានត្រឡប់ទៅប្រទេសកូរ៉េ ដើម្បីធ្វើការបន្តវិញ។ ចាប់តាំងពីអំឡុងពេលដែលស្ត្រីរងគ្រោះរៀបការរួចហើយនោះ ជនសង្ស័យក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះតាមរយៈសង្គមហ្វេសប៊ុករហូតបានរយៈពេលជាងពីរខែ គឺចាប់ពីខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យនិងជនរងគ្រោះ តែងតែឆាតផ្ញើសារតបគ្នាទៅវិញទៅមក តាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងស៊ីជម្រៅ រហូតឈានដល់សុំស្រឡាញ់គ្នាទៀតផង។

ប្រភពដដែលបន្តថា ក្រោយពីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត និងសាររហូតឈានដល់ការស្រលាញ់គ្នារួចមក ជនសង្ស័យ និងជនរងគ្រោះក៏បានឆាតជាវីដេអូដោយថតបង្ហាញកេរ្តិ៍ភេទឱ្យគ្នាមើលទៅវិញទៅមក ខណៈដែលស្ត្រីរងគ្រោះកំពុងធ្វើការនៅប្រទេសកូរ៉េ។ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យបានបែកគំនិតប្រើមធ្យោបាយទារប្រាក់ពីជនរងគ្រោះ ដោយគំរាមកំហែងថា បើមិនវេរលុយមកឱ្យខ្លួន (ជនសង្ស័យ) ទេ ខ្លួននិងបង្ហាញរូបភាពអាក្រាតកាយទៅប្រាប់ក្រុមគ្រួសារ និងប្តីស្ត្រីរងគ្រោះឱ្យដឹងហើយ។ ឮបែបនេះ ធ្វើឱ្យស្ត្រីរងគ្រោះមានការភ័យខ្លាច និងខ្លាចមានភាពអាម៉ាស់ផង ក៏យល់ព្រមផ្ញើរប្រាក់ទៅឱ្យជនសង្ស័យជាបន្តបន្ទាប់ សរុបទាំងអស់មានចំនួន៤៣០០០ដុល្លារឯណោះ។ រហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដោយស្ត្រីរងគ្រោះអស់លទ្ធភាពក្នុងរកលុយ ដើម្បីផ្ញើឱ្យជនសង្ស័យស្ត្រីរងគ្រោះ ក៏ត្រឡប់មកស្រុកប្រទេសកម្ពុជាវិញ រួចបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ស្វែងរកជនសង្ស័យចាត់ការតាមនីតិវិធី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះសមត្ថកិច្ចក៏បានស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ស្ថានីយ៍ប្រេងឥន្ធនៈ LHR ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES