ភ្នំពេញ ៖ ស្ត្រីរូបស្រស់សោភាម្នាក់ បានស្ម័គ្រទទួលយកបុរសពោះម៉ាយជាប្តី ដោយមិនបានរៀបចំមង្គលការ ឬសែនព្រេនអ្វីនោះទេ លុះរួមរស់នឹងគ្នាអស់រយៈពេលជិត១ឆ្នាំ ស្គាល់តែទឹកភ្នែក ដោយសារតែប្តីពូកែប្រចណ្ឌប្រើហិង្សាវាយដំជារៀងរាល់ថ្ងៃ និងធ្លាប់ចាក់សោបង្ខាំងក្នុងបន្ទប់ជាញឹកញាប់ទៀត រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏សម្រេចរត់រកអាជ្ញាធរឱ្យជួយដោះស្រាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះជាប្រពន្ធសុំមិនបង្ហាញអត្តសញ្ញាណ ដោយគ្រាន់តែប្រាប់ថា មានរបរកម្មការនីរោងចក្រ។ ចំណែកបុរសជាប្តីិហេងស៊យ មានឈ្មោះសៅ ជាត អាយុ២៨ឆ្នាំ មុខរបរជាងដែក សព្វថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ទាំងអួលដើមកថា នាងនិងប្តីឈ្មោះសៅ ជាត បានស្រឡាញ់គ្នាដោយចិត្តនឹងចិត្ត គឺមិនបានរៀបការតាមប្រពៃណីដូចគេដទៃឡើយ ដោយដំបូងឡើយ ប្តីនេះបានមកទាក់ទង និងសុំស្រឡាញ់នាងដោយចិត្តស្មោះអស់ពីបេះដូង ចំណែកនាងក្រោយពីសង្កេតមើលចិត្តគំនិត និងពិចារណាអស់ជាច្រើនខែរួចមក ក៏យល់ព្រមទទួលយកបុរសនេះមកធ្វើជាគូអនាគត ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ គឺយកគ្នាដោយចិត្តនិងចិត្ត រួចក៏រស់នៅជាមួយគ្នាដូចប្តី និងប្រពន្ធដោយជួលបន្ទប់មួយរស់នៅជាមួយគ្នាតែម្តង។
ស្ត្រីរងគ្រោះបន្តថា តាំងពីចាប់ដៃគ្នារកស៊ីមក មុនដំបូង ប្តីប្រពន្ធនាងមិនដែលមានភាពរកាំរកូសអ្វីនៅក្នុងគ្រួសារឡើយ គឺព្រឹកឡើងនាំគ្នារៀបចំទៅធ្វើការៀងៗខ្លួន លុះចេញពីធ្វើការមកផ្ទះជួបជុំគ្នារួមរស់យ៉ាងផ្អែមល្ហែម។ រហូតមកដល់រយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្តីចេះតែរករឿងនាងមិនឈប់មិនឈរ មានពេលខ្លះបង្កហិង្សាដាក់នាង រហូតដល់ជាំមុខជាំមាត់ទៀតផង ហើយពេលខ្លះចាក់សោបង្ខាំងនាងឱ្យនៅតែក្នុងបន្ទប់ជាញឹកញាប់ទៀត ហើយថែមទាំងមិនដែលមានលុយកាក់ឱ្យប្រពន្ធទុកដាក់នោះឡើយ ទើបនាងជាប្រពន្ធទ្រាំលែងបាន ក៏សម្រេចមកពឹងពាក់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។
ក្រោយពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ក៏បានទាក់ទងទៅខាងបុរសជាប្តី ឱ្យចូលខ្លួនមកទទួលការអប់រំណែនាំ និងធ្វើការកិច្ចសន្យាឱ្យបញ្ឈប់អំពើហិង្សាទៅលើប្រពន្ធទៀត រួចទើបអនុញ្ញាតឱ្យភាគីប្តីប្រពន្ធត្រឡប់ទៅបន្ទប់ជួលវិញជាធម្មតា៕